ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកត្រាំភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​ជា​មួយ​អ្នក​គាំទ្រ ​ខណៈ​​​អ្នក​ប្រជាធិបតេយ្យ​កំពុង​ផ្ដោត​​លើ​បរាជ័យ​ក្នុង​រដ្ឋ​ Georgia

  • Jim Malone

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ការ​ជួប​ជុំ​មួយ​នៅទីក្រុង​ Cedar Rapids ដែល​ជា​ទីក្រុង​ធំទី​ពីរ​ក្នុង​រដ្ឋ Iowa កាល​ពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

ក្នុង​រយៈ​ពេល​ ៥​ ខែ​​ក្នុង​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី អត្រា​គាំទ្រ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​ពី​សាធារណជន​ មាន​ប្រមាណ​ត្រឹម​ជិត​ ៤០ ភាគ​រយ​ប៉ុណ្ណោះ គឺ​ជា​ពិន្ទុ​កម្រិត​ទាប​មួយ សម្រាប់​ប្រធានាធិបតី​ ក្នុង​ការ​ចាប់​ផ្ដើម​អាណត្តិ​របស់​លោក។

ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លាំង​ក្លា​របស់​លោក ត្រាំ នៅ​តែគាំទ្រ​លោក​ភាគ​ច្រើន​ដដែល ហើយ​អ្នក​ទាំង​នោះ​ជា​ច្រើន​នាក់​បានចូល​រួម​ក្នុង​យុទ្ធនាការ​ជួប​ជុំ​អ្នកគាំទ្រ​មួយ កាល​ពី​ពេល​ថ្មីៗ​នៅ​ក្នុង​រដ្ឋ​ Iowa។

ដូច​កាលពី​ពេល​កន្លង​ទៅ​អញ្ចឹង​ដែរ សម្រាប់លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​បាន​រៀប​ចំ​យុទ្ធនាការ​ជួប​ជុំ​ ក្រុម​អ្នក​គាំទ្រ​សំខាន់របស់​លោក​នៅ​ក្នុង​រដ្ឋ​ Iowa។

លោកប្រធានាធិបតី ត្រាំ បាន​ថ្លែង​ថា៖ «វា​តែង​តែ​ជា​រឿង​ល្អ ដែល​អាច​ចាក​ចេញ​ពី​ឆាកនយោបាយ​ក្នុង​រដ្ឋ​ធានី​ Washington មក​ចំណាយ​ពេល​ជា​មួយ​ពលរដ្ឋ​ដែល​សកម្ម​នឹង​ការ​ងារ។ យើង​ហៅ​អ្នក​ទាំងនេះ​ ថា​ជា​អ្នក​ស្នេហា​ជាតិ និង​ជា​ពលរដ្ឋ​ដ៏​អស្ចារ្យ»។

លោក​ ត្រាំ​ បាន​អួត​ថា​ រដ្ឋបាល​របស់​លោក ​បាន​ធ្វើ​ឲ្យ​មាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ការ​វិវត្ត​ទៅ​មុខ​ដ៏​អស្ចារ្យ» ​ក្នុង​អំឡុង​ពេល​ប្រាំ​ខែ​ដំបូងក្នុង​សេតវិមាន និង​បានផ្ដល់​កិត្តិយសដល់​អ្នក​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ការ​ជាមួយ​លោក ចាប់​តាំង​ពី​ខែ​ដំបូងដែល​ពោរ​ពេញ​រឿង​រ៉ាវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ នៃ​អាណត្តិ​ប្រធានាធិបតីរបស់​លោក។​

លោក ត្រាំ បន្ត​ថា៖ «យើង​បាន​ធ្វើ​ដំណើរ​រួម​គ្នា ដោយ​គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ។ យើង​កំពុង​កែប្រែ​ខ្លាំងឡើងៗ តាមរយៈ​ការ​វិនិច្ឆ័យ និង​បេះដូង​ដ៏​ល្អ​បរិសុទ្ធ​របស់​យើង។ យើង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​រឹង​មាំ។ យើង​កំពុង​ពង្រឹង​ប្រទេស​របស់​យើង»។

ការ​ជួប​ជុំ​អ្នក​គាំទ្រ​របស់​លោក ត្រាំ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​ស្រី Karen Handel បាន​ផ្ដល់​ឲ្យ​លោក​ប្រធានាធិបតី​ និង​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ទូទៅ នូវ​ជ័យ​ជម្នះ​ដ៏​ពិសេស​ ដែល​លោក​ស្រីទទួល​បាន​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ Georgia។​

លោកស្រី Karen Handel សមាជិក​សភា​ជាប់ឆ្នោតបាន​និយាយ​ថា៖ «សូម​ថ្លែង​អំណរ​គុណ​យ៉ាង​វិសេស​វិសាល​ដល់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។

អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ខក​ចិត្ត​នឹង​បរាជ័យ​ក្នុង​រដ្ឋ​ Georgia ដោយ​បាន​សង្ឃឹម​ថា កំណើន​នៃ​ចលនា​ប្រឆាំង​នឹង​លោក ត្រាំ អាច​យក​ជ័យ​ជម្នះ​ក្នុង​ថ្ងៃ​នោះ​បាន។

ប៉ុន្តែ​អតីត​បេក្ខជនប្រធានាធិបតី និង​ជា​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​ Vermont លោក Bernie Sanders ​ថា​លោក ត្រាំ នឹង​នៅ​តែ​ជា​ចំណុច​ផ្ដោត​សំខាន់​សម្រាប់​គណបក្ស ដោយ​សារ​ពួក​គេ​សម្លឹង​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​សភា នៅ​ឆ្នាំ​ក្រោយៗ​ ទៀត។​

លោក Bernie Sander បាន​និយាយ​ថា៖ «ថ្ងៃ​នេះ​នៅ​ក្នុង​សេតវិមាន យើង​ប្រហែល​ជា​មាន​ប្រធានាធិបតី​ដែល​អន់​បំផុត និង​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​យើង»។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាញ់​ការ​បោះ​ឆ្នោត​សំខាន់​ប្រាំ ចាប់​តាំង​ពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ ត្រាំ មក ហើយ​នេះ​ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ និង​កែ​ប្រែ​ចំណុច​ខ្វះ​ខាត។ នេះ​បើ​យោង​តាម អ្នកវិភាគ​មួយ​រូប​គឺ​លោកស្រី Andra Gillespie។

លោកស្រី ​Andra Gillespie អ្នកវិភាគ​ មក​ពី​សាកល​វិទ្យាល័យ Emory បាន​និយាយ​ថា៖ «យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គិត​ថា មាន​បញ្ហា​ច្រើន នៅ​ក្នុងគណបក្ស​ប្រជាធិបតេយ្យ។ ពួក​គេ​ ​កំពុងព្យាយាម​រក​វិធី​ផ្សះ​ផ្សា​អ្នក​កណ្ដាល​និយម​របស់​ខ្លួន និង​រក​វិធី​ធ្វើ​ឲ្យ​មូលដ្ឋាន​បក្ស​មាន​ភាព​ប្រសើរ​ឡើង​ ដូច្នេះ​ហើយ ខ្ញុំ​រំពឹង​ថា នឹង​មាន​ការ​ពិភាក្សា​គ្នា​ដ៏​តឹង​តែង​មួយ ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ»។

សម្រាប់​លោកប្រធានាធិបតី បញ្ហា​ប្រឈម​របស់​លោក​នឹង​ត្រូវ​រំកិល​ទៅ​ឲ្យ​ផុត​ពី​ការ​ស៊ើប​អង្កេត​លើ​រដ្ឋាភិបាល​រុស្ស៊ី ហើយ​ត្រឡប់​មក​ផ្ដោត​លើ​របៀប​វារៈ​ដឹក​នាំ​ប្រទេស​របស់​លោក​វិញ។ នេះ​បើ​តាម​សម្ដី​របស់​លោក John Fortier នាយក​មជ្ឈមណ្ឌល​គោល​នយោបាយ​គណបក្ស​ទាំងពីរ។

លោក John បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​វា​ពិបាក ​នៅ​ពេល​ដែល​មានព័ត៌មាន​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​អ្នក ដើម្បី​ឲ្យ​អ្នក​បញ្ឈប់​វា។ ដូច្នេះ​ ការ​ស្វែង​រក​រឿង​ផ្សេង​មក​និយាយ ដូចជា​ ផ្លាស់​ប្ដូរ​បុគ្គលិក និង​ការ​គ្រោង​ធ្វើអ្វី​ជាក់​លាក់​ណាមួយ ដែល​កើត​ចេញ​ពី​ទស្សនៈ​នៃ​រដ្ឋបាល​បច្ចុប្បន្ន ដែល​ពួក​គេ​អាច​អះ​អាង​ថា​ជា​ហេតុ​ផល​ល្អ​មួយ ខ្ញុំ​គិត​ថា​ទាំង​នោះ​គឺ​ជាង​រឿង​ដែល​អាច​ជួយ​បាន។ ប៉ុន្តែ​មក​ដល់​ចំណុច​នេះ វា​ជា​បញ្ហា​សំខាន់ ហើយ​ពួក​គេ​ត្រូវ​តែ​ដោះ​ស្រាយ​រឿង​នេះ​មួយ​រយៈ​សិន»។​

បញ្ហា​ប្រឈម​ធំ​បន្ទាប់​របស់​លោក​ប្រធានាធិបតី គឺ​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​រដ្ឋ​សភា​អនុម័ត​ច្បាប់​ថែ​រក្សា​សុខភាព​ថ្មី ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា៕

​ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG