សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសំខាន់ៗ២រូប ខាងគណបក្សសាធារណរដ្ឋគឺលោក Marco Rubio និងលោក Mitt Romney ខ្វែងគំនិតគ្នាយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ អំពីភាពត្រឹមត្រូវនៃការកាត់ទោសប្តឹងទម្លាក់អតីតប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋចេញពីតំណែង។
លោក Trump បានរងការចោទប្រកាន់ពីការញុះញង់ឲ្យមានការបះបោរនៅក្នុងព្រឹត្តិការណ៍ការវាយសង្គ្រប់វិមានសភាសហរដ្ឋអាមេរិក ដោយពួកអ្នកគាំទ្ររបស់លោករាប់រយនាក់ កាលពីថ្ងៃទី៦ ខែមករា។
នៅឯការប្រមូលផ្តុំមួយនៅជិតសេតវិមាននៅថ្ងៃនោះ លោក Trump បានជំរុញឲ្យពួកអ្នកគាំទ្រដើរទៅកាន់វិមានសភា ដើម្បីតស៊ូឲ្យលោកក្នុងរារាំងសមាជិកសភានៅពេលនោះពីការប្រកាសអង្គបោះឆ្នោតដែលបានបង្ហាញថា លោកបានចាញ់ឆ្នោតលោកប្រធានាធិបតី Joe Biden។ លោក Biden បានស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុនជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។
លោក Rubio សមាជិកព្រឹទ្ធសភារដ្ឋ Florida បានប្រាប់កម្មវិធីមួយនៃទូរទស្សន៍ Fox News ថា៖ «លោក Trump មានការទទួលខុសត្រូវខ្លះចំពោះអ្វីដែលបានកើតមានឡើង»។ ក៏ប៉ុន្តែ លោក Rubio បាននិយាយទៀតថា លោកជំទាស់នឹងការកាត់ទោសនៅព្រឹទ្ធសភា បន្ទាប់ពីរដ្ឋសភាបានប្តឹងចោទប្រកាន់លោក Trump ទម្លាក់ចេញពីតំណែងមក។
លោក Rubio បាននិយាយទៀតថា៖ «នេះមិនមែនជាការកាត់ទោសឧក្រិដ្ឋជនទេ។ នេះជាដំណើរការនយោបាយ ហើយវានឹងធ្វើឲ្យមានការបែកបាក់ថែមទៀតដែលកន្លងមកបានធ្វើប្រទេសជាប់គាំង»។
ប៉ុន្តែលោក Romney សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Utah ហើយជាអតីតបេក្ខជនប្រធានាធិបតីចាញ់ឆ្នោតខាងគណបក្សសាធារណរដ្ឋ ក្នុងឆ្នាំ២០១២ បានប្រាប់បណ្តាញទូរទស្សន៍ CNN ថា៖ «ខ្ញុំជឿជាក់ថា ការញុះញង់ឲ្យមានការបះបោរជាការរំលោភ ដែលអាចប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងបាន។ បើអំពើនេះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ អ្វីទៅដែលធ្ងន់ធ្ងរអាចប្តឹងដកបាន?»។
លោក Romney បាននិយាយថា លោកជឿថា លោក Trump បាន «រួមគំនិតនៅក្នុងការវាយប្រហារដែលមិនធ្លាប់មានពីពេលមុនចំពោះប្រជាធិបតេយ្យរបស់យើង»។
ការកាត់ទោសនៅព្រឹទ្ធសភា នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ៕