ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក​ត្រាំ​បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ហាម​ឃាត់​ឧបករណ៍​ដែល​ធ្វើ​ឲ្យ​អាវុធ​ខ្លះ​កាន់​តែ​គ្រោះ​ថ្នាក់


លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ Valor សម្រាប់​សន្តិសុខ​សាធារណៈ នៅឯ​សេត​វិមាន កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០១៨។

ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ បាន​រៀបចំ​«ការ​ប្រជុំ​ស្តាប់​មតិ»​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ជាមួយ​ពួក​សិស្ស​ ក្រុម​ឪពុក​ម្តាយ​សិស្ស​ និង​ពួក​គ្រូ​បង្រៀន​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​បាញ់​កាំភ្លើង​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​នៅក្នុង​ប្រទេស​អាមេរិក។​

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក​ផ្តល់​អនុសាសន៍អំពី​ការ​ហាម​ប្រាម​លើ​ឧបករណ៍ដែល​អាច​ធ្វើ​ឱ្យ​កាំ​ភ្លើង​អាចប្រល័យ​ជីវិត​មនុស្ស​ច្រើន​ជាង​មុន ​និង​ក្រោយ​ពី​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ឆែកឆេរ​ប្រវត្តិ​ពួក​អ្នក​ទិញ​កាំភ្លើង​ឱ្យ​បាន​ដិត​ដល់ជាងមុន។

នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​ចូល​រួម​ក្នុង​ការ​ប្រជុំ​ស្តាប់​មតិ​នេះ​ មាន​ពួក​សិស្ស​មក​ពីវិទ្យាល័យ ​Marjory Stoneman Douglas ​ក្នុង​ក្រុង​ Parkland ​រដ្ឋ​ Florida ​ដែល​នៅ​ទី​នោះ​អតីត​សិស្ស​ម្នាក់​បាន​បាញ់​កាំ​ភ្លើង​សម្លាប់​មនុស្ស​១៧​នាក់។ ​កាល​ពី​ថ្ងៃ​អង្គារ ត្រាំ​ បាន​ហៅ​ការ​បាញ់​ប្រហារ​នេះ​ថា​ជា​ «ការ​សម្លាប់​រង្គាល​គ្មាន​សីលធម៌»។

ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ធ្វើ​ការ​កត់​សម្គាល់​ទីមួយ​របស់​គាត់​ចាប់​តាំង​ពី​មាន​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​រដ្ឋ​ Florida​ នោះ បាន​ប្រកាស​ថា «សុវត្ថិភាព​ក្នុង​សាលារៀន​ជា​អាទិភាព​កំពូល​មួយ​របស់​រដ្ឋបាល​ខ្ញុំ»​ ដោយ​លោកបាន​និយាយ​បន្ថែម​ថា​ គាត់​នឹង​ជួប​ជាមួយ​ពួក​អភិបាល​រដ្ឋ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។​

នៅ​ក្នុង​ពិធី​មួយ​ក្នុង​សេតវិមាន​ដើម្បី​ទទួល​ពួក​សមាជិក​ខាង​ការ​ពង្រឹង​ច្បាប់​និង​ពួក​អ្នក​ឆ្លើយ​តប​ដំបូងៗ​ដល់​ឧប្បត្តិហេតុ​វាយ​ប្រហារ​នោះ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​និយាយ​ថា៖ «យើង​កំពុង​ធ្វើ​ការ​ខ្លាំង​ណាស់​ដើម្បី​ឱ្យ​បាន​យល់​អំពី​ឧប្បត្តិហេតុ​ទាំង​នេះ។ យើង​នឹង​មាន​ដំណោះ​ស្រាយ»។​ហេតុការណ៍​បែប​នេះ​បាន​កើត​មាន​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG