ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បែង​ចែក​បក្ស​ពួក​និយម​នៃ​សវនាការ​បញ្ជាក់​ការ​ជ្រើសតាំង​គណៈរដ្ឋមន្ត្រី​របស់​លោក Trump


ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ឯ​វិមាន​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

កាល​ពី​ថ្ងៃ​អង្គារ ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​បេក្ខជន​គណៈរដ្ឋមន្ត្រី​ទី ៤ របស់​លោក Trump គឺ​លោក​ស្រី​ចៅហ្វាយ​ក្រុង Nikki Haley ឲ្យ​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ សម្រាប់​រដ្ឋបាល​របស់​លោក​។ ​

វិមាន Capitol ជា​កន្លែង​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ ចោទប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ ថា​បាន​ចំណាយ​ថវិកា​ច្រើន និង​ប្រើ​យុទ្ធសាស្ត្រ​ពន្យារពេល​ដ៏​គ្រោះ​ថ្នាក់ ខណៈ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ទទូច​ថា ពួក​គេ​កំពុង​ធ្វើ​កិច្ចការ​របស់​ពួក​គេ តាម​តម្រូវ​ការ​របស់​រដ្ឋ​ធម្មនុញ្ញ។

កន្លងមក សវនាការ​បាន​ផ្ដល់​ការ​អនុម័តលើ​បេក្ខភាព​គណៈរដ្ឋ​មន្ត្រី​ដែល​រួម​មាន​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ លោក John Mattis និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ លោក John Kelly ក៏​ដូចជា​នាយក​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA លោក Mike Pompeo។ ហើយ​បេក្ខជន​គណៈរដ្ឋមន្ត្រី​សំខាន់ៗ ជាង ១០ រូប​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​របស់​ព្រឹទ្ធសភា។

អ្នកនាំពាក្យ​សេតវិមាន​ លោក Sean Spicer បាន​និយាយ​ថា៖ «យើង​អង្គុយ​ទី​នេះ ចោទសួរ​ពី​របៀបវារៈ​ទៅ​ថ្ងៃ​អនាគតរបស់​លោក​ប្រធានាធិបតី នៅ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ពន្យា​ពេល​ក្នុង​ការ​អនុម័ត​លើគណៈរដ្ឋមន្ត្រី​របស់​លោក Trump ជា​ច្រើន​នាក់​។ យើង​ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ។ សេដ្ឋកិច្ច​ និង​សុវត្ថិភាព​របស់​ប្រទេស​យើង​ជា​រឿង​សំខាន់»។​

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ភាគ​តិច​របស់​គណបក្ស​ប្រជាធិបតេយ្យ មិន​អាច​រារាំង​បេក្ខជន​តាម​ចិត្ត​របស់​ពួកគេ​ទេ​។ ប៉ុន្តែ​ពួក​គេ​អាច​ពន្យារ​ការ​បោះឆ្នោត​អនុម័ត​បាន​ប៉ុន្មានថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​ស្រងាកចិត្ត ដែល​ករណី​នេះ​បាន​កើត​ឡើង​ទៅ​លើ​បេក្ខជន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក Rex Tillerson។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ លោក Bob Corker បាន​និយាយ​ថា៖ «ក្នុង​ពេល​មួយ​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក នៅ​ពេល​ដែល​មាន​កិច្ច​ការ​ជា​ច្រើន​ ដែល​យើង​ត្រូវ​ធ្វើ​ជុំវិញ​ពិភព​លោក​ ​ការ​បដិសេធ​មនុស្ស​ម្នាក់​ ដែល​គង់​តែ​ត្រូវ​បាន​ទទួល​ការ​អនុម័ត​នោះ ​វា​គ្រាន់​តែ​ជា​ការ​គុំកួន​ប៉ុណ្ណោះ»។

សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក CHUCK SCHUMER បាន​និយាយ​ថា៖ «យើង​មានមោទនភាព​ចំពោះ​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ»។​

ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ផ្ដល់​ការ​សូម​អភ័យទោស​ឡើយ។​

លោក Schumer បន្ត​ថា៖ «តើ​វា​មិន​មែន​ជា​កាតព្វកិច្ច​របស់​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ទេ​ឬ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បាន​ពិនិត្យ​ពិច័យ​បេក្ខជន​ទាំង​ឡាយ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ? ពួក​គេ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ធំ​ធេង​ចំពោះ​ជីវិត​របស់​ពលរដ្ឋ​អាមេរិក​គ្រប់រូប​។ ហើយ​ការ​ចំណាយ​ពេល​បន្តិច​បន្តួច ក្នុង​ការ​ពនិត្យ​មើល​លើ​ការ​គិត​របស់​ពួកគេ និង​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​ ពិត​ជា​មាន​តម្លៃ»។​

សមាជិកព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​បាន​កត់​សម្គាល់​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០០៩ ពួកគេ​បាន​ជួយ​ពន្លឿន​ដំណើរ​ការ​ផ្ដល់​ការ​អនុម័ត​បេក្ខជន​ដែល​តែង​តាំង​ដោយ​លោក​ប្រធានាធិបតី Obama។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ លោក Jogn Cornyn បាន​លើក​ឡើង​ថា៖ «នៅ​ពេល​ដែល​លោក​ Obama ចូល​កាន់​តំណែង​បាន​ ៥ថ្ងៃ ​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​ ១៤ រូប​ត្រូវ​បាន​អនុម័ត។ ក្នុងអំឡុងពេល ៥ថ្ងៃ នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump ​ទើប​តែ​មាន​បី​រូប​ប៉ុណ្ណោះ។ មិត្ត​របស់​យើង​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​គួរ​តែ​ទទួល​ស្គាល់​ការ​ពិត​ថា ការបោះឆ្នោត​បាន​កន្លង​ផុត​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​អភិបាល​កិច្ច»។​

យ៉ាង​ណា​ក៏​ដោយ​ ​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា​ បេក្ខជន​ដែល​លោក Trump ជ្រើស​រើស​មាន​សភាព​ខុស​ប្លែក​ពី​គេ និង​តម្រូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​ដោយ​ហ្មត់ចត់។​

លោក Schumer និយាយ​ទៀត​ថា៖ «យើង​ហៅ​គណៈរដ្ឋមន្ត្រី​នេះ​ថា​ជា​គណៈរដ្ឋមន្ត្រី​ដែល​នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះ ដែល​មាន​សុទ្ធ​តែ​សេដ្ឋី និង​មហាសេដ្ឋី។ មិន​ដែល​មាន​គណៈ​រដ្ឋ​មន្ត្រី​ណា​ដែល​មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​ច្រើន​ដូច្នេះ​ទេ។ ហើយ​ក៏​មិនដែល​មាន​គណៈរដ្ឋមន្ត្រី​ណា​ដែល​សម្បូរទៅដោយ​អ្នក​មាន​សក្ដានុពល​ខ្លាំង​លើ​បញ្ហាទំនាស់​ផល​ប្រយោជន៍​ដូច្នេះ​ដែរ»។​

ជា​មួយ​សមាជិក​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​ អាច​ផ្ដល់​ការ​អនុម័ត​លើបេក្ខភាព​គណៈរដ្ឋ​មន្ត្រី​ដែល​លោក​ Trump ជ្រើស​រើស​គ្រប់​រូប​បាន​ ដោយ​មិន​ចាំបាច់​មាន​ការ​គាំទ្រ​ពី​ភាគី​គណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ​មាន​ចំណោទ​មួយ​ថា៖ តើ​ធ្វើ​ទៅ​បាន​លឿន​ប៉ុណ្ណា?

​ប្រែ​សម្រួល​ដោយ៖ សឿន វឌ្ឍនា

XS
SM
MD
LG