ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ពិភាក្សា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ជាមួយ​មេដឹកនាំ​ចិន និង​ជប៉ុន


លោក​ប្រធានាធិបតី Donald Trump អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​ព្រឹត្តិការណ៍ Celebrate Freedom នៅ​មជ្ឈមណ្ឌល Kennedy នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ពិភាក្សា​អំពី​ការ​គំរាម​កំហែង​របស់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Shinzo Abe។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក Trump និង​លោក Xi Jinping «បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ‍» ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក Trump បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​នៃ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា លោក Xi Jinping បាន​ប្រាប់​លោក Trump អំពី​កត្តា​អវិជ្ជមាន​នានា​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ហើយ​លោក Xi Jinping សង្ឃឹម​ថា លោក Trump នឹង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់​ឲ្យ​បាន​សម​ហេតុ​សម​ផល​ស្រប​ទៅ​តាម​គោលការណ៍ «ចិន​តែ​មួយ‍»។

ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ មក សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ កាល​ពី​សប្ដាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​អនុម័ត​នូវ​សំណើ​ថវិកា​ចំនួន ១ ពាន់ ៤ រយ ២០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់។

សេតវិមាន​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លោក Trump និង​លោក Shinzo Abe ឯកភាព​គ្នា​លើ​ការ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ឲ្យ «ផ្លាស់ប្ដូរ​វិថី​គ្រោះថ្នាក់​របស់​ខ្លួន​ចេញ‍» ហើយ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ត្រៀម​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅ​នឹង «ការ​គំរាមកំហែង ឬ​ក៏​សកម្មភាព​ណា​មួយ ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង‍»។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​ផ្នែក​បញ្ចប់​នៃ​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា លោក Trump នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Xi Jinping និង​លោក Shinzo Abe ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​ផ្ទាល់​ក្នុង​សប្ដាហ៍​នេះ នៅ​ឯ​កិច្ច​ប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស G ២០ នៅ​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់៕

XS
SM
MD
LG