ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Iowa


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅ​​កម្មវិធី​ជួបជុំ​របស់​គណបក្ស​នៅ​ទីក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅ​​កម្មវិធី​ជួបជុំ​របស់​គណបក្ស​នៅ​ទីក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Iowa កាលពី​យប់​ថ្ងៃ​ចន្ទ។ នេះ​ជា​ការ​បោះឆ្នោត​នៅ​រដ្ឋ​ដំបូង​នៃ​ការ​ប្រកួត​ប្រជែង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ដែល​គណបក្ស​សាធារណរដ្ឋ​ធ្វើ​ឡើង​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​ខ្លួន​ដើម្បី​ទៅ​តទល់​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Trump ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ពាក់​កណ្ដាល​ក្នុង​ចំនួន​ប្រហែល ៥១%។ អភិបាល​រដ្ឋ Florida លោក Ron DeSantis ទទួល​បាន​សំឡេង​គាំទ្រ​ទី​ពីរ​ក្នុង​ចំនួន ២១%។ រីឯ​អតីត​អភិបាល​រដ្ឋ South Carolina អ្នកស្រី Nikki Haley វិញ​ទទួល​បាន​សំឡេង​គាំទ្រចំនួន ១៩%។

លោក Trump បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​អំពី​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ទីក្រុង Des Moines នៃ​រដ្ឋ Iowa ថា៖ «នេះ​ជា​បទពិសោធ​ដ៏​អស្ចារ្យ​មួយ។ គេ​និយាយ​ថា​ប្រសិនបើ​អ្នក​ឈ្នះ​បាន​ចំនួន ១២% នោះ​គឺ​ជា​ការ​ឈ្នះ​ដ៏​ធំ​មួយ​ហើយ ហើយ​វា​ពិបាក​នឹង​ឈ្នះ​បាន​ចំនួន​ប៉ុន​នេះ​ណាស់។ ប៉ុន្តែ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ឈ្នះ​ជាង​ទ្វេ​ដង​លើស​នោះ​ទៅ​ទៀត»។

តួលេខ​ដែល​បេក្ខជន​នីមួយៗ​នឹង​ត្រូវ​តាមដាន​នៅ​ទូទាំង​ដំណើរការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នេះ​គឺ​ចំនួន​ប្រតិភូ​ដែល​ពួកគេ​ទទួល​បាន ដោយ​ការ​បោះឆ្នោត​នៅ​រដ្ឋ​នីមួយៗ​កំណត់​អំពី​ចំនួន​ប្រតិភូ​ដែល​ត្រូវ​បែងចែក​ទៅ​ឱ្យ​បេក្ខជន​ម្នាក់ៗ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ពួកគេ​ដើម្បី​បាន​ប្រតិភូ​ចំនួន ១.២១៥ រូប ដែល​ជា​ចំនួន​ត្រូវការ​ដើម្បី​ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន។

បើ​និយាយ​អំពី​សារៈសំខាន់​នៃ​រដ្ឋ Iowa ដែល​ជា​រដ្ឋ​ប្រកួត​ប្រជែង​ដំបូង​នេះ​គឺ​ចំនួន​នេះតិចតួច​ណាស់​បើ​ប្រៀបធៀប​ជាមួយ​នឹង​រដ្ឋ​ផ្សេង​ទៀត​ទាក់ទិន​នឹង​ចំនួន​ប្រតិភូ។ នៅ​ក្នុង​រដ្ឋ​នេះ លោក Trump បាន​ឈ្នះ​ដោយ​ទទួល​បាន​ប្រតិភូ​ចំនួន ២០ រូប លោក DeSantis ទទួល​បាន ៨ រូប ហើយ​អ្នកស្រី Haley ទទួល​បាន ៧ រូប។

បេក្ខជន​កំពូល​ទាំង ៣ ខាង​គណបក្ស​សាធារណរដ្ឋ​នេះ​មាន​ទំនុកចិត្ត​ចំពោះ​ការ​ប្រកួត​ប្រជែង​នេះ​នៅ​ក្រោយ​ការ​បោះឆ្នោត​បឋម​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​ពួកគេ​សម្លឹង​ឆ្ពោះ​ទៅ​ការ​ប្រកួត​ប្រជែង​បន្ទាប់​នៅ​រដ្ឋ New Hampshire នៅ​សប្ដាហ៍​ក្រោយ និង​នៅ​រដ្ឋ South Carolina នៅ​ខែ​កុម្ភៈ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG