ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការការពារ​ជំងឺ​កូវីដ១៩​ប្រឈមនឹង​បញ្ហា​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម​


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​លោក Antonio Guterres ​ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅការិយាល័យអង្គការសហ​ប្រជាជាតិ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ពុធ​ទី​២៧ ​ខែ​ឧសភា ​លោក​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​បាន​និយាយ​ថា​ សុវត្ថិ​ភាព​នៃ​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម​បាន​ត្រូវ​គំរាម​កំហែង​ថែម​ទៀត​ដោយ​វីរុស​កូរ៉ូណា។​

លោក​ Antonio Guterres ​បាន​មាន​ប្រសាសន៍​ប្រាប់​ការ​ប្រជុំ​តាម​វីដេអូ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​អំពី​កិច្ច​ការពារ​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ស្ថានភាព​មាន​សង្គ្រាម។ ​

​«ពួក​ជន​ស៊ីវិល​ដែល​ជាប់​គាំង​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​ពេល​នេះ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ថ្មី​មួយ​ដ៏​ប្រល័យ​ដោយ​សារ​ជំងឺ​កូវីដ១៩។​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​កំពុង​កើន​ខ្លាំង​ឡើងៗ​ហើយ​កំពុង​បង្ក​បញ្ហា​កាន់​តែ​ធំ​នៅ​ពេល​ពិភព​លោក​យើង​មាន​សភាព​ផុយ​ស្រួយ។ ​សង្គ្រាម​ជា​បុព្វហេតុ​ធំ​បំផុត​មួយ​នៃ​សភាព​ផុយ​ស្រួយ​នេះ»។​

ជំងឺ​កូវីដ១៩​ជា​ជំងឺ​មួយ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។ ​មនុស្ស​ឆ្លង​ជំងឺ​នេះ​ជាង​៥​លាន​៦​សែន​នាក់​នៅ​ទូទាំង​ពិភពលោក​ហើយ​មាន​មនុស្ស​ស្លាប់​៣​សែន​៥​ម៉ឺន​នាក់​រួចស្រេច​ហើយ។

អ.ស.ប.​បាន​ព្រមាន​ថា​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​អាច​បង្កើត​មហន្តរាយ​នៅ​ក្នុង​ប្រទេស​មាន​សង្គ្រាម​និង​ធ្វើ​ឱ្យ​មាន​បន្ទុក​ច្រើន​លើស​លប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ខ្សោយ​រួច​ស្រេច​ហើយ​នោះ។ ​វីរុស​នេះ​ក៏​អាច​មាន​ផល​ប៉ះពាល់​ច្រើន​ជាង​ធម្មតា​ទៅ​លើ​ពលរដ្ឋ ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម​ ដោយ​មាន​រួម​បញ្ចូល​ពួក​ជន​ភៀស​ខ្លួន ​ ពួក​ជន​ខ្ចាត់​ព្រាត់​ពីផ្ទះ​សម្បែង​ និង​ពួក​ជន​មាន​កាយ​វិកល។​

ជន​ស៊ីវិល​រាប់​ពាន់​នាក់​បាន​ត្រូវ​សម្លាប់​

នៅមុន​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ ស្ថាន​ភាព​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មាន​សង្គ្រាម​មាន​ភាព​អាប់​អួរ​រួច​ជាស្រេច​ទៅ​ហើយ។​

នៅ​ក្នុង​របាយ​ការណ៍​មួយ​ក្នុង​ខែ​ឧសភា​ ​លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​និយាយ​ថា​ ជន​ស៊ីវិល​ជាង​២​ម៉ឺន​នាក់​បាន​ត្រូវ​សម្លាប់​ឬ​ត្រូវ​របួស​ក្នុង​ឆ្នាំ​២០១៩​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ចំនួន​១០ ​ ​ក៏​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​ តួ​លេខ​ពិត​ប្រាកដ​មាន​ច្រើន​ជាង​នេះ។​

ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នោះ​ ប្រទេសអាហ្វហ្គានីស្ថាន​ មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ដោយ​មាន​ជនស៊ីវិល​១០៣៩២​នាក់​បាន​ត្រូវ​សម្លាប់​ឬ​ត្រូវ​របួស​ដោយ​គ្រឿង​ផ្ទុះ​ ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​ដី​ ការ​វាយ​ប្រហារ​តាម​អាកាស​ ឬ​កលយុទ្ធ​ឯ​ទៀតៗ។​ ស្ត្រី​និង​កុមារ​មាន​ជាង​៤០%​ក្នុង​ចំណោម​ជន​រង​គ្រោះ។​

ប្រទេស​ឯ​ទៀតៗ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​គឺ​ សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ អ៊ីរ៉ាក់​ លីប៊ី​នីហ្សេរីយ៉ា​ សូម៉ាលី​ ស៊ូដង់​ខាងត្បូង​ ស៊ីរី​ អ៊ុយក្រែន ​និង​ប្រទេស​យ៉េមែន។​

លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ជា​សាកល​មួយ​នៅ​ចុង​ខែ​មីនា​ដើម្បី​ជួយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ ​កិច្ច​ខិត​ខំប្រឹង​ប្រែង​នេះ​បាន​ទទួល​ការ​គាំទ្រ​ជា​ពាក្យ​សម្តី​ច្រើន​ដែល​មាន​ទាំង​ការ​គាំទ្រ​ពី​ក្រុម​ប្រដាប់​អាវុធ​គ្មាន​រដ្ឋ​ ​ក៏​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​មាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​មាន​សង្គ្រាម​ជា​ច្រើន។​

ការ​វាយ​ប្រហារ​លើ​ពួក​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​

កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​កំណើន​ការ​វាយ​ប្រហារ​លើ​កន្លែង​ថែទាំ​សុខភាព​និង​ពួក​បុគ្គលិក​ធ្វើការ​នៅ​ទី​កន្លែង​ទាំង​នោះ​ ដែល​ជា​ការ​រំខាន​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ​អង្គការ​សុខភាព​ពិភពលោក​បាន​កត់ត្រា​ថា ​ ពួក​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​ចំនួន​១៩៩​នាក់បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជាង​១​ពាន់​លើក​ក្នុង​ឆ្នាំ​២០១៩។​ ចំនួន​នេះ​កើន​ឡើង​២០ភាគរយ​លើស​ពី​ឆ្នាំ​២០១៨។​

និន្នាការ​នេះ​នៅ​មាន​ត​ទៅ​ទៀត។​ ប្រធាន​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​បាន​និយាយ​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ថា​ ចាប់​តាំង​ពី​ខែ​មីនា​មក ​គណៈ​កម្មាធិការ​របស់​លោក​បាន​កត់​ត្រា​ថា ​ មាន​ការ​វាយ​ប្រហារ​ចំនួន​២០៨​លើក​លើ​ពួក​អ្នក​ធ្វើការ​ខាង​ថែ​ទាំ​សុខភាព​ខាង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ចំនួន​១៣​ដែល​ពួក​គេ​ធ្វើ​ប្រតិបត្តិការ។​

លោក​ Peter Maurer​ ដែល​ជា​ប្រធាន​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​ហៅ​កាត់​ថា​ ICRC ​បាន​និយាយ​ថា៖ ​«នៅ​ពេល​ដែល​ពលរដ្ឋ​ត្រូវ​ការ​ពួក​អ្នក​ធ្វើការ​ខាង​ថែ​ទាំ​សុខភាព​យ៉ាង​ខ្លាំង​នោះ​ ​ពួក​គេ​បែរ​ជា​បាន​ត្រូវ​វាយ​ប្រហារ​ទៅវិញ ។​ប្រព័ន្ធ​ថែ​ទាំ​សុខភាព​បាន​ក្លាយ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ទៅ​វិញ​ ហើយ​ពួក​អ្នក​ធ្វើការ​ខាងថែ​ទាំ​សុខភាព​បាន​ត្រូវ​រំលោភ»។​

លោក​បាន​សម្តែង​កង្វល់​ថា​ នៅ​ក្នុង​កន្លែង​ខ្លះ​ វិធានការ​ថែ​ទាំ​សុខភាព​គ្រា​មាន​អាសន្ន​មាន​សក្តានុពល​ក្លាយ​ទៅ​ជា​«ឧបករណ៍​នៃ​ការ​រំលោភ»​ ដើម្បី​គ្រប់គ្រង​ចលនា​ប្រជាពលរដ្ឋ​ឬ​ដើម្បី​រារាំង​សេវា​នានា​ មាន​រួម​បញ្ជូល​ការ​ព្យាបាល​ឬ​ថ្នាំ​វ៉ាក់សាំង​ជា​ដើម។​

លោក​ Peter Maurer​ បាន​ថ្លែង​ថា៖​« យើង​បារម្ភ​ថា​ ក្រុម​ខ្លះ​ ដែល​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ «សត្រូវ» នោះប្រហែល​ត្រូវ​ផាត់​ចេញ​ពី​វិធានការ​ជួយ​ស្រោច​ស្រង់​ជីវិត។​ ជា​ឧទាហរណ៍​មាន​ការ​ពិបាក​ក្នុង​ការ​ចែក​ថ្នាំ​វ៉ាក់សាំង​នៅ​ក្នុង​កន្លែង​មាន​ស្ថាន​ភាព​មិន​នឹង​ន​និង​កន្លែង​ប្រទាញ​ប្រទង់​គ្នា​ ​ក៏​ប៉ុន្តែ​គេ​ត្រួវ​តែ​ចែក​ថ្នាំ​ឱ្យ​បាន​ស្មើ​គ្នា។​

ប្រធាន​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​រូប​នេះ​ក៏​បាន​ស្តី​បន្ទោស​ថា ​ ​ ការ​ បែក​បាក់​គ្នា​ខាង​នយោបាយ​ក្នុង​ចំណោម​ពួក​សមាជិក​សំខាន់ៗ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​មាន​សមាជិក​១៥​ប្រទេស​នេះ​ ​បាន​នាំ​ឱ្យ​មាន​ភាព​សាំញ៉ាំ​និង​បណ្តាល​ឱ្យ​មាន​បញ្ហា​ច្រើន​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ខាង​មនុស្ស​ធម​៌នៅ​ក្នុង​ប្រទេស​នានា​ដោយ​មាន​រួម​បញ្ចូល​ប្រទេស​ស៊ីរី​និង​ប្រទេស​យ៉េមែន​ផង​ដែរ។​

លោក​ Peter Maurer​ បាន​មាន​ប្រសាសន៍​ថា៖ ​«ក្រុម​ប្រឹក្សា​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​រឿង​សំខាន់ៗ​ទាក់ទង​នឹង​ច្បាប់​និង​ការងារ​ខាង​មនុស្សធ៌ម ​ ជាពិសេស​ការ​ជួយ​ពួក​ជន​មាន​ការ​ខ្វះខាត។ ​ការ​ខ្វែង​គំនិត​គ្នា​បាន​បង្កើន​ទុក្ខ​វេទនា​នៅ​ជួរ​មុខ»។​

លោក​បាន​និយាយ​ថា​ ​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​មែន​ជា​អ្នក​ដែល​បញ្ជា​អង្គការ​មនុស្ស​ធ៌ម​ថា​នរណា​មាន​ការ​ខ្វះខាត​ ​ អ្នកណា​មិន​ខ្វះខាត​នោះទេ ​ក៏​ប៉ុន្តែ​ក្រុម​ប្រឹក្សា​ត្រូវ​អនុញ្ញាត​ឱ្យ​អង្គការ​ទាំង​នេះ​ធ្វើ​ការងារ​ពួក​គេ​ដោយ​គ្មាន​លម្អៀង​ ដោយ​ឯករាជ្យ ​និង​មាន​តម្លាភាព​ថែម​ទៀត​ផង៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG