ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ​សរសើរ​រដ្ឋមន្រ្តី​យុត្តិធម៌​ស្តីទី​ខណៈ​ព្យាយាម​ដាក់​ខ្លួន​លោក​នៅ​ឲ្យ​ឆ្ងាយ​ពី​រដ្ឋ​មន្រ្តី​រូប​នេះ


រូបឯកសារ៖ លោក Matthew Whitaker នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ក្រសួង​យុត្តិធម៌​ កាលពី​ខែ​តុលា។
រូបឯកសារ៖ លោក Matthew Whitaker នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ក្រសួង​យុត្តិធម៌​ កាលពី​ខែ​តុលា។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​សរសើរ​រដ្ឋមន្រ្តី​យុត្តិធម៌​ស្តីទី​ដែល​លោក​បាន​តែង​តាំង​ជំនួស​លោក ​Jeff Sessions ​កាល​ពី​ថ្ងៃសុក្រ ប៉ុន្តែ​លោក​បាន​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​បេក្ខជន​ដែល​លោក​បាន​តែង​តាំង​ដោយ​លោក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​គ្រាន់​តែ​ធ្លាប់​បាន​ឭ​អំពី​កេរ្តិ៍ឈ្មោះ​របស់​លោក ​Matthew Whitaker​ តែ​ប៉ុណ្ណោះ។

លោក ត្រាំ​ បាន​ប្រាប់​ក្រុម​អ្នកសាព័ត៌មាន​មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស​ថា៖ «ខ្ញុំ​មិន​ស្គាល់​លោក Whitakerទេ។ លោកWhitakerធ្វើ​ការ​ឲ្យ​លោក Jeff Sessions ​ហើយ​គេ​តែង​តែ​សសើរ​ថា​លោក​ជា​មនុស្ស​ពូកែ។ ខ្ញុំ​មិន​ស្គាល់​លោក​Whitakerទេ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កាសែត​The Washington Post បាន​ដក​ស្រង់​ពី​ប្រភព​ដែល​ជិតស្និត​នឹង​លោក​រដ្ឋមន្រ្តី​យុត្តិធម៌​ស្តីទី​ Whitaker​ ដោយ​បាន​រាយការណ៍​ថា​លោក​គ្មាន​បំណង​ដក​ខ្លួន​ចេញ​ពី​ការ​ត្រួតពិនិត្យ​លើ​ការងារ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក ​Robert Mueller​ ទៅ​លើ​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​នោះ​ទេ។

ប្រភព​នោះ​ក៏​បាន​ប្រាប់កាសែត ​Washington Post​ ទៀត​ថា​ពួក​គេ​មិន​ជឿ​ថា​លោក​ Whitaker​ នឹង​អនុម័ត​ទៅ​លើ​ការ​ចេញ​ដីកា​បង្គាប់​ណាមួយ​ពាក់​ព័ន្ធ​នឹង​លោក ត្រាំ​ ទៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ទេ។ លោក ត្រាំ​ ធ្លាប់​បាន​និយាយ​ថា​ ប្រសិន​បើ​មាន​ដីកា​បង្គាប់​ក៏ដោយ​ ក៏​លោក​នឹង​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​សំណួរ​របស់​លោក​ Mueller​ដែរ។

លោក ត្រាំ​ ធ្លាប់​បាន​និយាយ​ថា «សូម្បី​តែ​គិត​ក៏​ខ្ញុំ​មិន​ដែល​គិត​ដល់​រឿង​នេះ​ផង។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​គិត​អំពី​ពិភព​លោក។ ខ្ញុំ​មិន​គិត​អំពី​រឿង​ឥតប្រយោជន៍​នេះ​ទេ។ វា​គ្មាន​ការចូល​ជ្រៀត​ជ្រែក​រំខាន​អ្វី​ទាំង​អស់។ វា​គឺ​ជា​រឿង​បោក​បញ្ឆោត។ ខ្ញុំ​គិត​ថា​រឿង​ទាំង​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​គណបក្សប្រជាធិតេយ្យ»៕

XS
SM
MD
LG