ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.បាន​ដាក់ទណ្ឌកម្មប្រឆាំង​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់


រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif អំពាវនាវ​ឲ្យ​ដូណាល់ ត្រាំ​ គោរពកិច្ច​ព្រមព្រៀង​នុយក្លេអែរ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Hassan Rouhani នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ហៅ​វិធានការរបស់​ស.រ.អា.ក្នុង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹងរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​ថាជា«ការ​ធ្វើ​ដូច​កូនក្មេង»។

នៅ​ក្នុងសុន្ទរកថា​មួយ​ដែល​លោក​បានថ្លែង​តាម​ទូរទស្សន៍ ​លោក Rouhani បាន​និយាយ​ថាស.រ.អា.បាន​និយាយ​អះអាង​ថា​ខ្លួន​ចង់​ធ្វើការ​ចរចា​ជាមួយ​អ៊ីរ៉ង់ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​«ហើយ​បន្ទាប់​មក​ពួក​អាមេរិកាំង​ដាក់​ទណ្ឌកម្មលើ​លោក​រដ្ឋមន្ត្រី​ការបរទេស»។

នៅ​ពេល​ពិភាក្សា​សកម្មភាពនេះ​របស់​ស.រ.អា.ប្រឆាំង​នឹង​លោករដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល Trump បានទទួល​ស្គាល់​ថា«ជា​ការ​ច្បាស់លាស់ នេះ​ជាសកម្មភាព​មិនធម្មតាមួយ»។

បទ​បញ្ជានីតិ​ប្រតិបត្តិ​នេះ​ចោទ​ប្រកាន់លោក Zarif ថា​ធ្វើសកម្មភាព​ក្នុង​នាម​នៃ Ayatollah Ali Khamenei មេដឹកនាំកំពូលនៃ​ប្រទេសអ៊ីរ៉ង់​ដែល​កាល​ពី​ពេល​ថ្មីៗនេះ​បានត្រូវ​បន្ថែម​ឈ្មោះទៅ​ក្នុង​បញ្ជី​នៃ​ក្រសួងហិរញ្ញវត្ថុ​ស.រ.អា.នៃឈ្មោះ​ពួក​មនុស្សដែល​បានត្រូវកំណត់​ជា​ពិសេសនិង​ដែលបានត្រូវ​រារាំង។

មន្ត្រី​ស.រ.អា.ជាន់ខ្ពស់​ម្នាក់បាននិយាយ​ប្រាប់​ពួក​អ្នកកាសែត​ថា«ហើយ​នៅ​ថ្ងៃ​នេះ​ប្រធានាធិបតី Donald Trump បាន​សម្រេច​ថា​ជា​ការ​គ្រប់គ្រាន់​ហើយ។​យើងនឹង​បន្ត​យុទ្ធនាការដាក់គំនាប​សង្កត់​ខ្លាំង​បំផុត​រហូត​ដល់ប្រទេស​អ៊ីរ៉ង់​បោះបង់​ចោល​គោលនយោបាយ​ការ​បរទេសធ្វេសប្រហែសរបស់ផង​ខ្លួនដែល​គំរាមកំហែង​ស.រ.អា.និង​ពួក​សម្ព័ន្ធមិត្ត​របស់យើង»។

លោក​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ស.រ.អា. Steven Mnuchin បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថាស.រ.អា.«បញ្ជូនសារ​ច្បាស់លាស់​មួយទៅ​កាន់​របប​គ្រប់គ្រង​អ៊ីរ៉ង់ថា​អាកប្បកិរិយា​កាលពី​ពេល​ថ្មីៗនេះរបស់​ខ្លួន​ជា​ការ​មិនអាចទទួល​យក​បានទេ។ នៅ​ពេល​ជា​មួយ​គ្នា​នេះ របប​គ្រប់គ្រង​អ៊ីរ៉ង់​បានបដិសេធមិន​ឱ្យ​ពួក​ពលរដ្ឋអ៊ីរ៉ង់​ប្រើប្រាស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ទេ​ហើយ​រដ្ឋមន្ត្រី​ការបរទេស Javad Zarif បានផ្សព្វផ្សាយ​ការ​ឃោសនា​របស់​របបគ្រប់គ្រង​នេះនិង​ផ្សាយ​ព័ត៌មានមិន​ពិតនៅទូទាំង​ពិភពលោក​តាមរយៈបណ្តាញ​ផ្សាយ​ព័ត៌មាន​ទាំងនេះ»៕

XS
SM
MD
LG