ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង FBI ​ឆ្មក់​ចូល​ការិយាល័យ​មេធាវី​របស់​លោក Trump


ប៉ូលិស និង​សន្តិសុខ​ឈរ​នៅ​ខាង​ក្រៅ​អគារ 30 Rockefeller Plaza ដែល​ជា​ទីតាំង​នៃ​ការិយាល័យ​របស់​លោក​មេធាវី Michael Cohen ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

កងកម្លាំង FBI បាន​ឆ្មក់​ចូល​ការិយាល័យ​របស់​លោក Michael Cohen ដែល​ជា​មេធាវី​ផ្ទាល់ខ្លួន​របស់​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump និង​បាន​រឹបអូស​ឯកសារ​មួយ​ចំនួន​ រួមទាំង​ឯកសារ​ពាក់ព័ន្ថ​នឹង​ការ​ចោទប្រកាន់​ករណី​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក Trump ជាមួយ​នឹង​តារា​ភាពយន្តវ័យ​ក្មេង។ នេះបើ​យោង​តាម​សេចក្តី​រាយករាណ៍​របស់​កាសែត The New York Times។

មេធាវី​របស់​លោក Cohen គឺ​លោក Stephen Ryan បាន​ថ្លែង​ថា​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​ទទួល​ដីកា​ចុះ​ឆែកឆេរ​ បន្ទាប់​ពី​មាន​ការ​អះអាង​បញ្ជាក់​ពី​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller។

លោក Ryan បាន​ចាត់​ទុក​ការ​ចុះ​ឆែកឆេរ​នេះ​ថា​ជា «ទង្វើ​មិន​សមស្រប​ និង​មិន​ចាំបាច់»។

កាសែត The New York Times បាន​រាយការណ៍​ថា​ភ្នាក់ងារ FBI បាន​រឹបអូស​យក​ឯកសារទាក់ទង​រវាង​លោក Cohen និង​លោក Trump។

លោក Cohen បាន​ចំណាយ​ប្រាក់​ទៅ​ឲ្យ​តារា​ភាពយន្ត​អាសអាភាស​ឈ្មោះ Stormy Daniels ចំនួន​១៣ម៉ឺនដុល្លារ​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦ ដើម្បី​បំបិទមាត់​កុំ​ឲ្យ​នាង​បន្ត​ចោទប្រកាន់​ទំនាក់ទំនង​អាស្រូវ​ជាមួយ​លោក Trump ។

លោក Trump បាន​និយាយ​ថា​លោក​មិន​បាន​ដឹង​ពី​ការ​បង់ប្រាក់​នេះ​ទេ​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ច្បាប់​មួយចំនួន​ជឿ​ថា​អាច​ជា​ការ​ចូលរួម​ចំណែក​ធ្វើ​យុទ្ធនាការ​ខុស​ច្បាប់៕

XS
SM
MD
LG