ការនំាខ្លួនលោក Donald Trump មកកាន់តុលាការនៅថ្ងៃអង្គារនេះ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងប្រើរយៈពេលតិចជាងមួយម៉ោង ប៉ុន្តែសំណុំរឿងក្តីក្តាំមួយនេះ នឹងអាចប្រើពេលរាប់ឆ្នាំទៀត ដើម្បីបញ្ចប់ ខណៈពេលដែលអតីតប្រធានាធិបតីដែលសម្បូររឿងក្តីក្តាំមួយនេះ បង្កើតក្រុមការពារក្តីមួយ ដែលអាចធ្វើឱ្យសំណុំរឿងមួយនេះអាចអូសបន្លាយពេលរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ ដែលលោកកំពុងឈរឈ្មោះធ្វើជាបេក្ខជនមួយរូបផងដែរ។
លោកTrump បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងគេ ដែលប្រឈមនឹងបទចោទព្រហ្មទណ្ឌ នៅពេលដែលមហាគណៈវិនិច្ឆ័យក្នុងទីក្រុង New York កាលពីសប្តាហ៍បានបោះឆ្នោត ឱ្យចោទប្រកាន់លោក នៅក្នុងសំណុំរឿងផ្តល់លុយបំបិទមាត់តារាសម្តែងអាសអាភាសម្នាក់គឺនាង Stormy Daniels កាលពីឆ្នាំ២០១៦។
ដីកាចោទប្រកាន់ ដែលនៅបិទជិតនៅឡើយ ត្រូវគេរំពឹងថានឹងត្រូវផ្សព្វផ្សាយជាសាធារណៈក្រោយការបង្ហាញខ្លួនរបស់លោកTrump នៅក្នុងតុលាការនៅថ្ងៃអង្គារនេះ។
នៅក្នុងការនាំខ្លួនលោក Trump មកកាន់តុលាការ ឬការបង្ហាញខ្លួនក្នុងតុលាការជាលើកដំបូងនេះ ចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងនេះ គឺលោក Juan Merchan។ ចៅក្រមរូបនេះនឹងអានបទចោទប្រកាន់ទៅលើលោក Trump ហើយជារឿងដែលគេធ្លាប់តែឃើញសម្រាប់ចុងចោទនានាក្នុងពេលកន្លងទៅនោះ គឺលោក Trump នឹងបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ដោយនិយាយថាលោកគ្មានកំហុសឡើយ។
ជំហានផ្លូវច្បាប់បន្ទាប់មកទៀត គឺរួមមានដំណើរការបុរេអង្គជំនុំជម្រះ ដែលមានរយៈពេលរាប់ខែឬអាចរាប់ឆ្នាំ ទម្រាំទៅដល់ការជ្រើសរើសគណៈវិនិច្ឆ័យ ដើម្បីបើកសវនាការមួយ។
បើទោះបីជាមានករណីបទឧក្រិដ្ឋជាង៩០% ក្នុងរដ្ឋ New York ក៏ដូចជានៅក្នុងសហរដ្ឋអាមេរិកទាំងមូលដែរ ដែលមានការសម្របសម្រួលទទួលកំហុសដោយចុងចោទនោះ មេធាវីរបស់លោក Trump និយាយថា អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងមិនជ្រើសរើសយកជម្រើសមួយនេះឡើយ។
នៅក្រោមច្បាប់ពន្លឿនសវនាការរបស់រដ្ឋ New York សវនាការក្តីបទឧក្រិដ្ឋមួយ ត្រូវចាប់ផ្តើមឡើងក្នុងរយៈពេល៦ខែ ក្រោយការនាំខ្លួនចុងចោទមកកាន់តុលាការនោះ។ ប៉ុន្តែជាទូទៅ កាលបរិច្ឆេទនេះ តែងតែមានការលើកពេលជានិច្ច ដោយគូភាគីក្នុងក្តីក្តាំតែងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីត្រៀមខ្លួន។
លោក Trump បានបដិសេធរាល់កំហុសឆ្គងនានា នៅក្នុងសំណុំរឿងមួយនេះ ហើយក្រុមមេធាវីរបស់លោកដែលក្នុងពេលថ្មីៗនេះមានចំនួនកាន់តែច្រើនឡើងនោះ បានសន្យាថានឹងស្វែងរកយុត្តិធម៌ដល់កូនក្តីរបស់ពួកគេដល់ទីបំផុត ចាប់តាំងពីមុនពេលឈានដល់ដំណាក់កាលចុងក្រោយនៅចំពោះមុខគណៈវិនិច្ឆ័យទៅទៀត៕