លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទបានទទួលស្វាគមន៍ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅសេតវិមានសម្រាប់ដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃចាប់ពីថ្ងៃចន្ទមក។ ប្រធានាធិបតីប្រទេសទាំងពីរគ្រោងជួបប្រជុំជាមួយគ្នាជាផ្លូវការ និងចូលរួមក្នុងពិធីសង្គមផងដែរ។
ភ្លាមៗបន្ទាប់ពីការមកដល់របស់លោក មេដឹកនាំបារាំងនិងភរិយារបស់លោកគឺ លោកស្រី Brigitte Macron និងលោក Trump និងលោកស្រី Melania Trump បានដាំដើមឈើ Sessile Oak អឺរ៉ុបដែលជាអំណោយរបស់លោក Macron នៅ បរិវេណខាងត្បូងនៃសេតវិមាន។
ដើមឈើនេះមានកម្ពស់១ម៉ែត្រកន្លះ និងមានអាយុចន្លោះពី៥ទៅ១០ឆ្នាំ។ ដើមឈើនេះត្រូវគេយកពីព្រៃ Belleau Wood ដែលកន្លែងដែលទាហានម៉ារីនអាមេរិកជាង៩០០០នាក់បានស្លាប់ក្នុងសមរភូមិសង្គ្រាមលោកលើកទីមួយកាលពីឆ្នាំ១៩១៨ នៅក្នុងទឹកដីបារំាងក្នុងនាមជាកងកម្លាំងសម្ព័ន្ធមិត្តប្រយុទ្ធជាមួយកងទ័ពអាល្លឺម៉ង់។
បន្ទាប់មកទៀតមេដឹកនាំទាំងពីរនិងភិរយាធ្វើដំណើរតាមឧទ្ធម្ភាគចក្រទស្សនាវិមាន
ប្រវត្តិសាស្រ្តក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុននឹងឆ្ពោះទៅផ្ទះបែបសម័យអង់គ្លេសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយលោក George Washington នៅ Mt. Vernon ដើម្បីទស្សនាទន្លេ Potomac នៅជាប់រដ្ឋ Virginia មុននឹងទទួលទានអាហារពេលល្ងាច។ នៅថ្ងៃអង្គារនេះ លោក Trump និងភរិយារបស់លោកនឹងរៀបចំពិធីដែលមានក្បួនយោធាជាផ្លូវការនៅក្នុងសេតវិមាន ដើម្បីស្វាគមនិ៍លោក Macrons ដែលមានកងទ័ពសហរដ្ឋអាមេរិកជិត៥០០នាក់មកពីផ្នែកទាំង៥នៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក៕