ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump មិន​ព្រួយបារម្ភ​​ពី​​កង្វះខាត​ការ​គាំទ្រ​ពី​​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំពោះ​បេក្ខភាព​របស់​លោក


បេក្ខជនប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក​ Donald Trump (ខាងលើ) មិន​ព្រួយបារម្ភ​​ពី​​កង្វះខាត​ការ​គាំទ្រ​ពី​​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំពោះ​បេក្ខភាព​របស់​លោក។

លោក Donald Trump ដែលត្រូវ​បាន​សន្មត​ថា​ នឹង​ទទួលការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ លោកមិន​ព្រួយបារម្ភទេ​អំពី​ពួក​មេដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ដែល​បាន​ថ្លែង​ថា​ ពួកគេ​នឹង​មិន​គាំទ្រ​លោកទេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ប្រឆាំង​នឹង​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ ដែល​ទំនង​ជា​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាងគណបក្ស​ប្រជាធិបតេយ្យ។

នៅ​ពេល​មហា​សេដ្ឋី​អចលនទ្រព្យ​ដែល​មាន​ប្រាក់រាប់ពាន់លាន​ដុល្លារ​រូបនេះ​ជិតនឹង​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតីកាល​ពី​សប្តាហ៍​មុនហើយ​នោះ ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ចុង​ក្រោយពីរ​នាក់គឺ​លោក​ប្រធានាធិបតី​ George H.W. Bush និង​កូនប្រុសលោកគឺ​ លោកប្រធានាធិបតី​ George W. Bush ព្រម​ទាំង​ក្រុម​មន្ត្រីក្នុង​គណបក្ស​ឯទៀតៗ​ជា​ច្រើន​នាក់​បាន​ប្រកាសថា ​អស់​លោក​គ្មាន​បំណង​គាំទ្រ​បេក្ខភាព​របស់លោក​ Trumpដែល​មាន​គោលជំហរ​ខុស​ពី​គណបក្ស​ឡើយ​។​

លោក Trump បាន​សាកសួរ​អំពីគណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងកម្មវិធី​ This Week នៃបណ្តាញ​ទូរទស្សន៍ ABC ថា «តើ​គណបក្ស​សាធារណរដ្ឋ​ត្រូវ​តែ​បង្រួបបង្រួម​គ្នា​ឬទេ?​ តើ​ខ្ញុំ​ខុស​ប្លែកខ្លាំង​ណាស់​ពី​អ្នក​ឯ​ទៀត ប្រហែល​ ដោយសារ​ខ្ញុំ​មិន​ដែល​ឈរ​ឈ្មោះ​សម្រាប់​កាន់តំណែង​សាធារណ:​មែន​ទេ? ខ្ញុំ​មិន​យល់ឃើញ​ដូច្នេះ​ទេ»។

លោក Trump បាន​និយាយ​ទៀត​ថា «ខ្ញុំ​យល់​ថា​ជា​ការ​ល្អ​ប្រសើរ ​ប្រសិន​បើ​គណបក្ស​នេះ​មាន​ការ​រួបរួម​គ្នា ខ្ញុំ​យល់​ថា​ ជា​ការ​ល្អ​សម្រាប់​ការណ៍​នេះ។​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់ថា​គណបក្ស​នេះ​មិន​ត្រូវ​មាន​ការ​រួបរួម​គ្នា​តាម​ន័យ​បែប​ប្រពៃណី​ទេ»។

មន្ត្រី​ជាន់ខ្ពស់បំផុត​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ជាប់ឆ្នោត​នៅពេល​បច្ចុប្បន្ន​នេះ​គឺ ​លោក Paul Ryan ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​និយាយ​ថា​ លោក«មិន​ទាន់ប្រុង​ប្រៀប» គាំទ្រ​លោក Trump ទេហើយ​លោក​ចង់​ឲ្យ​ប្រាកដ​ប្រជា​ថា ​លោក Trump ប្រព្រឹត្ត​តាម​គោលការណ៍​អភិរក្សនិយម​ជា​ប្រពៃណី​របស់គណបក្ស​សាធារណរដ្ឋ​នៅ​មុន​ពេល​លោក​យល់ព្រម​គាំទ្រ​លោកTrump។ លោក Ryan បាន​ប្រឆាំង​នឹង​ការ​អំពាវនាវ​របស់លោក Trump

ក្នុង​ការ​រារាំង​ជា​បណ្តោះអាសន្ន​មិន​ឲ្យក្រុម​ជនអ្នកកាន់សាសនា​ឥស្លាម​ចូល​មកក្នុង​ស.រ.អា ហើយ​ឥស្សរជន​ទាំង​ពីរ​នាក់នេះ​ក៏​មិន​យល់ស្របគ្នា​ដែរ​អំពី​បញ្ហា​គោលនយោបាយ​ការបរទេស​ និង​បញ្ហា​ពាណិជ្ជកម្មស.រ.អា​ផង​ដែរ៕

XS
SM
MD
LG