នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកជឿជាក់ថា បណ្ដាប្រទេសផ្សេងទៀតនឹងធ្វើតាមសហរដ្ឋអាមេរិកក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ លោកបន្ថែមថា នៅពេលដែលសហរដ្ឋអាមេរិកប្ដូរទីតាំងស្ថានទូតរបស់ខ្លួនទៅទីក្រុង Jerusalem នោះ នោះប្រទេសដទៃទៀតក៏នឹងប្ដូរទីតាំងស្ថានទូតរបស់ពួកគេទៅទីនោះផងដែរ។
លោក Netanyahu បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងទាក់ទងជាមួយនឹងប្រទេសផ្សេងៗ ប៉ុន្តែមិនបានបញ្ជាក់ថាជាប្រទេសណានោះទេ នៅពេលដែលលោកថ្លែងសុន្ទរកថានៅក្រសួងការបរទេសអ៊ីស្រាអែលនោះ។
រីឯយោធាអ៊ីស្រាអែលវិញ បានប្រកាសអំពីការពង្រាយទាហានបន្ថែមទៀតនៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់ ដែលជាផ្នែកមួយនៃអ្វីដែលខ្លួនហៅថា «ការត្រៀមខ្លួនរួចរាល់សម្រាប់ការវិវត្តនានាដែលអាចកើតឡើង»។
ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះទីក្រុង Jerusalem ដែលមានអាយុកាលរាប់ទសវត្សរ៍មកនេះ និងគម្រោងក្នុងការប្ដូរទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុង Jerusalem នេះ បានរងការរិះគន់យ៉ាងចាស់ដៃពីមេដឹកនាំប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយថា គម្រោងរបស់លោក Trump គឺដូចគ្នាទៅនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីតួនាទីជាអ្នកសម្របសម្រួលសន្តិភាពដូច្នេះដែរ។
មេដឹកនាំក្រុម Hamas លោក Ismail Haniyeh បានអំពាវនាវឲ្យមានការបះបោរថ្មីមួយប្រឆាំងនឹងអ៊ីស្រាអែល ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ៕