ក្នុងព្រឹត្តិការណ៍មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធរាល់បទចោទប្រកាន់ចំនួន៣៤ អំពីការក្លែងបន្លំឯកសារកំណត់ត្រាអាជីវកម្ម ខណៈដែលរដ្ឋអាជ្ញានៅក្រុង New York បានចោទប្រកាន់លោកការផ្តល់លុយបំបិទមាត់ស្ត្រីពីរនាក់ដែលមានទំនាក់ទំនងស្នេហាផ្លូវភេទជាមួយលោក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចោទប្រកាន់ ដែលត្រូវបានបង្ហាញជាផ្លូវការក្រោយលោក Trump បានមកបង្ហាញខ្លួននៅមុខតុលាការកាលពីថ្ងៃអង្គារ បានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះនិងជនផ្សេងទៀត បានរំលោភច្បាប់បោះឆ្នោត តាមរយៈផែនការឃុបឃិតមួយដើម្បីបំបិទការផ្សាយរឿងរ៉ាវអវិជ្ជមានអំពីលោក Trump នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ ស្ត្រីទាំងពីរនោះគឺតារាសម្តែងរឿងអាសអាភាសនាង Stormy Daniels និងអ្នកបង្ហាញម៉ូដអាសអាភាស Karen McDougal។
ក្រុមផ្សាយវីអូអបានរាយការណ៍ថាមិនមានការផ្សាយផ្ទាល់ណាមួយចេញពីក្នុងបន្ទប់សវនាការទេ ក្រោយពីចៅក្រម លោក Juan Merchan បានបដិសេធសំណើសុំផ្សាយពីបណ្តាញផ្សាយព័ត៌មាននានា។ ប៉ុន្តែចៅក្រមរូបនេះបានអនុញ្ញាតឱ្យអ្នកថតរូបមួយក្រុមតូចចូលថតរូបនៅមុនសវនាការចាប់ផ្តើម។
ទីភ្នាក់ងារ Reuters បានរាយការណ៍បន្ថែមថា ក្នុងសម្លៀកបំពាក់អាវធំពណ៌ខៀវងងឹតនិងក្រវាត់កពណ៌ក្រហម លោក Trump បានក្លាយជាអតីតប្រធានាធិបតីឬប្រធានាធិបតីអាមេរិកដំបូងដែលត្រូវរងបទចោទព្រហ្មទណ្ឌ។ លោកបានអង្គុយក្តាប់ដៃនៅតុចុងចោទ អមដោយមេធាវីរបស់លោក។
លោក Trump អាយុ ៧៦ ឆ្នាំ បានឆ្លើយថា «មិនមានកំហុស» នៅពេលត្រូវបានសួរថាតើលោកទទួលយកបទចោទជាង៣០នេះទេ។
មេធាវីម្នាក់របស់លោក Trump គឺលោក Todd Blanche បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយការនាំខ្លួនអតីតប្រធានាធិបតីរូបនេះទៅចំពោះតុលាការថា៖ «យើងនឹងប្រយុទ្ធផ្លូវច្បាប់ប្រឆាំងនឹងវា[បទចោទ]។ យើងនឹងប្រយុទ្ធយ៉ាងខ្លាំងក្លា»។ មេធាវីរូបនេះបន្ថែមថាលោកមានអារម្មណ៍ នឿយណាយ មិនសប្បាយចិត្តនិង ខឹងសម្បាចំពោះបទចោទទាំងនេះ។
ចៅក្រមបានកំណត់យកសវនាការបន្ទាប់នៅថ្ងៃទី៤ ខែធ្នូ ខាងមុខ។
ភ័ស្តុតាងខ្លះប្រឆាំងនឹងលោក Trump ត្រូវបានគេរកឃើញនៅក្នុងការថតសំឡេងមួយកាលពីខែកញ្ញា ឆ្នាំ២០១៦ ក្នុងពេលលោកនិងមេធាវីរបស់លោកកំពុងពិភាក្សាគ្នាអំពីរបៀបដែលលោកអាចបិទបាំងរឿងរ៉ាវស្នេហាលួចលាក់របស់លោក។
លោក Trump ដែលជាបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋសម្រាប់ប្រកួតយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ មិនបាននិយាយអ្វីទាំងអស់នៅពេលលោកចូលក្នុងបន្ទប់តុលាការ ឬនៅពេលលោកចេញពីតុលាការវិញនៅប្រមាណមួយម៉ោងក្រោយមក។ លោកធ្លាប់បានហៅបទចោទទាំងនេះ ថាមានលក្ខណៈនយោបាយ។
ក្រោយចាកចេញពីតុលាការនៅសង្កាត់ Manhattan របស់ក្រុង New York លោក Trump បានធ្វើដំណើរត្រឡប់ទៅរដ្ឋ Florida វិញ ដែលនៅទីនោះលោករំពឹងថានឹងថ្លែងសុន្ទរកថាពីភូមិគ្រឹះ Mar-a-Lago របស់លោកនៅវេលាម៉ោង ៨:១៥នាទីយប់ថ្ងៃអង្គារ (ត្រូវនឹងម៉ោង ៧:១៥នាទីព្រឹក ថ្ងៃពុធម៉ោងនៅកម្ពុជា)។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ប្រភពពីការិយាល័យលោក Trump។
បើរួមបញ្ចូលគ្នា បទចោទទាំងអស់អាចនាំឱ្យមានការជាប់ពន្ធនាគារជាង១០០ឆ្នាំក្រោមច្បាប់រដ្ឋ New York ប៉ុន្តែការកាត់ឱ្យជាប់ទោសពិតប្រាកដណាមួយ ទំនងនឹងបន្ថយចំនួនឆ្នាំនៃការជាប់ពន្ធនាគារនេះ៕
ប្រែសម្រួលដោយ សឹង សុផាត