ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​រង្គាល​នៅ​វិទ្យាល័យ​​មួយ​ក្នុង​រដ្ឋ Florida ត្រូវ​ឃុំ​ខ្លួន ដោយ​មិន​អាច​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន


រូបភាព​ពី​វីដេអូ​មួយ​បង្ហាញ​មុខ​ជន​សង្ស័យ​ Nikolas Cruz កាលពី​ថ្ងៃទី​១៥ កុម្ភៈ ២០១៨។
រូបភាព​ពី​វីដេអូ​មួយ​បង្ហាញ​មុខ​ជន​សង្ស័យ​ Nikolas Cruz កាលពី​ថ្ងៃទី​១៥ កុម្ភៈ ២០១៨។

យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​ការ​បាញ់​សម្លាប់​រង្គាល​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន ដោយ​មិន​អាច​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​អំឡុងពេល​នៃ​ការ​បើក​សវនាការ​ដ៏​ខ្លី​មួយ។ ​

ជន Nikolas Cruz ដែល​ត្រូវ​បាន​ចោទប្រកាន់​ចំពោះ​បទល្មើស​ចំនួន​១៧ ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក្នុង​រដ្ឋ Florida ដោយ​ដៃ​ទាំងពីរ​របស់​គេ​ត្រូវ​បាន​ចង​នៅ​ត្រឹម​ចង្កេះ ហើយ​ស្លៀកសំលៀកបំពាក់អ្នក​ជាប់​ឃុំពណ៌​ទឹកក្រូច។ មេធាវី​របស់​គេ​មិន​បាន​តវ៉ា​នឹង​សំណើ​របស់​រដ្ឋអាជ្ញា​ក្នុង​ការ​ទុក Cruz ឲ្យ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​នោះ​ទេ ខណៈ​ដែល​គេ​ត្រូវ​រង់ចាំ​ដំណើរការ​តុលាការ​តទៅ​ទៀត។ ​

លោកស្រី​ចៅក្រម Kim Theresa Mollica បាន​និយាយ​ទៅ​កាន់ Cruz ថា «អ្នក​ត្រូវ​បាន​ចោទប្រកាន់​អំពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ​ចំនួន‍»។

ការ​បង្ហាញ​វត្តមាន​របស់ Cruz នៅក្នុង​តុលាការ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​សុន្ទរកថា​សង្ខេប​មួយ​ពី​សេតវិមាន​អំពី​សោកនាដកម្ម​នេះ ដោយ​និយាយ​ថា លោក​កំពុង​តែ​និយាយ​ទៅ​កាន់​ប្រទេស​មួយ​ដែល​កំពុង​តែ​មាន​ទុក្ខសោក។

លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​ជួប​ជាមួយនឹង​មន្ត្រី​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដ៏​លំបាក ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​និង​ធ្វើ​ឲ្យ​សាលារៀន​មាន​សុវត្ថិភាព​ជា​អាទិភាព។ ក៏​ប៉ុន្តែ​លោក ត្រាំ មិន​បាន​លើកឡើង​ពី​សំណើ​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG