កិច្ចប្រជុំផ្ទាល់ដំបូងបង្អស់រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោកVladimir Putin នឹងធ្វើនៅក្នុងកិច្ចប្រជុំបន្ទាប់បន្សំនៃកិច្ចប្រជុំកំពូល G-20 នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ រដ្ឋាភិបាលក្រុងក្រឹមឡាំងបាននិយាយថា អំពើភេរវកម្ម បញ្ហានៅក្នុងប្រទេសស៊ីរីនិងអ៊ុយក្រែន នឹងជារបៀបវារៈកំពូលរបស់ពួកគេនៅក្នុងកិច្ចប្រជុំនោះ។
សេតវិមាននិយាយថា លោកប្រធានាធិបតី Trump នឹងសម្រេចថាតើនឹងពិភាក្សាទៅលើអ្វី ហើយបានហៅកិច្ចប្រជុំនេះថាជា «កិច្ចប្រជុំទ្វេភាគីធម្មតាមួយ»។ ប៉ុន្តែអ្នកវិភាគនិយាយថា លោក Trump អាចលើកយកប្រធានបទណាមកពិភាក្សាក៏បាន។
លោក Steve Sestanovich នៃក្រុមប្រឹក្សាកិច្ចការបរទេសបានថ្លែងថា «លោកអាចនឹងសម្រេចចិត្តថាលោកចង់ពិភាក្សាអំពីអ្វី។ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់កិច្ចប្រជុំនេះ។ នេះគឺជាស្ទីលរបស់គាត់»។
ប៉ុន្តែការស៊ើបអង្កេតដែលនៅតែបន្តទៅលើយុទ្ធនាការរបស់លោក Trump ដែលចោទប្រកាន់ថាឃុបឃិតជាមួយនឹងរុស្ស៊ី អាចប៉ះពាល់ទៅលើក្តីរំពឹងរបស់រដ្ឋបាលចំពោះកិច្ចប្រជុំនេះ ដែលថា អាចជួយឲ្យទំនាក់ទំនងប្រសើរឡើង។
លោកស្រី Hannah Thoburn នៃវិទ្យាស្ថាន Hudson ថ្លែងថា «អ្វីដែលកើតឡើងរវាងលោក Trump និងលោក Putin នឹងត្រូវលាតត្រដាង។ តើលោក Trump គ្រាន់តែចង់បង្ហាញថា លោកម៉ឺងម៉ាត់ចំពោះរុស្ស៊ី ដើម្បីឲ្យអ្នករិះគន់លោកនៅក្នុងប្រទេសស្ងៀមស្ងាត់ឬយ៉ាងណា? ខ្ញុំគិតថា យើងនឹងទទួលបានចម្លើយលើសំណួរទាំងនោះក្នុងពេលឆាប់ៗនេះ»៕