អ្នកសម្របសម្រួលសម្រាប់ការជជែកដេញដោលរវាងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ខាងមុខ បានផ្សព្វផ្សាយប្រធានបទចំនួន ៦ សម្រាប់ការជជែកដេញដាលលើកទីមួយនេះ។
លោក Trump និងលោក Biden នឹងជជែកដេញដោលអំពីប្រវត្តិការងារសាធារណៈរបស់ខ្លួន តំណែងចៅក្រមតុលាការកំពូលដែលនៅទំនេរបច្ចុប្បន្ន ជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ច បញ្ហាជាតិសាសន៍ និងអំពើហិង្សានៅតាមទីក្រុងនានា ក្នុងសហរដ្ឋអាមេរិក និងសុចរិតភាពនៃការបោះឆ្នោត។
ប្រធានបទទាំងនេះត្រូវបានជ្រើសរើសដោយលោក Chris Wallace អ្នកសារព័ត៌មានប្រចាំទូរទស្សន៍ Fox News ដែលជាអ្នកសម្របសម្រួលការជជែកដេញដោលនេះ។
ចាប់ពីម៉ោង ៩ យប់ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខ លោក Trump និងលោក Biden មានរយៈពេល ១៥ នាទីម្នាក់ ដើម្បីជជែកដេញដោលលើប្រធានបទនីមួយៗ ក្នុងអំឡុងពេលសរុប ៩០ នាទី ដែលនឹងធ្វើឡើងដោយមិនមានការផ្សាយពាណិជ្ជកម្មរំខាន។
ប្រធានបទទាំងនេះអាចនឹងប្រែប្រួលអាស្រ័យលើការវិវត្តរបស់ព័ត៌មាន។
ការជជែកដេញដោលលើកទីមួយនេះ គ្រោងធ្វើឡើងនៅសាកលវិទ្យាល័យ Case Western Reserve University និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cleveland Clinic ក្នុងទីក្រុង Cleveland រដ្ឋOhio៕