លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំថ្លែងថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការថា ទីក្រុង Jerusalem គឺជារដ្ឋធានីអ៊ីស្រាអែល និងចាប់ផ្តើមដំណើរការប្តូរស្ថានទូតអាមេរិកចេញពីទីក្រុង Tel Aviv ដែលជាការវិវត្តមួយ បង្កឲ្យមានប្រតិកម្មអវិជ្ជមានជាច្រើនពីជុំវិញពិភពលោក។
លោកត្រាំបានថ្លែងកាលពីថ្ងៃពុធថា៖ «ទីក្រុង Jerusalem មិនមែនគ្រាន់តែជាបេះដូងរបស់សាសនាដ៏អស្ចារ្យទាំងបីនោះទេ ប៉ុន្តែឥឡូវនេះទីក្រុងនេះក៏ជាបេះដូងរបស់ប្រទេសលិទ្ធិប្រជាធិបតេយ្យដ៏ជោគជ័យមួយ ក្នុងចំណោមប្រទេសលិទ្ធិប្រជាធិបតេយ្យនានាក្នុងពិភពលោកផងដែរ។ អស់រយៈពេលជាង៧ទសវត្សរ៍កន្លងមកនេះ ពលរដ្ឋអ៊ីស្រាអែលបានកសាងប្រទេសនេះ ជាកន្លែងសម្រាប់ពួកជ្វីហ្វ អ្នកកាន់សាសនាឥស្លាម អ្នកកាន់សាសនាគ្រិស្ត និងពលរដ្ឋដែលមានជំនឿផ្សេងៗទាំងអស់រស់ និងគោរពតាមសាសនានានាដែលគេជឿជាក់ដោយសេរី តាមមនសិការ និងជំនឿរបស់ពួកគេ។
លោកបានសង្កត់បញ្ជាក់ថាសហរដ្ឋអាមេរិក «នៅតែរក្សាការប្តេជ្ញាចិត្តជួយសម្របសម្រួលដល់ដំណើរសន្តិភាពដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនអាចទទួលយកបាន។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងនេះ»។ បណ្តាប្រទេសអារ៉ាប់ និងប្រទេសមានពលរដ្ឋកាន់សាសនាឥស្លាម បានព្រមានថា ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ អាចបញ្ឆេះឲ្យមានភាពតានតឹងនៅក្នុងតំបន់ និងបំផ្លាញកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពអារ៉ាប់ អ៊ីស្រាអែល។ ពលរដ្ឋប៉ាឡេស្ទីនអំពាវនាវឲ្យមានការធ្វើបាតុកម្មចំនួនបីថ្ងៃប្រឆាំងទៅនឹងផែនការរបស់លោកត្រាំ៕