ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហព័ន្ធ​កំពុង​ពិចារណា​អំពី​ការ​បញ្ចេញ​លិខិត​បញ្ជាក់​ការ​ឆែកឆេរ​ផ្ទះ​លំហែ​កាយ​របស់​លោក Trump


បង្កាន់ដៃ​រាយ​បញ្ជី​វត្ថុ​ដែល​ត្រូវ​បាន​រឹបអូស​ ក្នុង​អំឡុង​នៃ​ការ​ចូល​ឆែកឆេរ​ភូមិគ្រឹះ​លំហែ​កាយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ​លោក Donald Trump ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI ថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២២។
បង្កាន់ដៃ​រាយ​បញ្ជី​វត្ថុ​ដែល​ត្រូវ​បាន​រឹបអូស​ ក្នុង​អំឡុង​នៃ​ការ​ចូល​ឆែកឆេរ​ភូមិគ្រឹះ​លំហែ​កាយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ​លោក Donald Trump ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI ថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២២។

ចៅក្រម​តុលាការ​សហព័ន្ធ​ម្នាក់​នៅ​រដ្ឋ Florida បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ស្នើ​លុប​ចោល​ព័ត៌មាន​ខ្លះ​ចេញពី​លិខិត​បញ្ជាក់​ដែល​គាំទ្រ​បទបញ្ជា​ដែល​ត្រូវ​បាន​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន ដើម្បី​ឆែកឆេរ​គេហដ្ឋាន​លំហែ​កាយ​របស់​លោក​អតីត​ប្រធានាធិបតី Trump នៅ​រដ្ឋ Florida។

ចៅក្រម​តុលាការ​សហព័ន្ធ Bruce Reinhart នៅ​ទីក្រុង West Palm Beach បាន​ថ្លែង​ថា​លោក​នឹង​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ថា​ ​តើ​នឹង​បញ្ចេញ​លិខិត​បញ្ជាក់​នោះ​ឬ​ក៏ទេ។ លោក​បាន​ផ្តល់​ពេល​១សប្តាហ៍​ឱ្យ​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​សម្រេច​អំពី​តើ​ត្រូវ​លុបចោល​ផ្នែក​ណា​ខ្លះ​នៃ​លិខិត​បញ្ជាក់​នោះ។

ក្រសួង​យុត្តិធម៌​បាន​ជំទាស់​ចំពោះ​ការ​បញ្ចេញ​លិខិត​បញ្ជាក់​ការ​ឆែកឆេរ​ជា​សាធារណៈ​ពី ព្រោះ​លិខិត​នោះ​មាន​ព័ត៌មាន​លម្អិត​អំពី​ភស្តុតាង​ដែល​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហ ព័ន្ធFBI ចូល​ទៅ​ឆែកឆេរ​គេហដ្ឋាន​លំហែ​កាយ​របស់​លោក Trump ហៅ Mar-a-Largo ហើយ​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​ធ្វើ​ដើម្បី​សន្មត​ថា​តើ​លោក Trump បាន​រក្សាទុក​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ឬទេ។

ចៅក្រម Reinhart មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ទាន់​ត្រៀមខ្លួន​ដើម្បី​សម្រេច​ថា តើ​លិខិត​បញ្ជាក់​ការ​ឆែកឆេរ​នោះ​គួរតែ​បិទបាំង​ទាំង​ស្រុង​ឬ​ទេ។ មាន​ផ្នែក​ខ្លះ​នៃ​លិខិត​បញ្ជាក់​នោះ​ដែល​អាច​បញ្ចេញ​បាន។‍»

លោក​ចៅក្រម​បាន​បញ្ចេញ​លិខិត​បញ្ជា​ឱ្យ​ឆែកឆេរ​និង​ឯកសារ២​ផ្សេងទៀត​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​រួចហើយ។

សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើ​ឡើង​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ធំៗ​របស់​អាមេរិកាំង​ដែល​ចង់​ឱ្យ​មាន​ការ​បញ្ចេញ​ជា​សាធារណៈ​នូវ​លិខិត​បញ្ជាក់​អំពី​ការ​ឆែកឆេរ​និង​ឯកសារ​ឯ​ទៀត​ដែល​ជាប់ទាក់ទិន​នឹង​ការ​ឆែកឆេរ​នោះ។ មេធាវី​តំណាង​ឱ្យ CNN, New York Times, Washington Post និង​កាសែត​ផ្សេង​ទៀត​បាន​ជួប​ជាមួយ​លោក​ចៅក្រម Reinhart កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជជែក​អំពី​ការ​ចេញផ្សាយ​លិខិត​បញ្ជាក់​អំពី​ការ​ឆែកឆេរ​
នោះ​និង​ឯកសារ​ផ្សេងទៀត។

ក្នុង​អំឡុង​នៃ​ការ​ចូល​ឆែកឆេរ​កន្លែង​លំហែ​កាយ​របស់​លោក Trump ភ្នាក់ងារ FBI បាន​យក​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​១១ប្រអប់​ដែល​លោក​អតីត​ប្រធានាធិបតី​បាន​យក​ទៅទុក​ក្នុង​គេហដ្ឋាន​របស់​លោក ក្រោយពី​បាន​ចាកចេញ​ពី​សេតវិមាន​កាលពី​ខែ​មករា​ឆ្នាំ២០២១។

លោក Trump និង​អ្នក​គាំទ្រ​លោក​បាន​ថ្កោលទោស​ការ​ឆែកឆេរ​នោះ​ថា ជា​ការ​យក​ភ្នាក់ងារ​ពង្រឹង​ច្បាប់​មក​ប្រើប្រាស់​ធ្វើ​ជា​អាវុធ។ សមាជិកសភា​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​គំរាម​ចង់​ស៊ើបអង្កេត​ក្រសួង​យុត្តិធម៌​និង​ទីភ្នាក់ងារ FBI នៅ​ពេល​ដែល​ពួកគេ​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា៕

XS
SM
MD
LG