ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​ហិញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Trump Organization សារភាព​ថា​មាន​ទោសពៃរ៍​ក្នុង​ករណី​​​គេច​ពន្ធ


លោក​ Allen Weisselberg (កណ្ដាល) ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​នៃ​​ក្រុមហ៊ុន Trump Organization ចាកចេញ​ពី​តុលាការ​នៅ​ទីក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។
លោក​ Allen Weisselberg (កណ្ដាល) ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​នៃ​​ក្រុមហ៊ុន Trump Organization ចាកចេញ​ពី​តុលាការ​នៅ​ទីក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។

លោក​ Allen Weisselberg ប្រធានផ្នែក​ហិរញ្ញវត្ថុ​នៃក្រុមហ៊ុន Trump Organization បានសារភាព​ថា​មាន​ទោសពៃរ៍​ចំពោះការ​ចោទប្រកាន់​ទាំងអស់​ ១៥ ដែល​លោក​បាន​ប្រឈមនៅ​ក្នុង​សំណុំរឿង​គេចពន្ធ។​ លោក​ត្រូវ​បាន​ចោទប្រកាន់ពី​បទ​គេច​ពន្ធដារលើ​ប្រាក់​អត្ថប្រយោជន៍​បន្ថែមពី​លើ​ប្រាក់​បៀវត្សរ៍​ ដែល​លោក​បាន​ទទួល​ពី​ក្រុម​ហ៊ុន​នេះ ដោយ​រួមមាន​ការបង់​ប្រាក់​លើ​សេវា​ជួល​រថយន្ត​ដ៏ប្រណិត​មួយ​គ្រឿង ប្រាក់​ថ្លៃ​ផ្ទះជួល​មួយ​ក្នុង​សង្កាត់ Manhattan និង​ការ​បង់​ថ្លៃ​សាលា​ឈ្នួលដល់​ចៅ​របស់​លោក។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Weisselberg ជាមនុស្ស​តែម្នាក់គត់ដែល​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ នៅក្នុង​ការ​ស៊ើបអង្កេត​ដ៏​យូរ​មក​ហើយរបស់​ប្រធាន​រដ្ឋអាជ្ញាប្រចាំ​សង្កាត់ Manhattan លើ​ការអនុវត្ត​ខាង​ធុរកិច្ច​របស់​ក្រុមហ៊ុន​នេះ។

លោក​ចៅក្រម Juan Manuel Merchan បាន​សម្រេច​កាត់ទោស​លោក Weisselberg ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ ខែ​ ហើយការ​ព្យួរ​ទោសដោយ​មានលក្ខខណ្ឌ​រយៈពេល ៥ ​ឆ្នាំ នៅ​ពន្ធនាគារ​ Rikers Island នៃ​បូរី New York ទោះបី​ជា​លោកនឹង​អាចត្រូវ​ដោះលែងមុន​ពេល​កំណត់​ ប្រសិនបើ​លោក​មាន​អាកប្បកិរិយា​ល្អ​ នៅ​ពេល​លោក​ស្ថិត​ក្នុង​ពន្ធនាគារ។ ចៅក្រម​រូប​នេះបាន​ថ្លែង​ថា​លោក Weisselberg នឹង​ត្រូវ​បង់ពន្ធ បង់​ប្រាក់​ពិន័យ និង​ថ្លៃ​ការប្រាក់ ជា​ទឹកប្រាក់​ប្រមាណ ២ លាន​ដុល្លារ។

ការចរចា​ដើម្បី​សម្រាល​ទោស​ក៏​តម្រូវ​ឱ្យ​លោក Weisselberg​ ផ្តល់កសិណសាក្សី​ប្រកប​ដោយ​ការពិត ក្នុង​នាម​លោក​ជា​សាក្សីមា្នក់​ នៅ​ក្នុង​សំណុំរឿងចោទប្រកាន់មួយ ​នៅ​ពេលក្រុម​ហ៊ុន Trump Organization ត្រូវ​កាត់​ក្ដី​នៅ​ខែ​តុលា​ខាង​មុខ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​លោក Weisselberg និង​អ្នក​ចាត់ចែង​កិច្ចការ​ប្រតិបត្តិ​ជាច្រើន​នាក់​ទៀត គេច​ពន្ធដារដោយមិន​បាន​រាយការណ៍​ឱ្យ​បានត្រឹមត្រូវជូន​រដ្ឋាភិបាល​អំពី​ប្រាក់​បំណាច់ពេញ​លេញ​របស់​ពួក​គេ។

លោក​ Trump មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុងករណី​នេះ​ទេ។

ការ​ធ្វើ​កសិណសាក្សី​របស់​លោក Weisselberg អាច​ធ្វើ​ឱ្យការ​ការពារ​ក្តី​របស់​ក្រុមហ៊ុន Trump Organization ចុះ​ខ្សោយ។ ប្រសិន​បើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោសពៃរ៍ ក្រុម​ហ៊ុន​នេះ​អាច​ប្រឈម​នឹង​ការ​បង់​ប្រាក់​ពិន័យ​ ឬ​អាច​ត្រូវ​ព្យួរ​ទោស​ដោយ​មាន​លក្ខខណ្ឌ​និង​ត្រូវ​បង្ខំឱ្យ​ផ្លាស់ប្តូរ​វិធី​ធ្វើ​អាជីវកម្ម​មួយ​ចំនួន៕


ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG