ដោយធ្លាប់ទទួលរងសវនាការចោទប្រកាន់ទម្លាក់ពីតំណែងជាប្រធានាធិបតីចំនួន ២ ដង ប៉ុន្តែមិនត្រូវបានកាត់ទោសក្នុងពេលទាំងពីរដងនោះ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី ១ នៅពេលនេះ ដែលត្រូវប្រឈមមុខនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ។
នៅក្នុងវិធានការដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក មហាគណៈវិនិច្ឆ័យនៅក្នុងរដ្ឋ New York កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតគាំទ្រការចោទប្រកាន់លោក Trump ពីបទចោទប្រកាន់មួយចំនួន ពាក់ព័ន្ធនឹងការចំណាយប្រាក់ដល់តារាស្រីអាសអាភាសម្នាក់ នៅក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។
បទចោទប្រកាន់ដែលមានការរំពឹងទុកនេះកើតមានឡើង ខណៈពេលដែលលោក Trump កំពុងស្វះស្វែងឈរឈ្មោះដើម្បីវិលត្រឡប់ទៅកាន់សេតវិមានវិញ ក្រោយពីចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីទី ១ និងជាបេក្ខជនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ដោយតុលាការ។
ដីកាចោទនេះត្រូវបានបិទជិតនៅឡើយ ហើយគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើបទឧក្រិដ្ឋអ្វី ឬបទឧក្រិដ្ឋចំនួនប៉ុន្មានករណី ដែលលោក Trump ត្រូវទទួលការចោទប្រកាន់នោះ។ ទូរទស្សន៍ CNN រាយការណ៍ថា អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានចោទប្រកាន់ចំនួនជាង ៣០ ករណី។ វីអូអេមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់របាយការណ៍ព័ត៌មាននេះទេ។
មេធាវីការពារក្តីរបស់លោក Trump គឺលោក Joe Tacopina បាននិយាយថា អតីតប្រធានាធិបតីអាមេរិករូបនេះអាចទំនងនឹងត្រូវបានគេនាំខ្លួនទៅកាន់តុលាការនៅដើមសប្តាហ៍ក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន ដែលបានដកស្រង់ប្រភពមួយចំនួននោះរាយកាណ៍ថា ការនាំខ្លួនលោក Trump មកកាន់តុលាការអាចត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ដើម្បីចូលខ្លួនមកកាន់តុលាការ លោក Trump ដែលពេលនេះកំពុងរស់នៅក្នុងរដ្ឋ Florida នោះ នឹងត្រូវធ្វើដំណើរមកកាន់រដ្ឋ New York ដោយមានការការពារពីក្រុមកងអង្គរក្ស Secret Service របស់លោកផងដែរ។
នៅពេលមកដល់តុលាការ លោកនឹងត្រូវគេឱ្យផ្តិតមេដៃ និងថតរូប មុនពេលនាំខ្លួនទៅជួបជាមួយចៅក្រមម្នាក់ ហើយនឹងត្រូវដោះលែងវិញនៅក្រោមការបង់ប្រាក់ធានាផ្ទាល់ខ្លួនមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Trump ដែលបានបដិសេធនូវរាល់កំហុសឆ្គងទាំងឡាយ ដែលបានចោទប្រកាន់ ហើយលោកបានហៅការចោទប្រកាន់នោះថា ជាផ្នែកមួយនៃការសងសឹកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដើម្បីបំផ្លាញចលនារបស់លោក ដែលចង់«ធ្វើឱ្យអាមេរិកអស្ចារ្យជាថ្មីម្តងទៀត» នោះ៕