ភាពតានតឹងរវាងប្រទេសចិននិងប្រទេសឥណ្ឌាបានកើនឡើងជាងមុននៅក្រោយមានការរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ដែនដីមានជម្លោះនៅតាមព្រំដែនក្នុងតំបន់ភ្នំហិមាល័យ។
លោកJeff Smith អ្នកជំនាញ នៃមូលនិធិ Heritage ពន្យល់ថា៖ «កងកម្លាំងចិនហាក់ដូចជាបានឆ្លងខ្សែនៃការគ្រប់គ្រងជាក់ស្តែងឬមួយឋិតនៅក្នុងតំបន់មានជម្លោះដែលប្រទេសទាំងពីរអះអាងថា ជារបស់ផងខ្លួន ហើយបានបោះតង់និងជំរំនៅក្នុងការប៉ុនប៉ងដាក់សម្ពាធលើប្រទេសឥណ្ឌាឱ្យបញ្ឈប់ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតាមបណ្តោយព្រំដែន»។
តាម Twitter លោកប្រធានាធិបតី Trump បានស្នើធ្វើជាអ្នកសម្របសម្រួលអ្វីដែលលោកហៅថា «ជម្លោះព្រំដែនដែលនៅពេលនេះមានភាពតានតឹង» រវាងប្រទេសចិននិងប្រទេសឥណ្ឌា។ ក៏ប៉ុន្តែអ្នកជំនាញដោយមានរួមបញ្ចូលទាំងលោក Smith ផង មិនរំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំងឬរដ្ឋាភិបាលក្រុងញូវដេលីនឹងទទួលយកសំណើនេះទេ។
លោក Jeff Smith បានថ្លែងថា៖ «លោកអ្នកដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះ លោកប្រធានាធិបតី Trump បានស្នើបំពេញតួនាទីជាអ្នកសម្របសម្រួលរវាងប្រទេសឥណ្ឌានិងប្រទេស ប៉ាគីស្ថាន អំពីបញ្ហាតំបន់កាស្មៀរ។ ខ្ញុំយល់ថា សំណើរបស់ប្រធានាធិបតីស.រ.អា.ធ្វើជាអ្នកសម្របសម្រួលនៅក្នុងស្ថានការណ៍ទាំងនេះគឺ គ្មានអ្វីខុសឆ្គងឬគ្មានអ្វីនាំឱ្យមានការអាក់អន់ចិត្តទេ។ ក៏ប៉ុន្តែលោកអ្នកដឹងហើយថា ប្រវត្តិសាស្ត្រពីអតីតកាលនិងទំនោរបច្ចុបន្នក្នុងការធ្វើអ្វីៗនាំឱ្យគេយល់ថា គ្មានភាគីណាមួយមានការយកចិត្តទុកដាក់ច្រើនក្នុងការទទួលយកសេចក្តីស្នើនេះរបស់សហរដ្ឋអាមេរិកទេ»។
មន្ត្រីនៃប្រទេសទាំងពីរហាក់ដូចជាចង់បន្ធូរបន្ថយភាពតានតឹងនេះ។ លោក V.K. Singh ជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌាបាននិយាយថា៖ «ទស្សនៈខុសគ្នាអំពីខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងរវាងប្រទេសទាំងពីរនេះបានកើតមានឡើងយូរយារណាស់មកហើយ ហេតុដូច្នេះមានការប្រទាំងប្រទាស់គ្នា ជាពិសេសនៅក្នុងរដូវក្តៅដែលមានការយាមល្បាតច្រើនជាងធម្មតាដោយសារមានការបើកផ្លូវធ្វើដំណើរ។ហេតុផលរបស់ខ្ញុំយោងតាមចំណុចនេះ»។
អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Zhao Lijian មានប្រតិកម្មពីក្រុងប៉េកាំងថា៖ «ស្ថានការណ៍បច្ចុប្បន្ននៅតាមព្រំដែនចិន-ឥណ្ឌាមានស្ថិរភាពនិងអាចគ្រប់គ្រងបានជាទូទៅ។ ប្រទេសចិននិងប្រទេសឥណ្ឌាមានយន្តការល្អប្រសើរទាក់ទិននឹងរឿងព្រំដែន ហើយមានបណ្តាញគមនាគមន៍ថែមទៀតផង»។
អ្នកជំនាញនិយាយថា វាជាប្រយោជន៍របស់ប្រទេសឥណ្ឌានិងប្រទេសចិន បើស្ថានការណ៍ឋិតនៅក្នុងសភាពគ្រប់គ្រងបានហើយអាចរក្សាសន្តិភាព។
ប្រែសម្រួលដោយលោកឈឹម សុមេធ