ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ Pennsylvania រីឯ​លោក Biden មិន​បាន​ធ្វើ​យុទ្ធនាការ​ណា​មួយ​ទេ​កាលពី​ថ្ងៃអង្គារ


លោក​ប្រធានាធិបតី Donald Trump លើ​កណ្តាប់ដៃ​របស់​លោក បន្ទាប់ពី​ការជួបជុំ​នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​មួយ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិ​ Erie កាលពី​ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ Pennsylvania។
លោក​ប្រធានាធិបតី Donald Trump លើ​កណ្តាប់ដៃ​របស់​លោក បន្ទាប់ពី​ការជួបជុំ​នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​មួយ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិ​ Erie កាលពី​ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅ​រដ្ឋ Pennsylvania។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុង​ទាមទារ​ឲ្យ​រដ្ឋ Pennsylvania បើក​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ នៅ​ចំ​ពេល​ដែល​រដ្ឋ​នេះ ​កំពុង​មាន​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩។

«តើ​អ្វី​កំពុង​កើតឡើង​នៅ​ក្នុង​រដ្ឋ Pennsylvania?» នេះ​ជា​សំណួរ​ដែល​លោក Trump បាន​សួរ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ក្នុង​យុទ្ធនាការ​ជួបជុំ​អ្នក​គាំទ្រ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Erie នៅ​ភាគ​ខាង​លិច​នៃ​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

ដោយ​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ដាក់​កំហិត​ដោយ​អភិបាល​រដ្ឋ Pennsylvania លោក Tom Wolfe ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា៖ «រដ្ឋ Pennsylvania ស្ថិត​ក្រោម​បម្រាម​រឹតត្បិត​សកម្មភាព​សង្គម​យូរ​គ្រប់គ្រាន់​ហើយ។ ចូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​អភិបាល​រដ្ឋ​របស់​អ្នក​បើក​រដ្ឋ Pennsylvania ឡើងវិញ»។

លោក Wolf បាន​ចេញ​សេចក្ដី​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៅកាន់​ពលរដ្ឋ​ក្នុង​រដ្ឋ Pennsylvania ឲ្យ​សហការ​គ្នា​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

គ្រប់​ផ្នែក​នៃ​រដ្ឋ​នេះ ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហគមន៍ ដែល​មួយ​ផ្នែក​បណ្ដាល​មក​ពី «ការ​ជួបជុំ​មិត្តភក្តិ និង​គ្រួសារ​ទ្រង់ទ្រាយ​តូច»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Rachel Levine ដែល​ជា​មន្ត្រី​សុខាភិបាល​កំពូល​ប្រចាំ​រដ្ឋ Pennsylvania។

សម្រាប់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden វិញ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​មិន​បាន​ធ្វើ​យុទ្ធនាការ​សាធារណៈ​ណា​មួយ​ទេ ដោយ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ដែល​គេ​បាន​និយាយ​ថា លោក​កំពុង​ត្រៀម​សម្រាប់​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​ជាមួយ​នឹង​លោក Trump នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក នៅ​ទីក្រុង Nashville រដ្ឋ Tennessee៕

XS
SM
MD
LG