លោកត្រាំបានសរសេរសារអធិប្បាយបន្តបន្ទាប់តាមបណ្តាញសង្គម Twitter ពីក្លឹបវាយកូនហ្គោល ដែលលោកកំពុងធ្វើការនៅពេលសម្រាក នៅក្រុង Bedminster រដ្ឋ New Jersey ដោយបានរិះគន់ការស្ទង់មតិនោះថាជា «ការស្ទង់មតិមិនពិត ដែលផ្សព្វផ្សាយដោយព័ត៌មានមិនពិត»។ លោកបានអះអាងថា យុទ្ធនាការឃោសនា ដែលលោកបានធ្វើនៅក្នុងរដ្ឋមួយចំនួន ដែលលោកបានឈ្នះនៅក្នុងការបោះឆ្នោតនាឆ្នាំមុនបង្ហាញពីកម្លាំងដែលលោកកំពុងបន្តមានឡើង។ លោកបានបន្ថែមថា កត្តាមួយចំនួន «បានជំរុញមូលដ្ឋានគ្រឹះនយោបាយរបស់លោកកាន់តែកៀកចូលនឹងគ្នា ហើយនឹងមិនផ្លាស់ប្តូរជាដាច់ខាត»។
ការស្ទង់មតិជាតិនាពេលថ្មីៗនេះបង្ហាញថា មានតែមួយភាគបីនៃអ្នកបោះឆ្នោតនៅអាមេរិកប៉ុណ្ណោះ ដែលគាំទ្រសមិទ្ធផលការងារអំឡុងពេលកាន់តំណែងប្រាំមួយខែកន្លះរបស់លោកប្រធានាធិបតីកន្លងមកនេះ ខណៈពេលមានការធ្លាក់ចុះការគាំទ្រនៅក្នុងចំណោមអ្នកបោះឆ្នោត ដែលបោះឆ្នោតឲ្យលោក។
ប៉ុន្តែលោកត្រាំបានលើកឡើងពីការកើនឡើងខ្ពស់មិនធ្លាប់មានពីមុននៃទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេស ការពង្រឹងសន្តិសុខព្រំដែនខ្លាំងជាងមុន កំណើនការងារធ្វើ ការបន្ធូរបន្ថយនិយតកម្មអាជីវកម្ម និងការអនុម័តចៅក្រមតុលាការកំពូលអភិរក្សម្នាក់ ថាជាភស្តុតាងបង្ហាញថា លោកកំពុងតែទទួលបានជោគជ័យ។
លោកត្រាំបាននិយាយថា វា «មិនគួរឲ្យជឿ» ថា «មូលដ្ឋាននយោបាយរបស់លោកត្រាំកំពុងកាន់តែខ្លាំងឡើងដូចនេះ» ទោះបីជាមានការផ្សាយព័ត៌មានតាមបណ្តាញសារព័ត៌មានធំៗអស់រយៈពេលរាប់ខែមកនេះពីអ្វីដែលលោកបានហៅថា «ជារឿងស៊ុមគ្រលុំជាមួយរុស្ស៊ី ដែលជាព័ត៌មានមិនពិត»។
ការស៊ើបអង្កេតជាច្រើនកំពុងត្រូវបានធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនអំពីថាតើជំនួយការយុទ្ធនាការឃោសនារបស់លោកត្រាំ បានស៊ុមគ្រលុំជាមួយនឹងមន្ត្រីរុស្ស៊ី ដើម្បីជួយលោកត្រាំយកឈ្នះលើដៃគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន ឬទេ។
ទីប្រឹក្សាពិសេសលោក Robert Mueller ដែលជាអតីតប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ កំពុងតែធ្វើការស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្ម ដោយបានរៀបចំសមាជិកគណៈវិនិច្ឆ័យពិសេសមួយ ដើម្បីពិនិត្យមើលសក្ខីកម្មអំពីទំនាក់ទំនងរវាងយុទ្ធនាការឃោសនារបស់លោកត្រាំ និងមន្ត្រីរុស្ស៊ី និងថាតើលោកត្រាំបានរារាំងផ្នែកប្រព័ន្ធយុត្តិធម៌ តាមរយៈការបណ្តេញលោក James Comey ដែលជាអតីតប្រធានទីភ្នាក់ងារស៊ើបអង្កេតមួយរូបទៀតចេញពីតំណែង នៅពេលលោក Comey កំពុងដឹកនាំទីភ្នាក់ងារនោះស៊ើបអង្កេតលើរឿងទំនាក់ទំនងជាមួយនឹងរុស្ស៊ី មុនពេលលោក Mueller ចូលកាន់តំណែងជំនួស។
ការស្ទង់មតិ ដោយមហាវិទ្យាល័យ Qunnipiac កាលពីសប្តាហ៍មុន បានបង្ហាញថា ៦១ភាគរយនៃពលរដ្ឋអាមេរិកាំងមិនយល់ឃើញថា សមិទ្ធផលការងាររបស់លោកត្រាំនៅសេតវិមានជារឿងវិជ្ជមានទេ ហើយមានតែ ៣៣ភាគរយប៉ុណ្ណោះ ដែលគាំទ្រ ដែលនេះជាការកម្រិតទាបបំផុតមួយសម្រាប់មេដឹកនាំអាមេរិកនៅក្នុងរយៈពេលប៉ុន្មានខែដំបូងនៃការកាន់តំណែងរបស់លោកនៅសេតវិមាន។ ការស្ទង់មតិដទៃទៀតក៏បានបង្ហាញថា លោកត្រាំមានសំឡេងគាំទ្រតែ ៤០ភាគរយប៉ុណ្ណោះ។
ការស្ទង់មតិពីមហាវិទ្យាល័យ Quinnipiac ក៏បានបង្ហាញថា ការគាំទ្រទៅលើលោកត្រាំពីសំណាក់ក្រុមអ្នកបោះឆ្នោតចម្បងឲ្យរូបលោក ដែលជាពលរដ្ឋស្បែកស និងមិនមានសញ្ញាប័ត្រពីមហាវិទ្យាល័យ បានធ្លាក់ចុះ ដោយមានតែ ៤៣ភាគរយប៉ុណ្ណោះគាំទ្រសមិទ្ធផលរបស់លោក ហើយ ៥០ ភាគរយទៀតមិនគាំទ្រ។ នៅក្នុងការបោះឆ្នោត ការស្ទង់មតិបានបង្ហាញថា ៦៦ភាគរយនៃពលរដ្ឋស្បែកស ដែលមិនមានសញ្ញាប័ត្រពីមហាវិទ្យាល័យបានបោះឆ្នោតឲ្យលោក ជំនួសឲ្យលោកស្រីគ្លីនតុន។
ស្របពេលដែលលោកអះអាងពីការគាំទ្រនយោបាយនៅក្នុងចំណោមអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ លោកត្រាំក៏បានរិះគន់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក Richard Blumenthalតាមរយៈការបង្ហោះសារមួយចំនួនតាមបណ្តាញសង្គម Twitter បន្ទាប់ពីសមាជិកព្រឹទ្ធសភានៅរដ្ឋ Connecticut រូបនោះ បានបង្ហាញខ្លួននៅក្នុងប៉ុស្តិ៍ព័ត៌មាន CNN និងបាននិយាយថា «មិនមានការបន្ទាប និងប៉ានស្មានទាបជាងការពិត ដែលថាមាន ការវាយប្រហារពីរុស្ស៊ី» ទៅលើការបោះឆ្នោតនៅឆ្នាំមុន បណ្តាលឲ្យមានការស៊ើបអង្កេតនាពេលបច្ចុប្បន្ននោះឡើយ។
លោកត្រាំបានហៅលោក Blumenthal ថាជា «ជនឆបោកតាមរយៈការនិយាយរឿងរបស់ខ្លួននៅវៀតណាម! គាត់បាននិយាយរឿងរ៉ាវរបស់គាត់នៅអំឡុងសង្គ្រាមវៀតណាម និងការយកជ័យជម្នះលើសមរភូមិ ពីភាពក្លាហានរបស់លោក ហើយអ្វីទាំងនោះ គឺជាការកុហកទាំងអស់។ គាត់បានយំដូចទារក ហើយបានសុំឲ្យមានការអត់ឱនឲ្យដូចកូនក្មេងអញ្ចឹង។ ឥឡូវនេះ គាត់ហ្នឹងកំពុងតែវាយតម្លៃលើការស៊ុមគ្រលុំជាមួយរុស្ស៊ីឬ?»
ការចោទប្រកាន់ដូចនេះពីសំណាក់លោកត្រាំ បានកើតឡើង បន្ទាប់ពីការសារភាពរបស់លោក Blumenthal អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១០ របស់លោក ដែលថា លោកបានបម្រើការនៅក្នុងជួរយោធាអាមេរិកអំឡុងសង្គ្រាមនៅវៀតណាម ប៉ុន្តែមិននៅក្នុងប្រទេសវៀតណាម ដូចដែលលោកបានលើកឡើងម្តងហើយម្តងទៀតនោះទេ។
បន្ទាប់ពីការបង្ហោះសារតាមបណ្តាញសង្គម Twitter របស់លោកត្រាំ លោក Blumenthal បាននិយាយថា «លោកប្រធានាធិបតី៖ ការសម្លុតរបស់លោកមិនមានប្រសិទ្ធិភាពនៅគ្រាមុន ហើយក៏មិនមានប្រសិទ្ធិភាពនៅពេលនេះដែរ។ គ្មាននរណានៅក្រៅសំណាញ់ច្បាប់នោះទេ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា