ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងសន្ទនាតាមទូរស័ព្ទពីរលើកដាច់ដោយឡែកពីគ្នានៅថ្ងៃអាទិត្យនេះ ជាមួយនឹងមេដឹកនាំប្រទេសជប៉ុន និងចិន។
សេចក្ដីប្រកាសរបស់សេតវិមានមិនបានបញ្ជាក់ថាតើលោក Trump នឹងពិភាក្សាអ្វីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីចិនលោក Xi Jinping នោះទេ។ ប៉ុន្តែកិច្ចសន្ទនាតាមទូរស័ព្ទនេះទំនងជាការពិភាក្សាអំពីការកើនឡើងនូវភាពមិនសប្បាយចិត្តរបស់លោក Trump ជាមួយនឹងប្រទេសកូរ៉េខាងជើង និងការសាកល្បងគ្រាប់មីស៊ីលជាច្រើនលើកច្រើនសាររបស់ប្រទេសនេះ។
កាលពីពេលថ្មីៗនេះលោក Trump បានថ្លែងថា៖ «យុគសម័យនៃការអត់ធ្មត់ផ្នែកយុទ្ធសាស្ត្រជាមួយនឹងរបបដឹកនាំរបស់កូរ៉េខាងជើងគឺមិនទទួលបានជោគជ័យនោះទេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ និយាយឲ្យស្មោះទៅ ការអត់ធ្មត់ចំពោះកូរ៉េខាងជើងលែងមានទៀតហើយ»។
លោក Trump ដាក់ក្ដីសង្ឃឹមលើប្រទេសចិន ដែលជាសម្ព័ន្ធមិត្តការទូតចម្បងរបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េខាងជើង ប៉ុន្តែកាលពីសប្ដាហ៍មុន បានប្រកាសថាកិច្ចប្រឹងប្រែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនក្នុងការដាក់សម្ពាធលើកូរ៉េខាងជើងទទួលបរាជ័យ។
កិច្ចសន្ទនាតាមទូរស័ព្ទនេះធ្វើឡើងនៅមុនកិច្ចប្រជុំមេដឹកនាំ G 20 ចូលមកដល់នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលលោក Trump គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In៕