ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ថា លោក Trump គោរព​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ថវិកា​បម្រុង​សហព័ន្ធ


រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ថវិកា​បម្រុង​សហព័ន្ធ ដែល​ជា​ប្រព័ន្ធ​ធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ទោះបីជា​លោក Trump បាន​រិះគន់​លើ​ប្រព័ន្ធ​នេះ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ក៏​ដោយ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​បណ្ដា​ប្រទេស G20 នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន លោក Mnuchin បាន​និយាយ​ថា ការ​លើក​ឡើង​របស់​លោក Trump កាល​ពី​ដើម​សប្ដាហ៍​នេះ​គឺ​មិន​មាន​គោល​បំណង​ដាក់​សម្ពាធ​ណា​មួយ​លើ​ប្រព័ន្ធ​ថវិកា​បម្រុង​សហព័ន្ធ​ឲ្យ​បន្ទាប​ការ​ប្រាក់​នោះ​ទេ។

លោក Trump បាន​ប្រាប់​ទូរទស្សន៍ CNBC នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា៖ «ខ្ញុំ​មិន​ពេញចិត្ត​ចំពោះ​រឿងរ៉ាវ​ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ហើយ​ដោយសារតែ​បញ្ហា​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឃើញ​អត្រា​ការប្រាក់​កើន​ឡើង»។

ការ​លើក​ឡើង​របស់​លោក Trump គឺ​ជា​ការ​រំលោភ​ទៅ​លើ​ពិធីការ ដោយសារតែ​ជា​ទូទៅ ប្រធានាធិបតី​អាមេរិក​មិន​បញ្ចេញ​យោបល់​ណា​មួយ​នោះ​ទេ​លើ​កិច្ចការ​របស់​ប្រព័ន្ធ​ថវិកា​បម្រុង​សហព័ន្ធ ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​អាច​បង្កើន ឬ​ក៏​បន្ថយ​អត្រា​ការប្រាក់​ដើម្បី​រក្សា​សេដ្ឋកិច្ច​ឲ្យ​មាន​លំនឹង។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​អំពី​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Mnuchin បាន​និយាយ​ថា ការ​យក​ពន្ធ​គយ​នេះ​មិន​ទាន់​បណ្ដាល​ឲ្យ​មាន​បញ្ហា​ណា​មួយ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​រង​ការ​ប៉ះពាល់​ដោយសារតែ​ការ​ដាក់​កំហិត​ពន្ធ​គយ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ៕

XS
SM
MD
LG