លោកប្រធានាធិបតី ដូណាល់ ត្រាំដែលបានរិះគន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកយ៉ាងខ្លាំង បានប្រាប់ពួកបុគ្គលិកនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) កាលពីថ្ងៃសៅរ៍ថា «ខ្ញុំស្ថិតនៅពីក្រោយអ្នក»។ លោកប្រធានាធិបតីត្រាំ បានធ្វើកំណត់សម្គាល់នេះនៅទីស្នាក់ការធំរបស់ទីភ្នាក់ងារនោះនៅក្នុងទីក្រុង Langley រដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃទីមួយរបស់លោកក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក។
មេដឹកនាំដែលទើបស្បថចូលកាន់តំណែងបានធ្វើឲ្យមានការសើចដោយនិយាយថា «ខ្ញុំដឹងថា ពេលខ្លះប្រហែលលោក អ្នក មិនបានទទួលការគាំទ្រដែលលោកអ្នកចង់បាន ហើយលោក អ្នក នឹងទទួលបានការគាំទ្រច្រើនពេក។ ប្រហែលលោក អ្នក នឹងនិយាយថា សូមកុំផ្តល់ការគាំទ្រខ្ញុំខ្លាំងពេក»។
ពួកមន្រ្តីទីភ្នាក់ងារ CIA និយាយថា បុគ្គលិកប្រហែល៤រយនាក់មានវត្តមាននៅពេលដែលលោកប្រធានាធិបតីនិយាយ។
លោកប្រធានាធិបតីបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាមនឹងក្លាយជាអាទិភាពកំពូលហើយថារដ្ឋបាលរបស់លោកនឹងបង្កើនរបៀបដោះស្រាយរបស់អាមេរិក។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «យើងបានប្រយុទ្ធសង្គ្រាមទាំងនោះ យូរជាងសង្គ្រាមណាៗដែលយើងបានប្រយុទ្ធ។ យើងមិនបានប្រើសមត្ថភាពពិតប្រាកដដែលយើងមានទេ។ យើងត្រូវតែកំចាត់ក្រុមរដ្ឋឥស្លាម យើងត្រូវតែកំចាត់ក្រុម រដ្ឋឥស្លាម»។
ពួកអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ទំនងជាចង់ផ្សះផ្សា ហើយនិងជួបជាមួយពួកមន្រ្តីសន្តិសុខកំពូល៕