មេធាវីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្ដេជ្ញាការពារក្ដីយ៉ាងខ្លាំងក្លា តទប់នឹងការចោទប្រកាន់ថាលោកបានបង់ប្រាក់ ១៣០.០០០ដុល្លារ ជាលុយបិទមាត់តារាអាសអាភាសម្នាក់ ដើម្បីទទួលបានឱកាសកាន់តែខ្ពស់ក្នុងការឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៦ កុំឱ្យតារាស្ត្រីរូបនោះនិយាយអំពីការអះអាងរបស់នាងថានាងធ្លាប់លួចមានទំនាក់ទំនងផ្លូវភេទជាមួយលោក Trump កាលពីមួយទសវត្សរ៍មុន។
មេធាវីការពារក្តីគឺលោក Joe Tacopina បានថ្លែងក្នុងកម្មវិធី “State of the Union” របស់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា លុយដែលត្រូវបានបង់ទៅឱ្យតារាស្ត្រីថតកុនអាសអាភាសឈ្មោះ Stormy Daniels នោះ ជា«ការចំណាយផ្ទាល់ខ្លួន មិនមែនជាការចំណាយលើយុទ្ធនាការបោះឆ្នោតទេ»។ លោក Trump បានប្រកែកជាយូរយារណាស់មកហើយចំពោះការចោទប្រកាន់របស់តារាអាសអាភាសថាពួកគេធ្លាប់លួចមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា តែក៏បានទទួលស្គាល់ថាលោកពិតជាបានផ្តល់លុយដល់នាងមែន នៅមុនពេលលោកផ្ដួលគូរប្រកួតរបស់លោកគឺអ្នកស្រី Hillary Clinton បេក្ខជនខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦។
លោក Tacopina បានវាយលុកលើរដ្ឋអាជ្ញាអមតុលាការក្រុង New York លោក Alvin Bragg ចំពោះការឱ្យមហាគណ:វិនិច្ឆ័យចោទប្រកាន់លោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពាក់ព័ន្ធនឹងលុយបិទមាត់នោះ។ លោក Tacopina និយាយថាបើលោក Trump «មិនឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ទេ ម្ល៉េះលោកTrump មិនត្រូវបានចោទប្រកាន់ជាផ្លូវការបែបនេះទេ»។
លោក Tacopina និយាយថា៖ «យើងនឹងការពារលោកTrump ដោយនិយាយយ៉ាងឮនិងខ្លាំងៗថាលោកគ្មានទោសទេ» នៅពេលដែលអតីតប្រធានាធិបតីរូបនេះ នឹងត្រូវនាំខ្លួនមកឆ្លើយក្នុងសំណុំរឿងនៅមុនតុលាការសាលាដំបូងរដ្ឋ New York នៅថ្ងៃអង្គារ។
មេធាវីការពារក្តីរូបនេះក៏បានរិះគន់សាក្សីសំខាន់នៅក្នុងសំណុំរឿងនេះគឺលោក Michael Cohen ដែលធ្លាប់ជាមេធាវីផ្ទាល់ខ្លួននិងជាការសម្របសម្រួលនយោបាយរបស់លោក Trump ផងដែរ។ លោក Tacopina បានហៅលោក Cohen ដែលបានបង់លុយបិទមាត់ទៅឲ្យតារាសម្ដែងអាសអាភាសរូបនោះ និងទទួលបានការទូទាត់ប្រាក់ពីលោក Trump វិញនោះ ថាជា «ទណ្ឌិតកុហកមិនសមហេតុផល ដែលនិយាយម្តងអញ្ចេះម្តងអញ្ចោះជារៀងរហូតមក»។ លោក Cohen ត្រូវបានកាត់ទោសពីបទល្មើសជាច្រើនពាក់ព័ន្ធនឹងលុយដែលបង់ឲ្យនាង Daniels និងបានជាប់ពន្ធនាគារជាង១ឆ្នាំ។
លោក Lanny Davis ដែលជាមេធាវីរបស់លោក Cohen ក៏បានថ្លែងក្នុងកម្មវិធីទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យដែរថា ពេលទទួលស្គាល់កំហុសក្នុងសំណុំរឿងនេះ លោក Cohen «បាននិយាយកុហកជំនួសលោក Donald Trump អស់១០ឆ្នាំ» ហើយឥឡូវបានផ្ដល់ឯកសារមួយឈុតធំដល់ក្រុមរដ្ឋអាជ្ញា ដែលបង្ហាញពីរបៀបបង់លុយបិទមាត់តារាសម្ដែងអាសអាភាសនោះកុំឱ្យនិយាយ ដោយមានការយល់ព្រមពីលោក Trump និងការទូទាត់ប្រាក់សងលោក Cohen វិញ។
ប្រាប់ដែលបានទូទាត់សងលោក Cohen បានចុះបញ្ជីក្នុងក្រុមហ៊ុនរបស់លោក Trump ថាជាសោហ៊ុយថ្លៃជំនួយផ្នែកច្បាប់។ តែសេចក្ដីរាយការណ៍ព័ត៌មាននៅសហរដ្ឋអាមេរិកអំពីការស៊ើបអង្កេត បានឲ្យដឹងថាប្រាក់នោះគឺដើម្បីកុំឱ្យការចោទប្រកាន់របស់នាង Daniels អំពីទំនាក់ទំនងលួចលាក់នោះធ្លាក់ដល់បណ្ដាញសារព័ត៌មាន តែប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឆ្នាំ២០១៦។ កាសែត The Wall Street Journal បានផ្សាយព័ត៌មានអំពីលុយបិទមាត់នោះមុនគេនៅដើមឆ្នាំ២០១៨។
ក្នុងបទចោទប្រកាន់លោក Cohen រដ្ឋាភិបាលបានបញ្ជាក់ថាលុយដែលផ្តល់ឱ្យនាង Daniels ធ្វើឡើងតាមបញ្ជារបស់«បុគ្គល១» ដែលរដ្ឋាភិបាលទទួលស្គាល់ថាជាលោក Trump។
លោក Trump គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលកាន់ដំណែងឬក្រោយចាកចេញពីតំណែង ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌដោយតុលាការ។ មន្ត្រីដែលដឹងរឿងនេះនិយាយថាមហាគណ:វិនិច្ឆ័យកំពុងចោទប្រកាន់ពីបទព្រហ្មទណ្ឌជាង៣០ករណី តែបទចោទទាំងនោះ មិនទាន់ត្រូវបានលាតត្រដាងជាសាធារណ:នៅឡើយទេ។ បទចោទទាំងនេះនឹងត្រូវបង្ហាញពេលលោកTrump បង្ហាញខ្លួននៅមុខតុលាការ។
លោក Trump ដែលរស់នៅភាគច្រើននៅវិមាន Mar-a-Lago ដែលជាភូមិគ្រឹះជាប់មាត់សមុទ្ររបស់លោកនៅរដ្ឋ Florida គ្រោងនឹងធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុង New York នៅថ្ងៃចន្ទ ហើយបន្ទាប់មក ពេលដែលលោកចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារ ទំនងជានឹងត្រូវផ្ដិតមេដៃនិងថតរូបមុនពេលបង្ហាញខ្លួនក្នុងតុលាការនៅចំពោះមុខចៅក្រមលោក Juan Merchan។
ការិយាល័យរបស់លោក Trump បានឱ្យដឹងថា លោក Trump ត្រូវគេរំពឹងថានឹងថ្លែងសុន្ទរកថានៅវិមាន Mar-a-Lago នៅយប់ថ្ងៃអង្គារ។ កងអង្គរក្សរបស់លោក Trump មន្ត្រីតុលាការនិងប៉ូលិសក្រុង New York បានជួបប្រជុំគ្នាតាំងពីពេលប្រកាសបទចោទប្រកាន់ផ្លូវការលើលោក Trump ដើម្បីត្រៀមរៀបចំសម្រាប់ការបង្ហាញខ្លួនរបស់លោក Trump នៅតុលាការ ថាតើលោកនឹងដើរកាត់ច្រកផ្លូវណា ផ្លូវក្បែរខាងណាខ្លះដែលត្រូវបិទចរាចរ និងចំណតរថយន្ដណាដែលត្រូវហាមឃាត់ជាដើម៕
ប្រែសម្រួលដោយលោក សាយ មុន្នី