ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​និយាយ​ថា កូរ៉េ​ខាង​ជើង​យល់​ព្រម​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា


លោក Chun Hae-sung អនុរដ្ឋមន្ត្រី​​ក្រសួង​បង្រួប​បង្រួម​ប្រទេស​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣។
លោក Chun Hae-sung អនុរដ្ឋមន្ត្រី​​ក្រសួង​បង្រួប​បង្រួម​ប្រទេស​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣។

មន្ត្រី​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​និយាយ​ថា​ ប្រទេស​កូរ៉េខាង​ជើងបាន​ស្នើបញ្ជូន​គណៈប្រតិភូ​កម្រិត​ខ្ពស់​មួយទៅ​កាន់​ការ​ប្រកួត​កីឡា​ Olympics រដូវ​ធ្លាក់​ទឹកកក​នៅ​ខែ​ក្រោយ​ក្នុងក្រុង Pyeongchang។​

សំណើ​នេះ​បាន​ត្រូវ​ធ្វើឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​កិច្ច​ចរចា​ទល់​មុខគ្នា​ជា​លើក​ទីមួយ​រវាង​ប្រទេស​ជា​គូ​ប្រជែង​គ្នា​យ៉ាង​ជូរចត់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ។ ​លោក Chun Hae-sung អនុរដ្ឋមន្ត្រីក្រសួង​បង្រួប​បង្រួម​ប្រទេស​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​ក្រុង​សេអ៊ូល​ថា​កូរ៉េខាង​ជើង​បាន​ស្នើ​បញ្ជូន​គណៈប្រតិភូ​នៃ​ពួក​មន្ត្រី​ជាន់ខ្ពស់ ពួក​អត្ថពលិកនិង​ក្រុម​នារី​ស្រែក​បន្ទរ​លើក​ទឹក​ចិត្ត​ក្រុម​កីឡាករ​ទៅ​កាន់​ការ​ប្រកួត​កីឡា​នេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ។

លោក​ Chun Hae-sung ក៏​បាន​ថ្លែង​ដែរ​ថា​កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឱ្យ​មាន​ការ​ជួប​ជុំគ្នា​មួយ​លើក​ទៀត​នៃ​ក្រុមគ្រួសារ​ដែល​បាន​បែក​ខ្ញែក​គ្នា​ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ១៩៥០​ដល់ឆ្នាំ១៩៥៣​ដែល​បាន​បែងចែក​ប្រទេស​កូរ៉េខាង​ជើង​កាន់​លទ្ធិ​ផ្តាច់​ការ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​បុណ្យចូល​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ​ក្នុង​ខែ​ក្រោយនេះ។ ​លោក​បាន​និយាយ​ដែរ​ថា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ស្នើ​ឱ្យភាគី​ទាំង​ពីរដើរ​ជាមួយ​គ្នា​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួតកីឡា​នេះនៅ​ Pyeongchang។​

កិច្ចចរចា​គ្នានេះ​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ភូមិ Panmunjom គឺ​ជា​អ្វីដែល​ហៅថា​ភូមិ​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​នៅ​ទី​នោះ​យុទ្ធសន្តិភាព​កាលពីឆ្នាំ១៩៥៣​បាន​ត្រូវ​ចុះហត្ថលេខា​ដែល​បានបញ្ចប់ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​កូរ៉េ។​ ជា​ផ្លូវ​ការ​ប្រទេស​ទាំង​ពីរ​នេះ​នៅ​មាន​សង្គ្រាមនឹង​គ្នា៕

XS
SM
MD
LG