ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ តំណែង​ប្រធានាធិបតី​មិន​មែន​ជា​«កម្មវិធី​ជីវិត​ពិត»​ទេ


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃសុក្រ ទី៦ ខែ​ឧសភា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃសុក្រ ទី៦ ខែ​ឧសភា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​គួរ​«គិត​គូរ​ឱ្យ​បាន​ហ្មត់ចត់»​អំពី​ការ​ថ្លែង​ដោយ​លោក​ Donald Trump​ ដែល​គេ​សន្មត​ជា​មុន​ថា​ ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​បេក្ខជន​ប្រធានាធិបតី​ឯទៀតៗ។

លោក​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​មួយ​នៅ​ឯ​សេតវិមាន​ថា៖ «នេះ​មិន​មែន​ជា​ការ​កំសាន្ត​ទេ។ នេះ​មិន​មែន​ជា​កម្មវិធី​ជីវិត​ជាក់ស្តែង​ទេ»។

នៅ​ពេល​ត្រូវ​សួរ​ចំៗ​អំពី​លោក ​Trump ​លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា ​បេក្ខជន​ប្រធានាធិបតី​ទាំង​អស់​«គួរ​មាន​ស្តង់ដារ​ពិត​ប្រាកដ​និង​ការ​ពិនិត្យ​ពិច័យ​ច្បាស់​លាស់»។

លោក អូបាម៉ា​ បាន​សម្តែង​កង្វល់​អំពី​គុណភាព​នៃ​ការ​រាយការណ៍​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​អំពី​ពួក​បេក្ខជន​ប្រធានា​ធិបតី។ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​គូស​បញ្ជាក់​អំពី​«ការ​សម្តែង​ជា​សាធារណៈ​យ៉ាង​ធំធេង​និង​ការ​សម្តែង​សៀក»​មិន​មែន​ជា​អ្វី​ដែល​ស.រ.អា​.ចង់​បាន​នោះ​ទេ។​

នៅ​ពេល​ជា​មួយ​គ្នានេះ​ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​គិតគូរ​សុំ​ឱ្យ​លោក​ Bernie Sanders ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ផ្អាក​ការឃោសនា​បោះ​ឆ្នោត​របស់​លោក​ទេ។ ​ក៏​ប៉ន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ សេចក្តី​សង្ឃឹម​របស់​លោក ​Sanders​ មាន​ស្តួច​ស្តើង។​ លោក​ស្រី​ គ្លីនតុន (Hillary Clinton) ដែល​ជា​គូ​ប្រជែង​របស់​លោក ​Sanders​ នាំ​មុខ​លោក​ដោយ​មាន​ប្រតិភូ​ជាង​៣០០នាក់​បាន​សន្យា​ថា​នឹង​គាំទ្រ​លោក​ស្រី។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ទោះ​ណា​ជា​អ្នកណា​ទទួល​ជ័យ​ជម្នះ​ ទទួល​ការ​តែ​ងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ​ក៏​បញ្ហា​ចម្បងៗ​នៅ​តែ​ដដែល។ លោក​ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា​«ដំណឹង​ល្អ​គឺ​ថា​ មាន​ការ​មូល​មតិ​គ្នា​ខ្លាំង​គួរ​សម​នៅ​ខាង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​អំពី​បញ្ហា​ជា​ច្រើន»។

លោក​ប្រធានាធិបតី​មាន​ជំនឿ​ថា​ វិធី​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ឱ្យ​ក្រុម​ប្រជាធិបតេយ្យ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រឆាំង​នឹង​លោក ​Trump

គឺ​ដោយ​គូស​បញ្ជាក់​អំពី​សំណើ​សំខាន់ៗ​មួយ​ចំនួន​របស់​លោក​ដែល​បាន​ត្រូវ​រាំង​ខ្ទប់​ដោយ​ពួក​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ស.រ.អា.។ អាទិភាព​ស្នូល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដូច​ជា​ការ​ថែរក្សា​សុខភាព​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ថ្មី​នៅ​ក្នុង​ស.រ.អា.​«នៅ​តែ​ជា​វិធីល្អ​បំផុត​ដែលអាច​ជួយ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​ដោយ​ពិត​ប្រាកដ»។

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «ខ្ញុំ​ចង់ឱ្យ​ពួក​ប្រជាធិបតេយ្យ​មាន​ការ​ទុក​ចិត្ត​អំពី​គោល​នយោបាយ​ដែល​យើង​ដាក់​ទៅ​មុខ​ ហើយ​ភាព​ផ្ទុយគ្នា​មាន​ភាព​ច្បាស់​លាស់​គួរ​សម»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG