លោកឧត្តមសេនីយ៍ចូលនិវត្តន៍ John Kelly នៃកងទាហាន Marine ស.រ.អា.ដែលជាជម្រើសរបស់ប្រធានាធិបតីស.រ.អា. Donald Trump ឱ្យកាន់តំណែងជានាយខុទ្ទកាល័យសេតវិមាន ជាមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការយោធាដែលបានបម្រើការយូរបំផុតនៅមុនពេល Trump តែងតាំងលោកឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។
លោក Kelly អាយុ៦៧ឆ្នាំត្រូវគេស្គាល់ថាចូលចិត្តនិយាយចំៗនិងប្រជាប្រិយភាពជាមួយក្រុមបុគ្គលិកយោធាផងដែរ។
លោក Trump បានពណ៌នាលោក Kelly នៅក្នុងទំព័រ Twitter កាលពីថ្ងៃសុក្រថាលោកជា «ជនជាតិអាមេរិកដ៏ឆ្នើម និងជាមេដឹកនាំឆ្នើមម្នាក់ផងដែរ»។
ប្រធានាធិបតីអាមេរិកាំងរូបនេះបានពណ៌នាការងារដែលលោក Kelly បានធ្វើក្នុងឋានៈលោកជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា «អស្ចារ្យ» ហើយគាត់បាននិយាយថា «លោក Kelly ជាតារាពិតប្រាកដមួយក្នុងរដ្ឋបាលខ្ញុំ»។
លោក Kelly បានធ្វើការដើម្បីបំពេញតាមការសន្យារបស់ Trump នៅពេលឃោសនាបោះឆ្នោត ដោយមានរួមបញ្ចូលផែនការកសាងកំផែងមួយនៅតាមព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិក ការបញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឡប់ទៅប្រទេសពួកគេវិញនិងបន្តឹងកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យទិដ្ឋាការដើម្បីបង្អាក់ជនដែលមានសក្តានុពលជាភេរវជនកុំឱ្យធ្វើការវាយប្រហារបាន។ លោក Kelly បានពណ៌នាអាទិភាពកំពូលរបស់លោកក្នុងឋានៈជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិគឺការបិទព្រំដែន «មិនឱ្យមានចលនាខុសច្បាប់របស់មនុស្សនិងវត្ថុ»៕