ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ចេញ​បញ្ជា​ឲ្យ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក


កម្មករ​បន្ត​លើក​របង​ចេញ​នៅ​ក្នុង​ព្រំដែន​អាមេរិក និង​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​មាន​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំប្រទល់​ភាគ​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក ដើម្បី​រារាំង​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ហើយ​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​ប្រឈម​មុខ​នឹង​ទីក្រុង​រាប់​រយ​របស់​អាមេរិក​ដែល​បដិសេធ​មិន​ជួយ​ក្រុម​អាជ្ញាធរ​សហព័ន្ធ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ និង​បញ្ជូន​ខ្លួន​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាស​ស្នាម​ត្រឹម​ត្រូវ​នោះ​ទេ។

លោក​ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​បទ​បញ្ជា​ប្រតិបត្តិ​ទាក់​ទិន​នឹងបញ្ហា​អន្តោប្រវេសន៍​ ក្នុង​ខណៈ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​សន្តិសុខ​មាតុភូមិ​ ឬ​ហៅ​ថា Department of Homeland Security ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ទទួល​បន្ទុក​ទៅ​លើ​ការ​ការពារ​ព្រំដែន។

បទ​បញ្ជា​ទាំង​នោះ​គឺ​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​មួយ​ដែល​ជួយ​ឲ្យ​លោក​ឈ្នះ​ចូល​កាន់​តំណែង​រយៈ​ពេល​៤ឆ្នាំ​នៅ​ក្នុង​សេតវិមាន ដោយ​លោក​បាន​អះអាង​ថា​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​គំរាម​កំហែង​ទៅ​លើ​សន្តិសុខ​របស់​ប្រទេស​ ហើយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​បាត់​បង់​ការងារ​ធ្វើ។ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​របស់​លោក ក្រុម​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​លោក​បាន​ស្រែក​ថា៖ «សង់​ជញ្ជាំង‍»។

លោក Trump បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ ABC ថា​ ការ​សាង​សង់​ជញ្ជាំង​នោះ​នឹង​ចាប់​ផ្តើម​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​លោក​នៅ​បន្ត​ថា​ឲ្យ​ប្រទេស​ម៉ិកស៊ិក​បង់​ថ្លៃ​សាងសង់​ជញ្ជាំង​នោះ បើ​ទោះ​បី​ជា​ប្រទេស​ម៉ិកស៊ិក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​នឹង​មិន​បង់​ថ្លៃ​សង់​ជញ្ជាំង​នេះ​នោះ​ទេ។ លោក​ Trump បាន​ថ្លែង​ថា ថ្លៃ​សង់​ជញ្ជាំង​នោះ​ប្រហែល​ជា​បង់​ឲ្យ​ក្នុង​ទម្រង់​មួយ​ ដែល​មិន​មែន​រដ្ឋាភិបាល​ប្រទេស​ម៉ិកស៊ិក​បង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដោយ​ផ្ទាល់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer បាន​ថ្លែង​ថា អាមេរិក​នឹង​សង់​មន្ទីរ​ឃុំឃាំង​ច្រើន​ជាង​មុន​នៅ​តាម​ព្រំដែន​ដើម្បី​ឃុំ​ខ្លួន​ជន​ចំណាក​ស្រុក​ដែល​ឆ្លង​ព្រំដែន​ចូល​សហរដ្ឋ​អាមេរិក ហើយ​បន្ទាប់​មក​នឹង​ផ្តល់​សំបុត្រ​យន្តហោះ​ទៅ​វិញ​តែ​មួយ​ជើង​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ។ លោក​បាន​ថ្លែង​ថា រដ្ឋ​បាល​លោក Trump នឹង​បញ្ចប់​អ្វី​ដែល​លោក​ហៅ​ថា ជា​កម្មវិធី​ចាប់​លែង​ ចាប់​លែង​ របស់​ទីភ្នាក់ងារ​ការពារ​ព្រំដែន។

ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​លោក Trump ក៏​កំពុង​ពិចារណា​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​រយៈពេល​៤ខែ ក៏​ដូច​ជា​ហាម​ឃាត់​ជនជាតិ​ អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់ និង​ យេម៉ែន​ ក្នុង​ការ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​យ៉ាង​ហោចណាស់​៣០ថ្ងៃ ដែល​ប្រទេស​ទាំង​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម។ ប៉ុន្តែ​ការ​ហាម​ឃាត់​នេះ​ក៏​រួម​មាន​ករណី​លើក​លែង​មួយ​ចំនួន​សម្រាប់​អ្នក​ដែល​មិន​សូវ​ប្រកាន់​ខ្ជាប់​ចំពោះ​សាសនា​ខ្លាំង​ក្លា​ពេក​និង​អ្នក​ដែល​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផង​ដែរ៕

XS
SM
MD
LG