ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត New York Times ថា លោក Trump ខាត​បង់​ថវិកា​ជាង​មួយ​ពាន់​លាន​ដុល្លារ​នៅ​ទសវត្សរ៍ ១៩៨០ និង ១៩៩០


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែង​អំឡុងពេល​ពិធី​បុណ្យ​ Day of Prayer នៅសេតវិមាន កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែង​អំឡុងពេល​ពិធី​បុណ្យ​ Day of Prayer នៅសេតវិមាន កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ 

ថវិកា​ដែល​ខាត​បង់​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​នោះ គឺ​បាន​មក​ពី​អាជីវកម្ម​ចម្បង​របស់​លោក ដែល​ក្នុង​នោះ​មាន​ដូចជា​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ និង​កន្លែង​អាជីវកម្ម​លក់​រាយ​នៅ​ក្នុង​អាគារ​ស្នាក់​នៅ។

នៅ​ចន្លោះ​ឆ្នាំ ១៩៨៥ និង​ឆ្នាំ ១៩៩៤ អាជីវកម្ម​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក Donald Trump បាន​ខាត​បង់​ថវិកា​ជាង ១ ពាន់​លាន​ដុល្លារ ដោយ​ធ្វើ​ឲ្យ​លោក​អាច​មិន​បង់​ពន្ធ​សហព័ន្ធ​អស់​រយៈពេល ៨ ឆ្នាំ ក្នុង​ចន្លោះ​ពេល ១០ ឆ្នាំ​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The New York Times កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Trump បាន​បង្ហាញ​ខ្លួន​លោក​ថា​ជា ​សហគ្រិន​ដ៏​ជោគជ័យ និង​ជា​អ្នក​ចរចា​ដ៏​ស្ទាត់​ជំនាញ។

ប៉ុន្តែ​លោក​បាន​ខាត​បង់​ថវិកា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាង​ពលរដ្ឋ​អាមេរិកាំង​ដែល​បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ទាំង​អស់។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត The New York Times។ កាសែត​នេះ​រាយការណ៍​អំពី​រឿង​នេះ​ដោយ​ប្រើ​ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​ដោយ​អ្នក​ដែល​មាន​សិទ្ធិ​មើល​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក Trump។

ថវិកា​ដែល​ខាត​បង់​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​នោះ គឺ​បាន​មក​ពី​អាជីវកម្ម​ចម្បង​របស់​លោក ដែល​ក្នុង​នោះ​មាន​ដូចជា​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ និង​កន្លែង​អាជីវកម្ម​លក់​រាយ​នៅ​ក្នុង​អាគារ​ស្នាក់​នៅ។

ការ​ខាត​បង់​ទាំង​នោះ​ក៏​មាន​បញ្ចូល​ផង​ដែរ​នូវ​ការ​វិនិយោគ​មិន​បាន​ជោគជ័យ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​លើ​ក្រុម​បាល់​ឱប​អាមេរិកាំង និង​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​មិន​ទាន់​បញ្ចប់​រួចរាល់​ជា​ដើម។

បើ​យោង​តាម​កាសែត The New York Times លោក Trump នៅ​តែ​អាច​រស់នៅ​ក្នុង​ជីវិត​ដ៏​ប្រសើរ​អស្ចារ្យ​នៅ​ពេល​នោះ ដោយសារតែ​ថវិកា​ភាគ​ច្រើន​របស់​លោក​គឺ​បាន​មក​ពី​ធនាគារ និង​វិនិយោគិន​ដែល​វិនិយោគ​នៅ​ក្នុង​អាណាចក្រ​អាជីវកម្ម​របស់​លោក ក៏​ដូចជា​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​របស់​លោក។

ប៉ុន្តែ​វា​បាន​បង្ហាញ​ថា លោក Trump មិន​បាន​រំលោភ​ច្បាប់​សហព័ន្ធ​ណា​មួយ​ទេ ដោយសារតែ​ច្បាប់​ពន្ធដារ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កាត់កង​ថវិកា​ដែល​ខាត​បង់​ច្រើន​ក្នុង​អាជីវកម្ម​ពី​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ពួកគេ៕

XS
SM
MD
LG