សភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានស្នើឲ្យអតីតប្រធានាធិបតីលោក Donald Trump ផ្ដល់សក្ខីកម្មក្រោមពាក្យសម្បថ នៅក្នុងសវនាការកាត់ទោសលោកនៅក្នុងព្រឹទ្ធសភា។ ទីប្រឹក្សាម្នាក់របស់លោក Trump បានឲ្យដឹងថា លោក Trump បានបដិសេធសំណើនេះ។
រដ្ឋអាជ្ញាដឹកនាំសវនាការកាត់ទោសនេះលោក Jamie Raskin បានស្នើសុំក្នុងលិខិតមួយច្បាប់ផ្ញើតាមអ៊ីមែល កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់លោកអតីតប្រធានាធិបតី Trump ឲ្យផ្ដល់សក្ខីកម្ម «មិនថាមុន ឬអំឡុងពេល» នៃសវនាការដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៩ ខែកុម្ភ:ខាងមុខនេះទេ។
លោក Raskin បានសរសេរថា៖ «បើសិនជាលោកបដិសេធការអញ្ជើញនេះ យើងខ្ញុំសូមរក្សាសិទ្ធិគ្រប់យ៉ាង រួមទាំងសិទ្ធិជំនុំជម្រះនៅសវនាការ ដែលការបដិសេធមិនផ្ដល់សក្ខីកម្មរបស់លោក គាំទ្រយ៉ាងខ្លាំងលើសេចក្ដីសន្និដ្ឋានមួយ ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកក្នុងព្រឹត្តិការណ៍ [បះបោរនៅវិមានសភាសហរដ្ឋអាមេរិក] កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១»។
លោក Jason Miller ទីប្រឹក្សារបស់លោក Trump បាននិយាយថា លោក Trump នឹងមិនផ្ដល់សក្ខីកម្មនៅក្នុងដំណើរការមួយ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ»។
ប៉ុន្មានម៉ោងក្រោយមកមេធាវីរបស់លោក Trump លោក Bruce Caster និងលោក David Schoen បាននិយាយថាលិខិតរបស់លោក Raskin បង្ហាញថា គណបក្សប្រជាធិបតេយ្យ «មិនអាចបង្ហាញពីការចោទប្រកាន់» របស់ខ្លួនបានទេ ហើយថាការយកសវនាការកាត់ទោសលោកមកលេង គឺជារឿងធ្ងន់ធ្ងរជ្រុលពេកហើយ។
លោក Trump ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យក្រុមអ្នកគាំទ្រលោក លុកលុយចូលក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករាកន្លងទៅនេះ៕