កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើដំណើរទៅដល់ទីក្រុង New York ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិចូលមកដល់។
លោក Trump បានសរសេរនៅលើ Twitter មុនពេលឧទ្ធម្ភាគចក្ររបស់លោកចុះចតក្នុងទីក្រុង New York យ៉ាងដូច្នេះថា៖ «ខ្ញុំទៅទីក្រុង New York ដើម្បីជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe អំពីបញ្ហាយោធា និងពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានធ្វើច្រើនណាស់ដើម្បីជួយប្រទេសជប៉ុន។ ខ្ញុំចង់ឃើញទំនាក់ទំនងទៅវិញទៅមកនេះបន្ថែមទៀត។ ទំនាក់ទំនងនេះនឹងដំណើរការល្អ!»។
បន្ទាប់ពីបានពិសាអាហារពេលល្ងាចជាមួយនឹងលោក Trump លោក Abe បានប្រាប់អ្នកសារព័ត៌មានថា លោកទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង និងការណ៍ដែលកូរ៉េខាងជើងចាប់ពង្រត់ជនជាតិជប៉ុន ក៏ដូចជាបញ្ហាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងជប៉ុន និងបញ្ហាពាណិជ្ជកម្មអន្តរជាតិផងដែរ «នៅក្នុងបរិយាកាសដ៏កក់ក្ដៅដូចធម្មតា»។
លោក Abe បានបន្តទៀតថា៖ «ទាក់ទិននឹងបញ្ហាកូរ៉េខាងជើង យើងបានឯកភាពគ្នាជំរុញបន្ថែមទៀតនូវកម្លាំងវិវឌ្ឍទៅមុខដែលបានបង្កើតឡើងនៅឯកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅនេះ និងសហការឲ្យបានជិតស្និទ្ធ និងរឹងមាំលើការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
បញ្ហាកូរ៉េខាងជើង និងបញ្ហាអ៊ីរ៉ង់ទំនងជាបញ្ហាគ្រប់ដណ្ដប់ខ្លាំងនៅឯកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ។
នៅថ្ងៃពុធខាងមុខនេះ លោក Trump នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូងបង្អស់ដើម្បីពិភាក្សាអំពីការទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក ដែលនឹងផ្ដោតខ្លាំងលើប្រទេសអ៊ីរ៉ង់៕