ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump រៀបចំ​បទបញ្ជា​សាងសង់​ជញ្ជាំង​ម៉ិកស៊ិក​ និង​ផ្អាក​ទទួល​ពាក្យ​សុំ​របស់​ជន​ភៀស​ខ្លួន


បុរស​ម្នាក់​លើក​របាំង​មួយ​នៅ​តាម​ព្រំដែន​អាមេរិក​ និង​ម៉ិកស៊ិក កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
បុរស​ម្នាក់​លើក​របាំង​មួយ​នៅ​តាម​ព្រំដែន​អាមេរិក​ និង​ម៉ិកស៊ិក កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើ​តាម​ពួក​មន្ត្រី​រដ្ឋាភិបាល​ និង​ពួក​អ្នក​ជំនាញ​ការ​ខាង​អន្តោប្រវេសន៍​មួយ​ចំនួន​ថា ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump កំពុង​ប្រុងប្រៀប​បោះជំហាន​ទៅ​មុខ​ជាមួយ​បទបញ្ជា​ឱ្យ​កសាង​កំផែង​មួយ​តាម​បណ្តោយ​ព្រំដែន​រវាង​ស.រ.អា.​និង​ប្រទេស​ម៉ិកស៊ិក និង​ដាក់​កំហិត​ការ​ហាម​ប្រាម​ជា​បណ្តោះអាសន្ន​ដល់​ពួក​ជន​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​អាមេរិក។​

គេ​រំពឹង​ថា​លោក​ប្រធានាធិបតី​នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ដំបូងៗ​របស់​លោក​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ពេល​លោក​អញ្ជើញ​ទៅ​កាន់​ក្រសួង​សន្តិសុខ​មាតុភូមិ។​

ចំណាត់ការ​ទាំង​នេះ​សមស្រប​តាម​ការ​សន្យា​ជា​ញឹកញយ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ដែល​លោក​បាន​និយាយ​នៅ​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត។​

លោក​ Trump ចង់​ឱ្យ​មាន​កំផែង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំង​ស្រុង​រវាង​ស.រ.អា. និង​ប្រទេស​ម៉ិកស៊ិក។ ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ ​មាន​តែ​របាំង​នៅ​តាម​បណ្តោយ​ផ្នែក​ខ្លះ​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​ លោក​បាន​សន្យា​ជា​ញឹក​ញយ​ថា​ប្រទេស​ម៉ិកស៊ិក​នឹង​បង់​ប្រាក់​សម្រាប់​ការ​ស្ថាបនា​កំផែង​នេះ ហើយ​លោក​បាន​និយាយ​ដែរ​ថា​សភា​ស.រ.អា.​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ស.រ.អា.​បង់​សោហ៊ុយ​សិន ​ហើយ​រដ្ឋាភិបាល​ម៉ិកស៊ិក​នឹង​សង​នៅ​ពេល​បន្ទាប់។

ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ច្រើន​ដង​មក​ហើយ​ថា​ ពួក​គេ​នឹង​មិន​បង់​ប្រាក់​សម្រាប់​ការ​កសាង​កំផែង​នេះ​ទេ។​ លោក​ប្រធានាធិបតី​ម៉ិកស៊ិក Enrique Pena Nieto​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​សប្តាហ៍​ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG