ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយចំអកដល់ហ្វូងមនុស្សរាប់សែននាក់ ដែលបានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋបាលថ្មីរបស់លោកនៅតាមទីក្រុងនានានៅទូទាំងប្រទេស។
លោក ត្រាំ បាននិយាយនៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter ពីសេតវិមានថា៖ «បានមើលការតវ៉ាកាលពីម្សិលមិញ ប៉ុន្តែក្រោមចំណាប់អារម្មណ៍ថា យើងទើបតែបោះឆ្នោតរួច! ហេតុអ្វីបានជាអ្នកទាំងនេះមិនព្រមទៅបោះឆ្នោត? តារាល្បីនឹងរងផលប៉ះពាល់ខ្លាំង»។
និមិត្តរូបតំណាងឲ្យស្ត្រី លោកស្រី Gloria Steinem តារាចម្រៀងប៉ុប នាង Madonna តារាសម្តែងលោកស្រី Scarlett Johansson និងមនុស្សល្បីល្បាញដទៃទៀតបានដឹកនាំការដើរដង្ហែក្បួនដែលហៅថា Women's March កាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជាការប្រឆាំងទៅនឹងការស្បថចូលកាន់តំណែងរបស់លោកត្រាំ ជាប្រធានាធិបតីទី៤៥របស់អាមេរិកកាលពីថ្ងៃសុក្រ។
ពីរម៉ោងក្រោយមក លោក ត្រាំ បាននិយាយនៅក្នុងសារមួយទៀតលើបណ្តាញសង្គម Twitter ថា៖ «ការតវ៉ាដោយសន្តិវិធីគឺជានិមិត្តសញ្ញានៃលទ្ធិប្រជាធិបតេយ្យរបស់យើង។ បើទោះបីជាខ្ញុំមិនឯកភាពគ្រប់ពេលក៏ដោយ ក៏ខ្ញុំទទួលស្គាល់នូវសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញទស្សនៈរបស់ពួកគេដែរ»។
លោក ត្រាំ ក៏បាននិយាយអួតអំពីចំនួនមនុស្សដែលបានមើលពិធីស្បថចូលកាន់តំណែងរបស់លោកតាមកញ្ចក់ទូរទស្សន៍ផងដែរ ដោយនិយាយថា «អត្រាអ្នកមើលតាមទូរទស្សន៍មានចំនួន៣១លាននាក់ ដែលបានមើលពិធីស្បថចូលកាន់តំណែង ហើយមនុស្ស១១លាននាក់ច្រើនជាងអត្រាដែលបានមើលកាលពី៤ឆ្នាំមុន»៕