ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទំនង​ជា​នឹង​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណ​រដ្ឋ​ជា​ថ្មី


លោក Donald Trump ថ្លែង​នៅក្នុង​កម្មវិធីយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ នៅទីក្រុង Manchester នៃ​រដ្ឋ New Hampshire សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
លោក Donald Trump ថ្លែង​នៅក្នុង​កម្មវិធីយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ នៅទីក្រុង Manchester នៃ​រដ្ឋ New Hampshire សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Donald Trump ទំនង​ហាក់​ដូច​ជានឹង​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​ជា​ថ្មី​ម្តង​ទៀត ក្នុង​ការប្រកួតប្រជែងស្វែង​រក​ការ​តែងតាំង​ជា​បេក្ខជនប្រធានាធិបតីឆ្នាំ​២០២៤​ សម្រាប់​គណបក្ស​សាធារណរដ្ឋ​ ​ដោយ​ការ​ស្ទង់​មតិ​បង្ហាញថា​ លោក​មានសំឡេង​គាំទ្រ​នាំ​មុខ​ខ្ពស់ខ្លាំង​ នៅក្នុង​ការបោះឆ្នោត​បឋម ដែល​នឹង​ប្រព្រឹត្តធ្វើនៅ​ថ្ងៃ​អង្គារ នៅ​ក្នុង​រដ្ឋ New Hampshire ដែល​ស្ថិត​នៅ​ភាគ​ឦសាន្ត​ប្រទេស​អាមេរិក។​

លោក Trump ក៏​ទទួល​បានការ​ជំរុញ​លើក​ទឹកចិត្ត​ខ្លាំង ទាំង​នៅ​ក្នុង​រដ្ឋ​ New Hampshire​ និង​ការ​ប្រកួត​ប្រជែងជា​ទូទៅ​ ដោយ​កាល​ពី​ថ្ងៃ​អាទិត្យ ​អភិបាលរដ្ឋ Florida លោក​ Ron DeSantis ​បាន​ប្រកាស​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។​ ​

លោក ​DeSantis បានបរាជ័យ​ដោយ​មិន​ទទួល​បាន​តាម​ការ​រំពឹង​ទុក​របស់​លោកដែល​ថា​ លោក​នឹង​ក្លាយ​ជាអ្នក​ប្រជែង​ដ៏សំខាន់​មួយ​តទល់​ជា​មួយលោក ​Trump ​ហើយ​ការ​ចាកចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ​បានទុក​ឱ្យ​លោក Trump និង​អតីត​អភិបាល​រដ្ឋ​ South Carolina​ អ្នក​ស្រី​ Nikki Haley ជា​គូប្រជែង​ដ៏​សំខាន់​តែ​ពីរ​នាក់ប៉ុណ្ណោះ​ ក្នុង​ការ​ប្រជែង​យក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​របស់គណបក្ស​សាធារណរដ្ឋ។​ ​

ក្នុង​ការស្ទង់​មតិ​ថ្មីមួយកាល​ពី​ថ្ងៃ​អាទិត្យ​របស់​ទូរទស្សន៍ ​CNN​ ​ បាន​បង្ហាញ​ថា ​លោក Trump មាន​សំឡេងគាំទ្រ​ចំនួន​ ៥០​ភាគរយ ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ New Hampshire ​ដែល​ជា​ចំនួន​ខ្ពស់​ដាច់​មួយ​លើ​អ្នក​ស្រី​ Haley ដែល​មាន​សំឡេង​គាំទ្រចំនួន​ ៣៩​ភាគរយ ហើយ​លោក DeSantis ​មាន​សំឡេង​គាំទ្រ​ ៦ភាគរយ។​ អ្នក​ស្រី Haley ធ្លាប់​បម្រើ​ការងារ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ក្រោម​រដ្ឋបាល​របស់​លោក Trump។ ​

លោក Trump បាន​ឈ្នះ​ការបោះឆ្នោត​បឋមក្នុង​រដ្ឋ​ Iowa ភាគ​កណ្តាល​ខាង​លិច​សហរដ្ឋ​អាមេរិក​ដែល​សម្បូរដោយ​កសិដ្ឋាន​កាល​ពី​សប្តាហ៍​មុន​ ដោយ​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ជាង​ ៥០ភាគរយ​ ​ ដែល​លើស ​២​ខ្ទង់​ លើ​លោក DeSantis និង​អ្នក​ស្រី Haley។

លោក Trump និង​អ្នកស្រី Haley បាន​រិះគន់គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ចុងសប្តាហ៍​នេះ​ ​ខណៈពេល​ដែលលោក ​DeSantis ​បាន​ទៅ​កាន់​រដ្ឋ​ South Carolina​ និង​វិលត្រឡប់​មក​កាន់​រដ្ឋ New Hampshire វិញ​ មុន​ពេល​លោក​ប្រកាសបញ្ចប់​ការ​ប្រកួតប្រជែង​យក​តំណែងគ្រប់គ្រង​សេតវិមាននេះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG