ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​គាំទ្រ​ការ​ប្រើប្រាស់​កាំភ្លើងនៅ​សហរដ្ឋ​អាមេរិក​ច្រានចោល​ការតវ៉ា​ឲ្យ​មាន​ការ​ពិនិត្យ​តឹងរឹង​លើ​ច្បាប់​ប្រើប្រាស់​កាំភ្លើង


អនុប្រធាន​សមាគម​កាំភ្លើង​ជាតិ​លោក​ Wayne LaPierre ថ្លែង​នៅ​ក្នុង​សន្និសីទ​អភិរក្ស​នយោបាយ (CPAC) ក្នុង​រដ្ឋ​ Maryland កាលពី​ថ្ងៃទី​២២ កុម្ភៈ ២០១៨។

លោក Wayne LaPierre នាយក​ប្រតិបត្តិ​សមាគន៍​កាំភ្លើង​ជាតិ​បាន​រិះគន់​ក្រុម​ទាមទារ​ឲ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​តឹងរឹង​លើ​ការ​ប្រើប្រាស់​កាំភ្លើង​ ដោយ​លោក​បាន​និយាយថា​ ការណ៍​នេះ​នឹង​មិន​អាច​ទប់ស្កាត់​ហេតុការណ៍​បាញ់​សម្លាប់​ព្រៃផ្សៃ​នៅ​តាម​សាលារៀន​ ដូច​ហេតុការណ៍​ដែល​បាន​សម្លាប់​មនុស្ស១៧នាក់​នៅក្នុង​រដ្ឋ Florida នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ពង្រឹង​វិធានការណ៍​នានា​ដូចជា​ដាក់​កងកម្លាំង​សន្តិសុខ​បំពាក់​ដោយ​អាវុធ​នៅ​តាម​សាលារៀន​ក្នុង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក LaPierre បាន​ថ្លែង​ទៅ​កាន់​សាធារណៈជន​ជា​លើក​ដំបូង​បន្ទាប់​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​កាល​ពី​ថ្ងៃទី១៤​ ខែកុម្ភៈ​ ដែល​បាន​សម្លាប់​សិស្សសាលា​និង​បុគ្គលិក​នៅ​ក្នុង​វិទ្យាល័យ Marjory Stoneman Douglas ក្នុង​ទីក្រុង Parkland រដ្ឋ Florida ដោយ​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «ត្រូវ​តែ​ធ្វើ​ឲ្យ​សាលារៀន​ក្លាយ​ជា​គោលដៅ​ដែល​ពិបាក​ធ្វើ​ការ​វាយប្រហារ​បំផុត​នៅក្នុង​ប្រទេស​នេះ​ ហើយ​ជនអាក្រក់​ទាំងនោះ​នឹង​ត្រូវ​ប្រឈម​នឹង​កង​កម្លាំង​ពិសេស​ប្រដាប់ដោយអាវុធនៅ​ចាំ​ការពារ​សិស្ស​សាលា​របស់​យើង»។

លោក LaPierre គឺ​ជា​ប្រធាន​ក្រុមហ៊ុន​បញ្ជុះបញ្ជូល​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បញ្ជុះបញ្ជូល​មាន​ឥទ្ធិពល​ផ្សេង​ទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ ដែល​ជា​អ្នកគ្រាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​ប្រើប្រាស់​កាំភ្លើង​នៅ​ឯ​សន្និសីទ​ស្តី​ពី​សកម្មភាព​នយោបាយ​អភិរក្ស​និយម​ ដែល​ជា​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​នយោបាយ​អភិរក្ស​និយម​រាប់ពាន់​នាក់​ ពួក​អ្នក​យុទ្ធសាស្រ្ត​និង​ពួក​សកម្មជន។​

លោក LaPierre បាន​រិះគន់ «​ក្រុម​ប្រជាធិបតេយ្យ» ​ពី​ការ​បំផុសបំផុល​ឲ្យ​មាន​ការ​រឹតបន្តឹង​លើ​ច្បាប់​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​កាំភ្លើង​បន្ថែម​ទៀត​ និង​បាន​ព្រមាន​ថា​ប្រទេស​នេះ​នឹង​ទទួល​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​ពួក​ប្រជាធិបតេយ្យ​កើន​អាសនៈ​នៅ​ក្នុង​សភា​និង​ព្រឹទ្ធសភា៕

XS
SM
MD
LG