រដ្ឋសភាសហរដ្ឋអាមេរិកនឹងបញ្ជូនសំណុំរឿងចោទប្រកាន់ទម្លាក់អតីតប្រធានាធិបតីលោក Donald Trump ចេញពីតំណែង ពីបទញុះញង់ឲ្យមានការបះបោរ ទៅកាន់ព្រឹទ្ធសភានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមដំណើរការសវនាការដែលអាចរារាំងលោក Trump មិនឲ្យកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតបាន។ នេះបើតាមការបញ្ជាក់របស់លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាដែលបាននិយាយកាលពីថ្ងៃសុក្រ។
លោក Schumer បាននិយាយទៅកាន់សម័យប្រជុំព្រឹទ្ធសភាថា៖ «រដ្ឋសភានឹងបញ្ជូនករណីប្តឹងចោទប្រកាន់ទម្លាក់អតីតប្រធានាធិបតីពីតំណែងមកកាន់ព្រឹទ្ធសភា។ ព្រឹទ្ធសភានឹងបើកសវនាការលើករណីប្តឹងទម្លាក់លោក Donald Trump ចេញពីតំណែង។ វានឹងក្លាយជាការសវនាការពេញលេញមួយ។ វានឹងក្លាយជាការសវនាការដ៏ត្រឹមត្រូវមួយ»។
អ្នកស្រី Nancy Pelosi បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គម្រោងនេះគឺពិតប្រាកដមែន។
លោក Schumer បានថ្លែងដូច្នេះនៅព្រឹកដដែល បន្ទាប់ពីលោក Mitch McConnell ខាងគណបក្សសាធារណរដ្ឋ បានស្នើឲ្យរដ្ឋសភាពន្យារពេលបញ្ជូនបទចោទប្រកាន់នោះរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ និងបានស្នើឲ្យលោក Schumer ពន្យារពេលបើកសវនាការលើរឿងនេះ រហូតដល់ពាក់កណ្ដាលខែកុម្ភៈ ដើម្បីទុកពេលវេលាឲ្យអតីតប្រធានាធិបតីលោកTrump មានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមរៀបចំក្រុមការពារក្ដីឲ្យលោក ពាក់ព័ន្ធនឹងការឡោមព័ទ្ធវិមានសភាសហរដ្ឋអាមេរិកដោយក្រុមអ្នកគាំទ្ររបស់លោកកាលពីថ្ងៃទី៦ ខែមករាកន្លងទៅនេះ៕