ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយការចោទ​ប្រធានាធិបតី​ ​ប្រធាន​សភា​មិនទាន់​បញ្ជូន​បទចោទ​ទៅព្រឹទ្ធ​សភា​​ព្រោះចាំមើល​នីតិវិធី​


​​អ្នកស្រី ​Nancy Pelosi ​ប្រធាន​សភា​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅសហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៩។

មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិកលោក​ Donald Trump ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សភា​តំណាង​រាស្ត្រ​ អ្នកស្រី ​Nancy Pelosi ​ប្រធាន​សភា​បាន​និយាយ​ថា ​អ្នកស្រី​នឹង​មិន​បញ្ជូន​បទចោទ​ប្រកាន់​នេះ​ទៅ​ព្រឹទ្ធសភា​ ឬ​មិនទាន់​ជ្រើសរើស​រដ្ឋ​អាជ្ញា​សម្រាប់សវនាការ​នោះ​ទេរហូត​ដល់ព្រឹទ្ធ​សភា​យល់ព្រម​អំពីនីតិវិធី​នៃ​ដំណើរ​ការ​នេះ។

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​សប្តាហ៍នៅ​វិមាន​រដ្ឋសភា​ ​អ្នកស្រី ​Pelosi ​បាន​និយាយ​ថា​«នៅ​ពេល​យើង​ឃើញ​ថា​ ​គេ​មាន​អ្វី​ក្នុងដៃ​ហើយ​ ​យើងនឹង​ដឹង​ថា​ ​ត្រូវបញ្ជូន​នរណា​និង​ចំនួន​ប៉ុន្មាន​នាក់»។​

ព្រឹទ្ធ​សភា​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាប់​ផ្តើម​ដំណើរ​ការ​ជំនុំជម្រះ​ទេ​រហូត​ដល់​ទទួល​បាន​បទ​ចោទ​ប្រកាន់​ពី​សភា។ ​

ក្នុង​បោះ​ឆ្នោត​តាម​ជំហរ​គណបក្ស សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​អនុម័ត​បទ​ចោទ​ពីរ​ប្រឆាំង​លោក​ Donald Trump​ ដែល​ជា​ប្រធានាធិបតីគណបក្ស​សាធារណ​រដ្ឋ​គឺធ្វើឱ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ទី​៣​របស់​សហ​រដ្ឋអាមេរិក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​២៤៣​ឆ្នាំ​របស់​ប្រទេស​នេះ។ ​លោក​ត្រូវបាន​គេចោទ​ប្រកាន់​ពីបទ​រំលោភ​អំណាចរបស់​លោក​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន ​ហើយ​បន្ទាប់មក​បាន​រារាំង​កិច្ច​ប្រឹងប្រែង​របស់​សភា​ដើម្បី​ស៊ើប​អង្កេត​សកម្មភាព​របស់​លោក។​

លោក​ Mitch McConnell ​សមាជិក​ព្រឹទ្ធ​សភា​កំពូល​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​នៅ​ព្រឹទ្ធ​សភា​កាលពី​ថ្ងៃព្រហស្បតិ៍ថា​ ​អ្នកស្រី ​Pelosi ​ភ័យ​ខ្លាចមិនហ៊ាន​បញ្ជូន​បទ​ចោទ​ប្រកាន់​ខ្ជីខ្ជា​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ទៅ​ព្រឹទ្ធ​សភា​ទេ បន្ទាប់ពី​ការ​ប្រកាស​ថា​ការ​ចោទ​ប្រកាន់​ដែល​ដឹកនា​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​នេះ​គឺ​ជា​ដំណើរ​ការមិន​យុត្តិធម៌​ដែល​បាន​បង្កើត​គម្រូ​អាក្រក់​ថ្មី​ទៅ​អនាគត។​

ការ​ជំនុំជម្រះ​នៅ​ព្រឹទ្ធ​សភា​ដែល​លោក ​McConnell ​បាននិយាយ​ថា ​នឹង​ក្លាយ​ជា​របៀប​វារៈ​អាទិភាព​កំពូល​នៅ​ក្នុង​ខែ​មករា​ នោះ​ទំនង​ជា​នឹង​សម្រេច​ឲ្យ​លោក ​Trump ​រួចពីការ​ចោទ​ប្រកាន់​ ព្រោះ​ស្ថាប័ន​នេះ​មាន​សំឡេង​គណបក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន៕

XS
SM
MD
LG