សហគមន៍អន្តរជាតិមានប្រតិកម្មប្រឆាំងនឹងសេចក្តីប្រកាសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលថាអាមេរិកបានទទួលស្គាល់ទីក្រុង Jerusalem ថាជារដ្ឋធានីរបស់អ៊ីស្រាអែលជាផ្លូវការ ដែលវិធានការនេះអាចបង្កឲ្យមានអំពើហិង្សាកើតមានឡើងជាថ្មីម្តងទៀតរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
លោក Antonio Guterres អគ្គស្នងការអង្គការសហប្រជាជាតិតំណាងឲ្យសំឡេងសាកល កាលពីថ្ងៃពុធម្សិលមិញនេះបានជុំរុញឲ្យរក្សាភាពស្ងៀមស្ងាត់និងភាពអត់ធ្មត់។
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ចាប់ពីថ្ងៃទីមួយដែលខ្ញុំកាន់តំណែងជាអគ្គស្នងការអង្គការសហប្រជាជាតិ ខ្ញុំតែងនិយាយប្រឆាំងនឹងវិធានការឯកតោភាគីណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ទីក្រុង Jerusalem គឺជាបញ្ហាចុងក្រោយមួយដែលត្រូវដោះស្រាយតាមរយៈការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ និងដោយពិចារណាទៅលើការព្រួយបារម្ភពីភាពស្របច្បាប់របស់ទាំងភាគីប៉ាឡេស្ទីននិងទាំងភាគីអ៊ីស្រាអែល»។
មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្លែងថា សេចក្តីប្រកាសរបស់លោក ត្រាំ អំពីទីក្រុង Jerusalem គឺជាសេចក្តីប្រកាសដកខ្លួនចេញពីតួនាទីមួយរបស់ខ្លួននៅក្នុងដំណើរការសន្តិភាព»។
អ្នកចរចាកំពូលរបស់ប៉ាឡេស្ទីនលោក Saeb Erekat បានថ្លែងថា៖ «នេះគឺជាជំហានផ្តាច់ការមួយ ដែលបិទទ្វាចំពោះការចរចា ហើយខ្ញុំគិតថា លោកប្រធានាធិបតី ត្រាំ នៅយប់នេះបានដកអាមេរិកចេញពីតួនាទីមួយនៅក្នុងដំណើរការសន្តិភាព។ ថ្នាក់ដឹកនាំប៉ាឡេស្ទីននឹងអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយសម្រាប់ក្រុមប្រឹក្សាកណ្តាលរបស់ប៉ាឡេស្ទីនដើម្បីសិក្សាទៅលើសុន្ទរកថានេះ ហើយនិងដើម្បីពិនិត្យឡើងវិញទៅលើជម្រើសដែលយើងមាន បន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្តដែលសមរម្យទៅលើបញ្ហាជាច្រើន»៕