ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​ការជួបចរចា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ​ជា​ឱកាស​ល្អ


នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​ថ្លែង​ថា «នេះ​គឺ​ពិត​ជា​ឱកាស​ល្អ​ ដែល​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ ដើម្បី​ព្យាយាម​ចរចា​គ្នាអំពី​កិច្ចព្រមព្រៀង​ថ្មី​មួយ​ ដើម្បី​ទប់ស្កាត់​កម្មវិធីនុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ២០១៥ ដែល​លោក​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​កាល​ពី​ឆ្នាំ​មុន។ លោក Trump បាន​ថ្លែង​នៅ​ឯ​ពិធី​បញ្ចប់​សន្និសីទ​កំពូល G-7 រវាង​មេដឹកនាំ​ពិភព​លោក​ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​ប្រទេសបារាំង​ ដោយលោក​បាន​ថ្លែង​ថា «ខ្ញុំ​គិត​ថា​អ៊ីរ៉ង់​នឹង​ចង់​ចូលរួម​កិច្ចប្រជុំ»។

មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​បាន​ថ្លែង​បន្ថែម​ទៀតថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​លោក​បាន​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​មួយ​ឆ្នាំ​មុន «ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​ពួកគេ​ ដោយ​សារ​លោក​បាន​កំណត់​ខ្លាំង​ដាក់​លើ​វិស័យនាំប្រេង​ទៅ​កាន់​អន្តរជាតិ​របស់​អ៊ីរ៉ង់»។ ក៏ប៉ុន្តែ​លោក Trump បាន​ទូស្សន៍ទាយ​ថា​ រាល់កិច្ចប្រជុំ​ទាំងអស់​ជាមួយ​លោក Rouhani​ ត្រូវ​តែ​និយាយ​អំពី​លក្ខខណ្ឌ​ដែល​ថា​ អ៊ីរ៉ង់​នឹង​មិនបង្កើត​ភាពតានតឹង​ដល់​បរទេស​តាមរយៈ​ការជឿនលឿន​ផ្នែក​យោធា​ និង​ការវាយប្រហារ​នានា។ លោក​បាន​បញ្ជាក់​ទៀត​ថា ​«កិច្ចព្រមព្រៀងថ្មី​នឹង​ទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លងទ្វីប​របស់​ខ្លួន​បាន​ទេ»។

លោក Trump បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​អ៊ីរ៉ង់»។ ប៉ុន្តែ​លោកថា​ វា​ហាក់​ដូច​ជា​ឆាប់ពេក​ហើយ​ក្នុង​ការ​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​លោក Javad Zarif កាល​ពី​ចុង​សប្តាហ៍ ​ដែល​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅក្នុង​សន្និសីទ​កំពូលG7 ដែល​រៀបចំ​ឡើង​នៅទីក្រុង Biarritz ប្រទេស​បារាំង​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារំាង​លោក Emmanuel Macron។

មេដឹកនាំ​បារាំង​បាន​ព្យាយាម​ធ្វើ​ជា​ឈ្មួញ​កណ្តាល​ក្នុង​ការចរចា​សន្តិភាព​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់។ លោក Macron បាន​ថ្លែង​នៅ​ឯសន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នឹង​លោក Trump ថា​លោក​បាន​សន្ទនា​ជាមួយ​នឹង​លោក Rouhani និង​បាន​និយាយ​ទៀតថា​ មេដឹកអ៊ីរ៉ង់​មាន​ឆន្ទៈ​ក្នុង​ការជួបចរចា​ជាមួយ​លោក Trump ៕

XS
SM
MD
LG