ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោតបឋមនៃគណបក្សសាធារណរដ្ឋក្នុងរដ្ឋ Iowa និយាយថា លោក Trump សក្តិសមនឹងក្លាយជាប្រធានាធិបតីអាមេរិកជាថ្មី


អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​និង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋលោក Donald Trump បង្ហាញ​ខ្លួន​នៅ​លើ​ឆាក បន្ទាប់​ពី​ទទួល​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោតបឋម​នៅរដ្ឋ Iowa កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​និង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋលោក Donald Trump បង្ហាញ​ខ្លួន​នៅ​លើ​ឆាក បន្ទាប់​ពី​ទទួល​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោតបឋម​នៅរដ្ឋ Iowa កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

អ្នកគាំទ្រគណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​បំផុត​ ដែល​បានចូល​រួម​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ Iowa ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​បាន​និយាយ​ថា​ ​លោក​ Donald Trump​ សក្តិសម​នឹងឡើង​កាន់​តំណែង​ក្នុង​សេតវិមាន​ឡើង​វិញ​ ​ប្រសិន​បើ​លោក​ត្រូវបាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋណា​មួយ​ក៏​ដោយ​។​ នេះ​បើតាមលទ្ធផលស្ទង់​មតិ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ ដែល​បង្ហាញពីមូលដ្ឋាន​គាំទ្រខ្លាំង​ដែល​អតីត​ប្រធានាធិបតី​អាមេរិករូប​នេះមាន​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ។

អ្នក​បោះឆ្នោត​បឋម​ចំនួន​ប្រមាណ ​២ភាគ៣​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ គេ​មិន​ជឿ​ថាប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក​ Joe Biden ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកកាលឆ្នាំ​ ២០២០​ដោយ​សម​ហេតុផលនោះ​ឡើយ។ នេះ​បើ​យោង​លើ​ការ​ស្ទង់​មតិ​នេះ​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​ការ​ស្ទង់មតិរបស់​វិទ្យាស្ថានស្រាវជ្រាវ​ Edison ស្តី​ពី​ការ​សម្ភាស​អ្នក​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​ចំនួន​១.៦២៨​នាក់​ ក្នុង​រដ្ឋ Iowa ​សហរដ្ឋ​អាមេរិក។​

អ្នក​ឆ្លើយ​សំណួរចំនួន ​៦៦ភាគរយនិយាយ​ថា​ ពួក​គេ​មិន​គិត​ថា​ លោក​ Biden បាន​ឈ្នះ​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​ ២០២០ ដោយ​ភាពត្រឹម​ត្រូវ​នោះ​ឡើយ។ អ្នក​ឆ្លើយ​សំណួរចំនួន​ ៦៥​ភាគរយ ​និយាយ​ថា​ ពួក​គេ​បាន​សម្រេចចិត្ត​ថា​អ្នក​ណា​ដែលគេ​ត្រូវ​គាំទ្រ​ ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជាបេក្ខជនប្រធានាធិបតី​ក្នុង​ការប្រកួតប្រជែង​នៅ​មុន​ដំណាច់​ខែនេះ។ ​

អ្នក​ឆ្លើយ​សំណួរចំនួន​ ៦៥​ភាគរយ​និយាយ​ថា​ លោក Trump នឹង​នៅ​តែ​សក្តិសម​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិកជា​ថ្មី ប្រសិន​បើ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយបទឧក្រិដ្ឋ​ណាមួយ​ក៏​ដោយ។ មាន​អ្នក​ឆ្លើយ​តប​តែ ​៣១ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ថា ​លោក​មិន​សក្តិសមទទួល​តំណែង​នេះ​ បើ​ត្រូវបាន​កាត់​ទោស​នោះ។

ចំណែក​អ្នក​ឆ្លើយសំណួរ​ចំនួន ​៦១​ភាគរយ ​និយាយ​ថា​ ​គេ​ចង់​បាន​ច្បាប់សហព័ន្ធ​មួយ​ ដែលហាមប្រាម​ដល់​ការ ​រំលូតកូននៅ​ទូទាំង​ប្រទេស។​ ដោយ​ឡែកអ្នក​បោះឆ្នោត​បថម​ស្បែក​សចំនួន​ ៥៣​ភាគរយដែលកាន់​សាសនា​គ្រិស្ត បាន​គាំទ្រ​លោក Trump ​ហើយ​មាន​តែ​ ២៧​ ភាគរយ​ប៉ុណ្ណោះ​ ដែល​គាំទ្រ​លោក​ DeSantis។​

អ្នក​បោះឆ្នោត​ចំនួន​ ៤៦​ភាគរយ​ និយាយ​ថា​ គេ​ចាត់​ទុក​ខ្លួន​គេ ថា​ជា​ផ្នែក​មួយ​នៃ​ចលនា​ MAGA ឬការ​ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យជា​ថ្មី​ម្តងទៀត​ ដែល​ជា​ពាក្យ​ស្លោក​របស់ Trump។​ ចំណែក​អ្នក​គាំទ្រ​ចំនួន ៥០​ភាគរយ ​និយាយ​ថា ពួកគេមិនមែន​ជា​ផ្នែក​មួយ​នៃ​ចលនានេះ​ឡើយ។ លោក ​Trump មាន​សំឡេង​នាំ​មុខអ្នកស្រី​ Haley​និង​លោក DeSantis ក្នុង​ចំនួន​ពីរ​ខ្ទង់​ក្នុង​ចំណោម​អ្នក​គាំទ្រ​បុរស​និង​ស្ត្រី​ដូច​គ្នា។

ប៉ុន្តែ​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ ​ពួក​គេ​ពេញ​ចិត្តលោក Trump​ ប្រមាណ ​៣៧​ភាគរយ​ ចំពោះ​អ្នក​ទៅ​បោះឆ្នោតបឋមនេះ បើ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ស្រី Haley មាន​ចំនួន​តែ​ ២៨​ភាគរយ​ ហើយ​លោក DeSantis មាន​ចំនួន​តែ​ ២៦​ភាគរយ​ប៉ុណ្ណោះ។ ​

អ្នក​បោះឆ្នោត​បឋមចំនួន​ ៣៨​ភាគរយ និយាយ​ថា​ សេដ្ឋកិច្ច​ជា​បញ្ហាដែល​មាន​សារសំខាន់​បំផុត​ ក្នុង​ការ​សម្រេចចិត្ត​ស្តីពីការ​បោះឆ្នោត​បឋមកាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ ដោយបញ្ហា​ជន​អន្តោប្រវេសន៍​មាន​ចំនួន​ ៣៤​ភាគរយ​ ​ ហើយ​ក្រៅ​ពី​នេះ​គឺ​លើបញ្ហា​នយោបាយ​ការបរទេស​និង​ការ​រំលូត​កូន​ជា​ដើម។ ​

អ្នក​បោះឆ្នោត​ចំនួន​ ១៤ភាគរយ និយាយ​ថា​ បញ្ហា​គុណភាព​ដ៏​ចម្បង​បំផុត​នោះ​គឺ​ថា​អ្នក​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ត្រូវមាន​សមត្ថភាពយក​ឈ្នះ​លើ​លោក Biden បើ​ប្រៀបធៀប​នឹង​ចំនួន​ ៤១ភាគរយ ​ដែលយល់​ថា​ គុណ​តម្លៃ​រួម​ជាកតា្ត​ចម្បង​បំផុត។

វិទ្យាស្ថាន​ស្រាវជ្រាវ​ Edison​ ​បាន​រៀប​ចំ​ការ​ស្ទង់​មតិ​នេះក្នុង​នាមបណ្តាញ​ការ​ស្ទង់​មតិ​ការ​បោះឆ្នោត​ជាតិ ដែល​ជា​បណ្តុំ​អង្គការ​ព័ត៌មានជា​ច្រើន​ ដែល​រួម​មាន​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក​ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG