ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​របស់​លោក Trump មិន​ចង់​ឲ្យ​លោក​ចូល​ធ្វើ​សក្ខីកម្ម​លើ​ករណី​ការស៊ើបអង្កេត​ពី​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ស.រ.អា


លោក Rudy Giuliani មេធាវី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

លោក Rudy Giuliani មេធាវី​របស់​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​និយាយ​ថា​ វា​គឺ​ជា​សំណួរ​បើកចំហរ​ថាតើ​លោក Trump នឹង​ឆ្លើយសំណួរ​របស់​ក្រុម​រដ្ឋអាជ្ញា​ដែល​កំពុង​ធ្វើ​ការស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​ចូល​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦ឬ​យ៉ាងណា​ ប៉ុន្តែ​ក្រុមមេធាវី​របស់​លោក​មិន​ចង់​ឲ្យ​លោក Trump ចូល​ធ្វើ​សក្ខីកម្ម​នោះ​ទេ។

លោក Trump បាន​និយាយ​ជា​យូរ​មក​ហើយ​ថា​លោកចង់​ចូល​ឆ្លើយ​សំណួរ​របស់​លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស ដែល​ដឹក​នាំ​ការស៊ើបអង្កេត​នេះ​ប៉ុន្តែ​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​លោក Giuliani បាន​ប្រាប់​សារព័ត៌មាន ABC ថា «ក្រុមមេធាវី​កំពុង​ពិភាក្សាគ្នា​អំពី​សំណើ​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ​ចូល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ។

លោក Giuliani បាន​ថ្លែង​ថា​លោក Trump អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដោយ​មិន​ដឹង​ខ្លួន។ លោក Giuliani ដែល​ជា​អតីត​ចៅហ្វាយ​ក្រុងញូវយ៉ក​រូប​នេះ​បាន​និយាយ​ថា​ ក្រុមមេធាវី​របស់​លោក Trump ប្រហែល​ជា​អនុញ្ញាត​ឲ្យ​លោក​ចូល​ឆ្លើយ​សំណួរ​ ប្រសិន​បើ​ត្រូវ​បាន​គេ​សង្ខេប​ឲ្យ​ដឹង​ពី​សំណួរ​ទាំង​នោះ​ជាមុន​ បើ​មិន​ដូច្នោះ​ទេ​ ក្រុមមេធាវី​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ Trump​ ចូល​ធ្វើ​សក្ខីកម្ម​នោះ​ទេ។ លោក Giuliani បាន​ថ្លែង​ថា​ ក្រុមមេធាវី​របស់​លោក Trump នឹង​ប្រាប់​ទៅ​ក្រុមការងារ​របស់​លោក Mueller ថា «ពួកគេ​បាន​ទទួល​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​ត្រូវ​ការ​រួច​ទៅ​ហើយ ដូចជា​ឯកសារ​កម្រាស់​ជាង១លានទំព័រ​ និង​សាក្សី​ចំនួន២៨នាក់​ ដើម្បីបញ្ចប់​ការស៊ើបអង្កេត​មួយ​នេះ៕

XS
SM
MD
LG