ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បង្ហាញពីភាពធន់ផ្នែកនយោបាយពេលប្រឈមនឹងផ្លូវច្បាប់


បេក្ខជនប្រធានាធិបតីម្នាក់របស់គណបក្សសាធារណរដ្ឋ​និង​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ឈរ​នៅ​លើ​វេទិកា​សម្រាប់​យុទ្ធនាការ​មួយ​នៅទីក្រុង Atkinson នៃ​រដ្ឋ Newhamshire កាលពីថ្ងៃទី១៦ ខមករា ឆ្នាំ២០២៤។
បេក្ខជនប្រធានាធិបតីម្នាក់របស់គណបក្សសាធារណរដ្ឋ​និង​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ឈរ​នៅ​លើ​វេទិកា​សម្រាប់​យុទ្ធនាការ​មួយ​នៅទីក្រុង Atkinson នៃ​រដ្ឋ Newhamshire កាលពីថ្ងៃទី១៦ ខមករា ឆ្នាំ២០២៤។

លោក​អតីត​ប្រធានាធិបតី​ Donald Trump ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ និង​ការកាត់ក្តី​នា​ពេល​ខាងមុខ​នេះ។ ​លោក​មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​ចំនួន​ប្រាំ​លើក​ជាមួយ​គូប្រជែង​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២៤​ នេះទេ​ ហើយ​លោក​បន្ត​អះអាង​ដោយ​មិន​ពិត​ថា ​លោក​ត្រូវបាន​គេ​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សម្រាប់អាណត្តិទី ២​ នៅ​ក្នុង​ឆ្នាំ​ ២០២០ ​ដែល​លោក​បាន​ចាញ់​លោក​ប្រធានាធិបតី ​Joe Biden។​

ក៏ប៉ុន្តែ​ការ​បោះឆ្នោត​ជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០២៤​ នេះ ​សម្រាប់​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Iowa​ បាន​បង្ហាញ​ថា ​លោក​ក៏​មាន​ទំនាក់​ទំនង​យ៉ាងរឹងមាំ​ជាមួយ​អ្នកគាំទ្រ​របស់​លោក​ផង​ដែរ ​ដោយ​លោក​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ស្រុក​ចំនួន​ ៩៨ ​ក្នុង​ចំណោម​ស្រុក​ចំនួន​ ៩៩ ​នៅ​ក្នុង​រដ្ឋ​ Iowa ដែល​ជា​រដ្ឋ​សម្បូរកសិកម្ម​នៅ​ភាគ​កណ្តាល​ប្រទេស​នេះ។​

លោក ​Trump ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជាង​ពាក់​កណ្តាល​កាលពី​យប់​ថ្ងៃចន្ទ​ គឺលើសពីរ​ដង​នៃ​សំឡេង​ឆ្នោត​គូប្រជែងទាំងពីរបន្ទាប់​ពី​លោក។​ អភិបាល​រដ្ឋ ​Florida ​លោក Ron DeSantis ​បាន​ទទួល​ចំណាត់​លេខ ២ ​ដោយ​ឈ្នះ​អតីត​ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​និង​ជា​អតីត​អភិបាលរដ្ឋ ​South Carolina ​គឺ​អ្នកស្រី ​Nikki Haley ​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ៣។ ​ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ ៤ ​គឺ​បាន​ទៅ​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា ​គឺ​លោក ​Vivek Ramaswamy ​ដែលបាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង ​ហើយ​បាន​គាំទ្រ​លោក ​Trump។​

ការ​គាំទ្រ​របស់​អ្នក​បោះឆ្នោត​ដល់​លោក​ Trump ​នៅ​ក្នុង​រដ្ឋ​ដែល​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​នេះ​ ត្រូវ​បាន​បង្ហាញ​យ៉ាងច្បាស់​ ហើយ​បណ្តាញ​ព័ត៌មាន​និង​បណ្តាញ​ទូរទស្សន៍បាន​ប្រកាស​យ៉ាងឆាប់​រហ័ស​ថា ​លោក ​Trump ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ ​Iowa។​ ការផ្សាយ​នោះ​បាន​ធ្វើ​ឡើងមុន​ពេល​អ្នក​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ទាំងអស់​ចំនួន​ជាង​ ១.៦០០​កន្លែង​នោះ​ទៅ​ទៀត។​

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ពេល​លោក​ទទួល​បាន​ជ័យជម្នះ ​លោក ​Trump ​បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្រុង ​Des Moines ​ថា ​«នេះ​គឺ​ជា​បទពិសោធន៍​មិន​គួរ​ឱ្យ​ជឿ»។​ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ ​«ហើយ​ពួកគេ​បាន​និយាយ​ថា ​ប្រសិន​បើ​អ្នក​ទទួល​ការ​គាំទ្រ​បាន​១២% ​នោះ​គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ។ ​នោះ​ជា​លទ្ធផល​ដែលពិបាក​សម្រេច​បាន​ណាស់។ ​ខ្ញុំ​គិត​ថា ​យើង​បាន​ទទួល​លើស​ពី​ទ្វេ​ដង​ទៅ​ទៀត‍»។​

កាលពី​ព្រឹក​ថ្ងៃអង្គារ ​ទី ១៦ ​ខែ​មករា ​លោក ​Trump ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Truth របស់​លោក ​ដោយ​បាន​ហៅ​ជ័យជម្នះ​របស់​លោក​នៅ​រដ្ឋ Iowa ​ថា ​«ជា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ‍»។​

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក ​Trump ​បាន​ព្យាករណ៍​ថា ​លោក Trump ​អាច​ដណ្តើម​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណ​រដ្ឋ​ជាប់ៗ​គ្នា​ជា​លើក​ទី ៣ ​នៅ​ចុង​ខែមីនា​ខាង​មុខ​នេះ ​ដោយ​មាន​ការ​បោះឆ្នោត​បឋម​តាម​រដ្ឋ ​និង​ការ​ឈ្នះ​តាម​ការបោះឆ្នោត​ក្នុង​គណបក្សដែល​លោក​ទំនងជាឈ្នះនៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

ការ​បោះឆ្នោត​បន្ទាប់​គឺ​ជា​ការបោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណ​រដ្ឋ​នៅ​រដ្ឋ ​New Hampshire ​ដែល​ស្ថិត​នៅ​ភាគឦសាន​ប្រទេស ​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ​ខែ​មករា ​ខាង​មុខនេះ ​ដែល​ការ​ស្ទង់មតិ​បង្ហាញ​ថា ​លោក ​Trump ​មាន​ការ​នាំមុខ​យ៉ាង​ខ្លាំង ​ប៉ុន្តែការ​ស្ទង់មតិ​នៅ​មុន​នោះ​បង្ហាញ​ថា ​ការ​គាំទ្រ​អ្នកស្រី ​Haley ​មាន​ការ​កើន​ឡើង៕​

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG