លោកប្រធានាធិបតី Donald Trump បានប្រើសុន្ទរកថាអំពីស្ថានភាពសហព័ន្ធកាលពីយប់ថ្ងៃអង្គារដើម្បីធ្វើការជំរុញចុងក្រោយឱ្យមានការកសាងជញ្ជាំងមួយតាមបណ្តោយព្រំដែនខាងត្បូងស.រ.អា នៅពេលតែប៉ុន្មានថ្ងៃមុនអ្វីដែលលោកបានព្រមានថាអាចជាការបិទរដ្ឋាភិបាលមួយលើកទៀត។
លោក Trump បានសន្យាថា «ខ្ញុំនឹងកសាងជញ្ជាំងនេះ» ដោយលោកសន្យាថាជា «របាំងដែកថែបមានភាពឈ្លាសវៃ ប្រកបដោយភាពយុទ្ធសាស្ត្រនិង អាចមើលធ្លុះថែមទៀតផង»។ ក៏ប៉ុន្តែលោកមិនបានប្រកាសភាពមានអាសន្នក្នុងប្រទេសជាតិ ដើម្បីឱ្យបានការផ្តល់ប្រាក់កាសសម្រាប់ស្ថាបនាជញ្ជាំងនេះទេ។
លោក Trump ដែលបានធ្វើជញ្ជាំងព្រំដែនជាការសន្យាសំខាន់បំផុតរបស់លោកក្នុងពេលលោកធ្វើការឃោសនាបោះឆ្នោត បានចំណាយពេលក្នុងសុន្ទរកថាលោកនិយាយអំពីគ្រោះថ្នាក់នៅឯព្រំដែនជាមួយប្រទេសម៉ិចស៊ិក។
លោក Trump បាននិយាយថា «នៅពេលដែលយើងនិយាយនេះ ក្បួនពួកជនទូរចរដ៏ធំនិងមានការចាត់ចែងកំពុងដើរមកកាន់ស.រ.អា» ដោយលោកថ្លែងយោងដល់ក្រុមបុរស ស្ត្រី និងកុមារចំណាកស្រុកទាំងនេះថាជា «ការឈ្លានពានខ្លាំងក្លា» មួយ។
លោក Trump បានថ្លែងសុន្ទរកថាអំពីស្ថានភាពសហព័ន្ធលើកទីពីររបស់លោក ដោយជាលើកដំបូងហើយមានលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ California អង្គុយពីក្រោយខ្ពស់ជាងលោក Trump នៅពេលលោកថ្លែងសុន្ទរកថានេះនៅក្នុងសាលប្រជុំធំនៃសភាតំណាងរាស្ត្រអាមេរិកាំងក្នុងវិមាន Capitol ស.រ.អា។
ពួកប្រជាធិបតេយ្យបានត្រួតត្រាសភាតំណាងរាស្ត្រអាមេរិកាំងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណ័ត ហើយជាមួយពួកសាធារណរដ្ឋដឹកនាំព្រឹទ្ធសភាស.រ.អ. លោក Trump ប្រឈមនឹងរដ្ឋាភិបាលមួយដែលមានការបែងចែកដែលនាំប្រធានាធិបតីអាមេរិកាំងរូបនេះមានការពិបាកជាងមុនក្នុងការដាក់ស្នើគោលនយោបាយរបស់លោក។
នៅក្នុងការទទួលស្គាល់អំពីការពិតខាងនយោបាយថ្មីនេះ លោក Trump បានផ្តោតការយកចិត្តទុកដាក់ច្រើននៅក្នុងសុន្ទរកថាលោកទៅលើការអំពាវនាវឱ្យមានឯកភាពនិងការសម្របសម្រួលរវាងគណបក្សទាំងពីរផងដែរ៕