ប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយថាគាត់បើកចំហដល់កិច្ចចរចាជាមួយប្រទេសកូរ៉េខាងជើង «នៅពេលវេលាសមស្រប»។
នៅក្នុងការសន្ទនាគ្នាមួយតាមទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in កាលពីថ្ងៃពុធ ប្រធានាធិបតី Trump «បានសម្តែងភាពបើកចំហរបស់លោកដល់ការធ្វើកិច្ចចរចារវាងស.រ.អា.និងប្រទេសកូរ៉េខាងជើងនៅពេលវេលាសមស្របនិងនៅក្នុងកាលៈទេសៈត្រឹមត្រូវ» នេះបើតាមអត្ថបទនៃការសន្ទនាគ្នាតាមទូរសព្ទនោះដែលសេតវិមានបានចេញផ្សាយ។
សេចក្តីថ្លែងការណ៍នេះចែងថា «មេដឹកនាំទាំងពីរនាក់នេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តដាក់គំនាបសង្កត់ជាអតិបរមាប្រឆាំងនឹងកូរ៉េខាងជើង»។
ការិយាល័យរបស់លោកប្រធានាធិបតី Moon បានរាយការណ៍មុនគេអំពីការសន្ទនាគ្នានេះដែលបានធ្វើឡើងមួយថ្ងៃក្រោយពីប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងបានធ្វើការចរចាគ្នាលើកទីមួយក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។ ឯកសារកូរ៉េខាងត្បូងស្តីពីការនិយាយគ្នាតាមទូរសព្ទរវាងប្រធានាធិបតីទាំងពីរនាក់នេះចែងថា Trump បានយល់ស្របថានឹងគ្មានសកម្មភាពយោធាទេនៅពេលកំពុងមានកិច្ចចរចាគ្នាណាមួយ។
ប្រធានាធិបតី Trump និងប្រធានាធិបតី Moon បានធ្វើសន្និសីទកាសែតកាលពីថ្ងៃពុធអំពីលទ្ធភាពនៃការមានឧបទ្វីបកូរ៉េដែលមានស្ថិរភាពច្រើនជាងមុនដែលនៅទីនោះភាពតានតឹងបានកើនឡើងដល់កម្រិតខ្ពស់ជាច្រើនខែមកហើយនោះ៕