ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ប៉ូឡូញ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក​ប្រធានាធិបតី Trump


លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សេតវិមាន​ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​ស.រ.អា. Donald Trump រំពឹង​ថា​នឹង​មាន​ការ​ស្វាគមន៍​ដោយ​មិត្តភាព​នៅ​ពេល​លោក​ធ្វើដំណើរ​ទៅ​ដល់​រដ្ឋធានី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃ​ពុធ​នេះ​ដែល​ជា​ប្រទេស​ទី​មួយ​នៃ​ដំណើរ​បេសកកម្ម​ខាង​ការទូត​បួន​ថ្ងៃ​របស់​លោក​ក្នុង​ទ្វីប​អឺរ៉ុប។

ក៏​ប៉ុន្តែ​មេដឹកនាំ​ស.រ.អា.​រូប​នេះ​ប្រឈម​នឹង​កង្វល់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​អំពី​ការ​ប្រកាស​អំពី​គោលនយោបាយ​កាលពី​ពេល​មុនៗ​របស់​លោក ដោយ​មាន​រួម​បញ្ចូល​ការ​ប្តេជ្ញា​របស់​លោក​ដល់​អង្គការ​អូតង់ ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ដក​ស.រ.អា.​ចេញ​ពី​កិច្ចព្រមព្រៀង​នៅ​ក្រុង​ប៉ារីស អំពី​ការ​ប្រែប្រួល​ធាតុអាកាស​ និង​ការ​កោត​សរសើរ​របស់​លោក​កាល​ពី​ពេល​មុន​ដល់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin។

លោក Trump នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ​សំខាន់​ទី​មួយ​របស់​លោក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​ទីលាន Krasinski ដែល​ជា​កន្លែង​មួយ​មានភាពជា​និមិត្តរូប​ជ្រៀលជ្រៅសម្រាប់ប្រជារាស្ត្រ Pologne ច្រើន​នាក់​ដែល​រំឭក​ដល់​ការ​តស៊ូ​របស់ពួក​គេ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ផ្តាច់​ការ។

សេតវិមាន​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី Trump នឹង​និយាយ​ជា​ថ្មី​ទៀត​អំពី​ការ​ប្តេជ្ញា​របស់​លោក​ដល់​គោលការណ៍​នៃ​កិច្ចការពារ​រួមគ្នា​របស់​អង្គការ​អូតង់ ក៏​ប៉ុន្តែ​លោក​ក៏​នឹង​ថ្លែង​ជា​ថ្មី​ទៀត​ដែរ​អំពី​ការ​ទាមទារ​របស់​លោកឱ្យ​ប្រទេស​ជា​សមាជិក​ឯ​ទៀតៗ​ធ្វើវិភាគ​ទាន​ថែមទៀត​ដល់​បន្ទុក​ហិរញ្ញវត្ថុនៃ​សម្ព័ន្ធភាព​នេះ។​ លោក Trump សង្ឃឹម​ថា​នឹង ធ្វើ​បាន​ល្អ​ជាង​ដំណើរ​ទស្សនកិច្ច​ឆ្នាំឆ្គង​លើក​ទីមួយ​របស់​លោក​ទៅ​កាន់​អឺរ៉ុប​កាលពី​ខែ​ឧសភា​មុន​ដែល​នៅ​ពេល​នោះ​លោក​បាន​ស្តី​បន្ទោស​ពួក​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ជា​សមាជិកនៃ​អង្គការ​អូតង់​ដែល​មិន​បាន​បង់ប្រាក់កាស​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​កងកម្លាំង​យោធា​របស់​ខ្លួន នៅ​ពេល​ដែល​លោក​មិន​បាន​គាំទ្រ​មាត្រា៥​នៃ​សន្ធិសញ្ញា​អូតង់​ដែល​អំពាវនាវ​ដល់​ប្រទេស​ជាតិ​ទាំង​អស់​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ​ឱ្យ​ឆ្លើយតប​ប្រសិនបើ​ប្រទេស​ជាសមាជិក​មួយ​បាន​ត្រូវ​វាយ​ប្រហារ។

ក្រុម​ទាហាន​ស.រ.អា.​ជាង​៣ពាន់​នាក់​បាន​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ពង្រាយ​ទាហាន​របស់​អង្គការ​អូតង់​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG